en     km
en     km

ក្រសួងកិច្ចការនារីទទូចឱ្យក្រុមអង្គការសង្គមស៊ីវិលកុំប្រើស្តង់ដាពីរករណីថ្កោលទោសអ្នកប្រមាថស្រ្តី

Share

ភ្នំពេញ៖ ក្រសួងកិច្ចការនារីបានចេញសេចក្តីថ្លែងការណ៍ដោយថ្កោលទោសទៅលោកបុគ្គលអ្នកនយោបាយមួយចំនួនបញ្ចេញព័ត៌មានគ្មានភស្តុតាងច្បាស់លាស់ ដោយប្រមាថលើស្រ្តីនិងក្រុមគ្រួសារជនរងគ្រោះ។ ជាងនេះក្រសួងក៏ទទូចដល់បណ្តាអង្គការសង្គមស៊ីវិលត្រូវធ្វើការងារកុំមានភាពលម្អៀង ពោលគឺកុំប្រើស្តង់ដារពីរចំពោះករណីប្រមាថស្រ្តី។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

ក្រសួងកិច្ចការនារីកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនស្រដៀងនឹងលើកមុនដែល ដោយមិនគាំទ្រជាដាច់ខាតលើទង្វើ និងអំពើទាំងឡើយណាដែលមានចរិតហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្រ្តីខ្មែរដែលជាគំរូអាក្រក់សម្រាប់អ្នកជំនាន់ក្រោយ។

តែយ៉ាងណា សេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចនារីលើកនេះបានថ្កោលបុគ្គលអ្នកនយោបាយ ដែលបានប្រើប្រាស់ការប្រមាថ ការចោទប្រកាន់ដោយគ្មានភស្តុតាង គ្មានមូលដ្ឋានច្បាស់លាស់ មានចេតនាទុច្ចរិត ប្រឌិត ញុះញង់ បំផ្លើសបំភ្លៃ មូលបង្កាច់ មកលើក្រុមគ្រួសាររងគ្រោះ។ ជាងនេះបុគ្គលអ្នកនយោបាយរូបនេះ បានយកព័ត៌មានគ្មានមូលដ្ឋាននិងភស្តុតាងច្បាស់លាស់មកផ្សាយ ឬអាត្ថាធិប្បាយនៅក្នុងកាលៈទេសៈដែលថ្នាក់ដឹកនាំ និងក្រុមគ្រួសារកំពុងមានទុក្ខធ្ងន់ធ្ងរ ដើម្បីកេងចំណេញនយោបាយរបស់ខ្លួននេះ។

សម្រាប់ក្រសួងកិច្ចការនារី ក្រសួងចាត់ទុកសកម្មភាពរបស់អ្នកនយោបាយរូបនោះថា បានធ្វើនូវទង្វើនិងអំពើថោកទាប គ្មានសីលធម៌ និងគុណធម៌ ដែលមិនអាចទទួលយកបាន និងត្រូវថ្កោលទោសដាច់អហង្ការ ដើម្បីផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនដល់ក្រុមគ្រួសាររងគ្រោះ។

ទោះបីក្រសួងកិច្ចការនារីមិនបង្ហាញឱ្យចំឈ្មោះ តែបុគ្គលអ្នកនយោបាយដែលក្រសួងកំពុងតែថ្កោលទោសនេះ គឺសំដៅដល់លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិកំពុងនិរទេសខ្លួននៅក្រៅប្រទេស ត្បិតលោក សម រង្ស៊ី បានវាយប្រហារដោយពាក្យសំដីតាមបណ្តាញសង្គមលើសពអ្នកស្រី ប៊ុន សុថា ប្អូនថ្លៃសម្តេច ហ៊ុន សែន ដោយលោក សម រង្ស៊ី បានបកអាក្រាតរឿងរ៉ាវករណីអ្នកស្រី ប៊ុន សុថា បានរៀបចំផែនការសម្លាប់ប្តីខ្លួន។

ចំណែកសេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការនារីនេះ ក៏កើតក្នុងថ្ងៃដែលសម្តេច ហ៊ុន សែន បានព្រមានចំៗទៅកាន់ក្រុមអង្គការទាំង ៤០ ដែលបានថ្កោលទោសលោក ផែង វណ្ណៈ ដែលប្រមាថស្រ្តីអ្នកសារព័ត៌មាន VOD តែមិនអើពើរឿងលោក សម រង្ស៊ី ប្រមាថសពប្អូនថ្លៃសម្តេច ខណៈក្រុមគ្រួសារសម្តេចកំពុងតែជួបទុក្ខក្រៀមក្រំ។

គ្រានោះដែរ លោក ហ៊ុន ម៉ានី កូនប្រុសសម្តេច ហ៊ុន សែន ក៏បានប្រតិកម្មតចំពោះទង្វើលោក សម រង្ស៊ី ដែលបានប្រមាថអ្នកស្រី ប៊ុន សុថា ដែលជាម្តាយមីងដោយលោក ហ៊ុន ម៉ានី សរសេររំលឹកថា កាលក្រុមគ្រួសារលោក សម រង្ស៊ី ជួបទុក្ខក្រៀមក្រំលោកតំណាងឱ្យក្រុមគ្រួសារសម្តេច ហ៊ុន សែន ទៅចូលរួមរំលែកទុក្ខ។ ក៏ប៉ុន្តែនូវពេលក្រុមគ្រួសារលោកជួបទុក្ខវិញ លោក សម រង្ស៊ី បែបជាប្រើពាក្យពេចន៍ប្រមាថក្រុមគ្រួសារនាយករដ្ឋមន្រ្តីទៅវិញ។

ដោយឡែកសេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការនារី ក៏បានអំពាវនាវដោយទទូចដល់បណ្តាអង្គការ សង្គមស៊ីវិល ស្ថាប័នពាក់ព័ន្ធ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងបង្ហាញនូវអព្យាក្រឹតភាពក្នុងការអនុវត្តការងាររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់។ ប្រការនេះតម្រូវឱ្យក្រុមអង្គការសង្គមស៊ីវិលត្រូវចៀសវាងការប្រើប្រាស់ស្តង់ដារពីរ ដែលមានភាពលម្អៀង និងរើសអើង ដើម្បីតែផលប្រយោជន៍នយោបាយរបស់ខ្លួន ដែលប្រការនេះ អាចបន្ទាបតម្លៃរបស់អង្គការ ឬស្ថាប័នរបស់ខ្លួន។

ក្រសួងកិច្ចការនារី បន្តដោយមានជំនឿយ៉ាងមុតមាំថា បុគ្គលអ្នកនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ចូលរួមលើកកម្ពស់ភាពថ្លៃថ្នូរ សីលធម៌ គុណធម៌ក្នុងសង្គម ដើម្បីរក្សាបាននូវភាពសុខដុមរមនានិងបរិយាកាសសង្គមល្អ។

ទាក់ទងករណីប្រមាថស្រ្តីនេះ ក្រុមអង្គការជាង៤០បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសលើលោក ផែង វណ្ណៈ ដែលបានប្រើពាក្យប្រមាថលើអ្នកសារព័ត៌មានស្រ្តីម្នាក់នៅសារព័ត៌មានសំឡេងប្រជាធិបតេយ្យVODដែលរដ្ឋាភិបាលទើបបញ្ជាឱ្យបិទទ្វារ។

ក្រុមអង្គការសង្គមស៊ីវិល ទាមទារឱ្យលោក ផែង វណ្ណៈ ធ្វើការសុំទោសជាសាធារណៈលើទង្វើរបស់ខ្លួន ហើយក្រុមអង្គការដាក់លិខិតចំហរដល់ក្រសួងចំនួន៤ ជំរុញឱ្យក្រសួងមានចំណាត់ការទៅលើលោក ផែង វណ្ណៈ ដោយត្រូវនាំលោក ផែង វណ្ណៈ ទៅអប់រំវិជ្ជាជីវៈសារព័ត៌មានពិសេសការធ្វើសេចក្តីរាយការណ៍ទាក់ទងនិងស្រ្តី ពិសេសយេនឌ័រ។

តែលោក ផែង វណ្ណៈ បានបញ្ចេញលិខិតចំហរតបវិលថា លោកពិតជាបានប្រើសម្តីប្រមាថដល់ស្រ្តីអ្នកសារព័ត៌មានVODរូបនោះមែន តែលោកប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដោយបញ្ចេញមតិក្នុងមានជាពលរដ្ឋតែប៉ុណ្ណោះ។ តាមរយៈលិខិតចំហរនោះ លោក ផែង វណ្ណៈ មិនបានធ្វើការសុំទោសនូវអ្វីដែលអង្គការសង្គមស៊ីវិលចាត់ទុកថាជាទង្វើអសីលធម៌ប្រមាថលើស្រ្តីនោះទេ តែទាំងជំរុញឱ្យស្រ្តីដែលត្រូវលោកប្រមាថដាក់ពាក្យប្តឹងលោកថែមទៀត ករណីបើសិនជាយល់ថា លោកបានប្រមាថធ្វើឱ្យខូចកិតិ្តយសធ្ងន់ធ្ងរនោះ។

បន្ថែមលើពីនេះលិខិតចំហររបស់លោក ផែង វណ្ណៈ និងសាររបស់នាយករដ្ឋមន្រ្តី បានសរសេរប្រហាក់ប្រហែលគ្នា ដោយចង្អុលទៅកាន់ក្រុមអង្គការទាំង ៤០ ថា បានធ្វើសកម្មភាពការងារដោយលម្អៀងចំពោះករណីប្រមាថលើស្រ្តី។ ទាំងសម្តេច ហ៊ុន សែន និងលោក ផែង វណ្ណៈ បរិយាយថា ក្រុមអង្គការសង្គមស៊ីវិញទាំងនោះធ្វើការប្រើស្តង់ដារពីរ។ ស្តង់ដារពីរ ព្រោះក្រុមអង្គការមិនមានប្រតិកម្មឬថ្កោលទោសលោក សម រង្ស៊ី សោះបើទោះបីលោក សម រង្ស៊ី ប្រមាថសពអ្នកស្រី ប៊ុន សុថា ប្អូនថ្លៃសម្តេច ហ៊ុន សែន។ ប្រការនេះ នាំឱ្យសម្តេច ហ៊ុន សែន ចាត់ទុកក្រុមអង្គការទាំងនោះបានបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង។

ករណីនេះ គឺកាលពីថ្ងៃទី២០ ខែកុម្ភៈ​ឆ្នាំ២០២៣ ម្សិលមិញក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត ២ ពាន់នាក់ សម្តេចថ្លែងដោយថា នឹងរង់ចាំមើលក្រសួងកិច្ចការនារី និងអង្គការសង្គមស៊ីវិល ឆ្លើយតបចំពោះការប្រមាថលើប្អូនថ្លៃរបស់សម្តេច។ នៅចំពោះមុខនិស្សិតជិតពីរពាន់នាក់ សម្តេច ហ៊ុន សែន ចោទជាសំនួរទៅអង្គការសង្គមស៊ីវិលថា ហេតុអ្វីការពារតែនារីខាងប្រឆាំង ដោយឡែកនារីខាងរាជរដ្ឋាភិបាលមិនការពារ?៕

 

 

Share

Image
Image
Image