en     km
en     km

ស្ត្រីចំណាប់ខ្មាំងម្នាក់នៅប្រទេសប៉ាពួញូហ្គីណេត្រូវបានដោះលែង

Share

 

យោងតាម​​ Reuters ចំណាប់ខ្មាំងស្ត្រីម្នាក់ក្នុងចំណោមមនុស្ស 4 នាក់ត្រូវបានដោះលែង។ពួកគេត្រូវបានចាប់ខ្លួនដោយក្រុមប្រដាប់អាវុធនៅតំបន់ខ្ពង់រាប Papua New Guinea ដាច់ស្រយាលមួយ ហើយការចរចាកំពុងធ្វើបន្ត។

ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាមួយក្រុម រួមទាំងសាស្រ្តាចារ្យដែលធ្វើការឱ្យសាកលវិទ្យាល័យអូស្ត្រាលីមួយ និងនិស្សិតសាកលវិទ្យាល័យក្នុងស្រុករួមទាំងអ្នកសម្របសម្រួលកម្មវិធីម្នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងដោយក្រុមប្រដាប់អាវុធមួយ។ ក្រុមអ្នកចាប់ជំរិតបានទាមទារប្រាក់លោះកាលពីថ្ងៃអាទិត្យទី១៩ កុម្ភៈ ឆ្នាំ២០២៣។ក្រុមជនរងគ្រោះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​ដាច់ស្រយាល​ Fogoma’iu ក្នុង​តំបន់ Mount Bosavi ក្បែរ​ព្រំប្រទល់​នៃ​តំបន់​ខ្ពង់រាប​ភាគ​ខាងត្បូង និង​ខេត្ត Hela។លោកសាស្ត្រាចារ្យគឺជាអ្នករស់នៅអូស្ត្រាលី និងជាពលរដ្ឋនូវែលសេឡង់មិនត្រូវបានគេបង្ហាញអត្តសញ្ញាណជាសាធារណៈឡើយ។

ស្នងការប៉ូលីស Papua New Guinea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធទី២២ កុម្ភៈថា “ការដោះលែងស្ត្រីជនជាតិ Papua New Guinean ម្នាក់គឺជាលទ្ធផលវិជ្ជមាន ហើយការចរចានៅតែបន្តដើម្បីរំដោះស្ត្រី Papua New Guinean ពីរនាក់ផ្សេងទៀតនិងបុរសនូវែលហ្សេឡង់ម្នាក់”។

លោកស្នងការប៉ូលីសបាន​បន្ត​ថា អ្នក​ជាប់​ឃុំ​ទាំង​បី​មាន​សុខភាពធម្មតា ប៉ុន្តែ​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ស្ថានភាព​ដ៏លំបាក។ លោក​បាន​បន្ថែម​ថាការទាក់ទងគ្នា​មាន​ការ​លំបាកខ្លាំង។

ប៉ូលិសបាននិយាយកាលពីថ្ងៃចន្ទទី២០កុម្ភៈថាកងកម្លាំងសន្តិសុខពិសេសកំពុងធ្វើដំណើរតាមផ្លូវអាកាស​ ទៅកាន់តំបន់នោះ ហើយនឹងអាចប្រើប្រាស់កម្លាំងវ៉ាយប្រហារក្រុមឧក្រិដ្ឋជនប្រសិនបើចាំបាច់ដើម្បីរំដោះចំណាប់ខ្មាំង។ សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ប៉ូលីសបានសង្កត់ធ្ងន់ថាការចរចានឹងមានការប្រុងប្រយ័ត្នដើម្បីជៀសវាងភាពតានតឹងកើនឡើង។

កាសែត PNG Post Courier បានរាយការណ៍ថា ឧក្រិដ្ឋជនជាបុរសរាប់សិបនាក់ដែលបានចាប់ចំណាប់ខ្មាំងត្រូវបានប៉ូលីសកំណត់អត្តសញ្ញាណរួចហើយ។ទូរទស្សន៍ ABC បានរាយការណ៍ថា បុរសជនជាតិបរទេសម្នាក់ទៀតដែលនៅក្បែរនោះ ត្រូវបាននាំចេញទៅក្រៅដើម្បីសុវត្ថិភាពរបស់គាត់។

ប្រភព៖ Reuters ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣

Share

Image
Image
Image