en     km
en     km

ស្ដ្រីត្រូវបានរាជរដ្ឋាភិបាលស្នើឱ្យបំពេញមុខតំណែងជាមន្ដ្រីខណៈចំនួនស្រ្តីនៅមានតិចតួចនៅឡើយ

Share

ភ្នំពេញ៖ស្ដ្រីត្រូវបានរាជរដ្ឋាភិបាលស្នើឱ្យដាក់ជាបេក្ខភាព តំណែងជាមន្ដ្រី ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយរាជរដ្ឋាភិបាលថា ស្ដ្រីនៅមានចំនួនតិចតួចនៅឡើយ ស្របពេលដែលអ្នកធ្វើការផ្អែកលើយែនឌ័រក៏សម្លឹងឃើញវិស័យមួយចំនួនធំក្នុងជួររដ្ឋាភិបាលមានតិចតួច ឬសឹងតែគ្មានតែម្ដង។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

មុខតំណែងនានាជាមន្ដ្រីនៅតាមស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាស្ដ្រីនៅមានតិចតួចណាស់។ នេះបើតាមការលើកឡើងរបស់រាជរដ្ឋាភិបាលសម្ដេច ហ៊ុន សែន។ សម្ដេចថា មុខតំណែងមន្ដ្រីជាស្ដ្រីដែលស្នើឱ្យបំពេញមុខងារមានចំនួនតិចបែបនេះ គឺជាបញ្ហាយែនឌ័រ។

សម្ដេចថា ពេលកន្លងមកទាំងរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ គឺផ្ដល់សិទ្ធិអំណាចដល់មូលដ្ឋានជាអ្នកជ្រើសរើសបេក្ខភាពកាន់មុខដំណែង តែសំណើរស្នើពីមូលដ្ឋានមិនបានឆ្លុះបញ្ជាំងពីបញ្ហាយែនឌ័រនោះទេ។ សម្ដេចបន្ថែមថា មន្ដ្រីមូលដ្ឋានជាស្ដ្រីមិនខ្វះនោះទេ មានដូចជាគ្រូបង្រៀន សាស្ដ្រាចារ្យ គឺអាចប្ដូរក្របខណ្ឌទៅជាអភិបាលរងខេត្ត ឬអភិបាលរងស្រុកបាន។


យ៉ាងណាចំណោះថ្នាក់ជាតិ រាជរដ្ឋាភិបាលក៏បានលើកឡើងដែរ មន្ដ្រីដែលបានស្នើទៅមិនសូវមានស្ដ្រីដូចគ្នា។ សម្ដេច ហ៊ុន សែន ចាត់ទុកថា នេះគ្រាន់តែជាការនិយាយ តែគ្មានការអនុវត្តលើបញ្ហាយែនឌ័រ។


អ្នកនាង អេង ចាន់ឌី នាយិកាអង្គការយែនឌ័រ ដើម្បីអភិវឌ្ឍន៍នៅកម្ពុជា(GAD/C) ធ្លាប់បានប្រាប់វិទ្យុស្ដ្រីថា ការបញ្ជ្រាបយែនឌ័រនៅក្នុងជួររដ្ឋាភិបាលមានភាពល្អប្រសើរតាមវិស័យមួយចំនួន បើធៀបនិងរយៈពេលប៉ុន្មានឆ្នាំមុន។ តែសម្រាប់វិស័យមួយចំនួនដូចជា វិស័យដឹកនាំ វិស័យនយោបាយ នាយិកាអង្គការGAD/C មើលឃើញថា ស្ដ្រីនៅមានការចូលរួមតិចនៅឡើយ ហើយវិស័យមួយចំនួនទៀតសឹងតែមិនមានផង។បើតាមការស្ទង់មតិពីអង្គការខុនហ្វ្រេលកាលពីខែមិថុនា ឆ្នាំ២០២០ បានលើកឡើងថា បញ្ហានៃវិសមភាពយែនឌ័រដោយសារកត្តាជាច្រើនក្នុងនោះមាន កង្វះខាតគោលនយោបាយជាលាយលក្ខណ៍អក្សរជាក់លាក់ និងកង្វះការអនុវត្តយ៉ាងតឹងរឹង និងមានប្រសិទ្ធភាពនៃច្បាប់ដែលមានស្រាប់ និងយន្តការដើម្បីគាំទ្រ និងផ្តល់ឱកាសស្មើគ្នាសម្រាប់ស្ត្រីក្នុងកិច្ចការសាធារណៈ និងនយោបាយ។ មានកត្តាការបន្តការរើសអើងលើស្ត្រីក្នុងតួនាទីដឹកនាំ និងកិច្ចការនយោបាយ។ ការខកខានក្នុងការបំពេញកាតព្វកិច្ចជាតិដោយអនុលោមតាមអនុសញ្ញាអន្តរជាតិស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW) ដែលកម្ពុជាបានផ្តល់សច្ចាប័នចាប់តាំងពីឆ្នាំ ១៩៩២ និងមេដឹកនាំបុរសចង់រក្សាអំណាចនយោបាយ និងមិនចង់ចុះចេញពីតំណែងជាដើម។

ទោះបីបែបនេះក្ដី បើផ្អែកតាមឯកសារទស្សនាទានរបស់ក្រសួងកិច្ចការនារី អបអរខួបលើកទី១១២ នៃទិវាអន្ដរជាតិនារី៨មីនា បានរំលេចថា ការយកចិត្តទុកដាក់ និងការពង្រឹងសមភាពយែនឌ័រ នៅតែបន្ដជាកិច្ចការអាទិភាព ដើម្បីធានាថាស្ដ្រី និងក្មេងស្រីគ្រប់រូបទទួលបានសមភាពនៅក្នុងគ្រប់ទិដ្ឋភាព។ ក្នុងនោះមានវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តនូវសិទ្ធិ ការចូលរួមដោយស្មើភាពគ្នាដូចគ្នា។
ទន្ទឹមនិងការលើកទឹកចិត្តឱ្យដាក់ស្ដ្រីចូលជាបេក្ខភាព ដែលត្រូវបានស្នើសុំក្លាយជាមន្ដ្រីទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ រាជរដ្ឋាភិបាលអះអាងថា នេះមិនមែនជាការឃោសនារកសំឡេងឆ្នោតនោះទេ តែត្រូវធ្វើឱ្យក្លាយជារឿងជាក់ស្ដែង។
សូមបញ្ជាក់ថា ការស្នើឱ្យលើកកម្ពស់ស្ដ្រីស្ដ្រីចូលបំពេញមុខងារ ខណៈមានចំនួនតិចតួចបែបនេះនៅពេលសម្ដេចចូលរួមបូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ៕

Share

ព័ត៌មានទាក់ទង

Image