ភ្នំពេញ៖ នៅថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា បានឱ្យទេសចរបញ្ឍប់សកម្មភាពឱ្យចំណីសត្វនៅតំបន់អង្គរ។ ការហាមឃាត់នេះ ដោយសារចំនួនសត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរមានការកើនឡើងគួរឱ្យកត់សម្គាល់ ប្រការនេះបង្កហានិភ័យដល់ទេសចរនិងប្រាសាទ។
អាជ្ញាធរបានអះអាងថា ស្វាទាំងនោះបានបង្កការរំខានដល់ភ្ញៀវទេសចរស្ទើររៀងរាល់ថ្ងៃ និងមានពេលខ្លះបានខាំភ្ញៀវទៀតផង។ នេះបើតាមការលើកឡើងពីលោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត ។ លោកបន្ដថា សត្វស្វាលែងចូលព្រៃដើម្បីស្វែងរកចំណីទៀតហើយ ដោយពួកវារង់ចាំចំណីពីមនុស្ស និងពេលខ្លះឆក់ចំណីពីភ្ញៀវទេសចរ ដែលបង្កហានិភ័យផ្សេងៗ។
ដោយឡែកលោក សៀន បណ្ឌិត ប្រធានក្រុមភ្នាក់ងារទេសចរណ៍ប្រចាំក្រុងអង្គរធំប្រាប់ឱ្យដឹងថា តាមការអង្កេតពីក្រុមការងារ សត្វស្វានៅតំបន់អង្គរធំអាចមានរាប់រយក្បាល។ លោកថា ស្វាទៅខាំភ្ញៀវទាញរបស់របរពីភ្ញៀវ ខ្លះទាញទូរសព្ទ ទាញកាបូប ប្រតោងលើប្រាសាទធ្វើឲ្យខូចខាតបរិក្ខាទេសចរណ៍ និងជ្រុះថ្មមកក្រោមទៀតផង។ ក្រៅពីនេះ សត្វស្វាដែលតែងមានចរិតរពឹស បានតោងឡាន ធ្វើឱ្យបាក់កញ្ចក់ និងបាក់ផ្លិតរថយន្តក៏មាន។
កាលពីពេលកន្លងទៅមានករណីស្រដៀងគ្នានេះកើតឡើងដែរ សត្វស្វានៅតំបន់អង្គរ បានខាំភ្ញៀវទេសចរ រហូតដល់អាជ្ញាធរជាតិអប្សរា បានសហការជាមួយសួនសត្វភ្នំតាម៉ៅ ចាប់សត្វស្វាកាចៗទាំងនោះទៅដាក់ នៅភ្នំតាម៉ៅ។ ចំពោះសត្វស្វាកាចៗអាជ្ញាធរបានប្រើថ្នាំសន្ដំបាញ់ចំវា ដើម្បីចាប់ តែការធ្វើបែបនេះធ្លាប់ត្រូវបានធ្វើឱ្យ ស្វាខ្លះស្លាប់ពេលធ្លាក់មកដល់ដី ត្រូវជាមួយថ្មជាដើម។ មហាជនបានរិះគន់ចំពោះបច្ចេកទេសចាប់ស្វាបែបនេះផងដែរ។
ចំពោះមុខរឿងនេះអាជ្ញាធរជាតិអប្សរា សូមសំណូមពរឱ្យសាធារណជនទាំងអស់បញ្ឈប់ផ្តល់ចំណីដើម្បីថតរូបភាពសត្វស្វាយកទៅធ្វើអាជីវកម្ម ឬក៏ផ្តល់ចំណីដល់សត្វស្វាដើម្បីឱ្យស្វាទាំងនោះរស់បែបធម្មជាតិ និងមិនរំពឹងលើការឲ្យចំណីដោយមនុស្ស៕