en     km
en     km

រោងចក្រផលិតទឹកស្អាតបាក់ខែងមានសមត្ថភាពផលិតទឹកកើនឡើងជិតពីរដងត្រៀមដាក់ដំណើរការ

Share

ភ្នំពេញ៖ ក្រោយសម្រចបានជិត៩០ភាគរយ នៃគម្រោងរោងចក្រផលិតទឹកស្អាតនៅ សង្កាត់បាក់ខែង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពេលនេះរោងចក្រមួយនេះ ត្រូវបានប្រកាសថានឹងត្រៀមបើកឱ្យប្រើប្រាស់នៅឆមាសទី២ ឆ្នាំ២០២៣ខាងមុខ។


នៅក្នុងឱកាសពិនិត្យវឌ្ឍនភាពគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី ១ និងចូលរួមក្នុងពិធីបើកការដ្ឋានខួងដាក់បំពង់មេនាំទឹកស្អាតទំហំ ២ម៉ែត្រ ក្រោមបាតទន្លេសាប លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកក្រុងភ្នំពេញបានលើកឡើងថា គម្រោងទឹកស្អាតបាក់ខែងនឹងរួមចំណែក អភិវឌ្ឍន៍កម្ពុជា ដោយផ្គត់ផ្គង់ទឹកស្អាតបាន ៩៦% នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។


សូមជម្រាបថា រោងចក្រទឹកស្អាតបាក់ខែងនេះ ជាផ្នែកមួយនៃភាពជាដៃគូជាង ២០ ឆ្នាំរវាងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ និងរដ្ឋាករស្វយ័តកក្រុងភ្នំពេញ ព្រមទាំងឥណទានពីធនាគារវិនិយោគអឺរ៉ុប និងជំនួយឥតសំណងពីសហភាពអឺរ៉ុប តាមរយៈមូលនិធិវិនិយោគអាស៊ី និងការវិនិយោគផ្ទាល់របស់រដ្ឋករទឹកស្វយ័តភ្នំពេញចំនួន ៨០លានដុល្លារ។
ស្ថានទូតបារាំងប្រចាំកម្ពុជាបានឱ្យដឹងដែរថា រោងចក្រទឹកស្អាតនៅក្នុងទន្លេសាបនេះ នឹងក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំមិនធ្លាប់មាននៅកម្ពុជា។ នៅពេលខាងមុខ រោងចក្រផលិតទឹកស្អាតបាក់ខែងនឹងបង្កើនសមត្ថភាពផលិតទឹកជិតពីរដងនៅរាជធានីភ្នំពេញ។


ផ្អែកតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងផែនការមេឆ្នាំ២០១៦-២០៣០ថា រោងចក្រនេះមានសមត្ថភាពផ្គត់ផ្គង់ទឹកបាន ៣៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដោយឆ្លើយតបទៅនឹងកំណើនតម្រូវការប្រើប្រាស់ទឹកស្អាត ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសក្នុងរដូវប្រាំង៕

Share

ព័ត៌មានទាក់ទង

Image