en     km
en     km

ឪពុកក្មេងស្រីដែលស្លាប់ដោយផ្តាសាយបក្សីរកឃើញវិជ្ជមានវីរុសផ្តាសាយបក្សីH5N1

Share

ភ្នំពេញ៖ ឪពុកក្មេងស្រីដែលបានស្លាប់ដោយសារផ្តាសាយបក្សី នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ឥឡូវពិនិត្យឃើញមានវិជ្ជមានវីរុសផ្តាសាយបក្សី H5N1ដូចគ្នា បន្ទាប់ពីក្រុមការងារអង្កេតស្រាវជ្រាវបន្ទាន់របស់ក្រសួងសុខាភិបាល យកវត្ថុសំណាកទៅពិនិត្យ។ នេះជាករណីទី២ ហើយ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ បន្ទាប់ពីមិនបានរកឃើញវីរុសនេះកើតមានលើខ្លួនមនុស្សអស់រយៈពេល ៩ ឆ្នាំកន្លងមកហើយនៅកម្ពុជា។ លោក គីម ចាន់ចាវ រាយការណ៍

 

 

ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៤ កុម្ភៈនេះ បញ្ជាក់ថា ក្រោយករណីស្លាប់ក្មេងស្រីម្នាក់អាយុ ១១ឆ្នាំ ៦ខែ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលរស់នៅភូមិរលីង ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បច្ចុប្បន្នក្រុមការងារអង្កេតស្រាវជ្រាវបន្ទាន់របស់ក្រសួងសុខាភិបាល បានប្រមូលយកវត្ថុសំណាកអ្នកប៉ះពាល់ជាមួយកុមារី ដែលបានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី H5N1 ចំនួន១២នាក់ ដើម្បីវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ។  លទ្ធផលបញ្ជាក់ពីវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ថាមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ(H5N1) ១សំណាក ក្នុងចំណោមវត្ថុសំណាកទាំង១២ដែលកើតមានលើបុរសអាយុ ៤៩ ឆ្នាំ ត្រូវជាឪពុករបស់ក្មេងស្រីដែលបានស្លាប់នោះ ។

 

ទោះយ៉ាងណា ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ថានភាពសុខភាពរបស់បុរសជាឪពុកក្មេងស្រីនេះ មិនទាន់មានចេញនូវរោគសញ្ញាអ្វីគួរឱ្យកត់សំគាល់នៅឡើយ។ នេះជាករណីទី២ហើយ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ បន្ទាប់ពីវីរុស H5N1មិនត្រូវបានរកឃើញកើតលើខ្លួនមនុស្សអស់រយៈពេល ០៩ឆ្នាំកន្លងមកនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ករណីចុងក្រោយនេះ គឺជាករណីទី៥៨ ដែលបានរកឃើញនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្នុងនោះ មាន៤៥ករណីកើតលើកុមារអាយុក្រោម ១៤ឆ្នាំ និង ៣១ករណីក្នុងចំណោមករណីទាំង ៥៨ ជានារី។ ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូងនៅកម្ពុជាក្នុងឆ្នាំ ២០០៥ មកនៅក្នុងចំណោមអ្នកដែលមានឆ្លងវីរុសផ្តាសាយបក្សី H5N1 ចំនួន៥៨ករណី មានតែ១៩ករណ៏ទេដែលមានជីវិត ។

 

លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ពន្យល់ថា ការឆ្លងជម្ងឺផ្ដាសសាយបក្សីនេះ គឺភាគច្រើនតាមរយៈពីសត្វបក្សីមកមនុស្ស ដោយសារមនុស្សបានប៉ះពាល់សត្វបក្សីទាំងនោះ។ ចំណែកការឆ្លងពីមនុស្សទៅមនុស្ស គឺតាមរយៈការក្អក ឬកណ្ដាស់ ដោយមិនបានពាក់ម៉ាស់ការពារ។

 «គឺឆ្លងដោយសារយើងប៉ះពាល់ ដោយយកមាន់ទា ដោយយកមាន់ទា ឈឺ-ងាប់យកមកលេង ឬយកសត្វព្រៃយកមកលេងហ្នឹង ដោយប៉ះពាល់ផ្ទាល់ហ្នឹង អាចឆ្លងមកមនុស្សយើង។ ចំពោះមនុស្សទៅមនុស្សក៏អាចឆ្លងដែរ ប៉ុន្តែទាល់តែរស់នៅជាមួយគ្នាជិតដិត ដូចជាញុំបាយជាមួយគ្នា គេងជាមួយគ្នា មានន័យថាជិតដិត មិនទាន់មានការងាយឆ្លងពីមនុស្សទៅមនុស្សនៅឡើយទេ។ បើឆ្លងគឺតាមរយៈ ទឹកសរីរាង្គ ទឹកមាត់ ឬមួយក៏ក្អក ក្អកហ្នឹងទៅវិញទៅមកផ្ទួនៗ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានឆ្លងបាន វាមិនទាន់មានការងាយឆ្លងពីមនុស្សទៅមនុស្សនៅឡើយទេ»។

 

ក្រុមឆ្លើយតបបន្ទាន់ខាងលើបាន នឹងកំពុងបន្តអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងឆ្លើយតបទៅតាមវិធីសាស្ត្រនីតិវិធីរបស់ជាតិ និងបានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ពេទ្យមនុស្ស និងបសុពេទ្យឬពេទ្យសត្វនឹងស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស។ បេសកកម្មនេះក៏បន្តស្វែងរកករណីសង្ស័យលើអ្នកប៉ះពាល់ផងដែរ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ទាំងក្នុងសហគមន៍ជាបន្តទៀត និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើជាបន្តបន្ទាប់។

 

នាយកដ្ឋានជំនាញក៏បានអំពាវនាវដល់សាធារណជនទាំងអស់ កុំប៉ះពាល់សត្វឈឺ ឬងាប់ទាំងអស់ ទាំងបក្សីស្រុក និងបក្សីព្រៃ។ ក្នុងករណីសង្ស័យមានផ្ទុកជំងឺនេះ សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬ រាយការណ៍ទៅលេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

Share

ព័ត៌មានទាក់ទង

Image