en     km
en     km

​សង្គម​ស៊ី​វិល​កត់​សម្គាល់ថា​ កម្ពុជា​កំពុង​ឃ្លាត​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​

Share

human-right-day-cover

ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ​ ឆ្នាំ​២០១៥​នេះ​ សម្ព័ន្ធ​អង្គការ​សង្គម​ស៊ី​វិល​១០​ធ្នូ​ បាន​គ្រោង​ដើរ​ហែ​ក្បួន​ពី​រដ្ឋ​សភាជាតិ​ ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​ ប៉ុន្តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ មិន​បាន​អនុញ្ញាត​ឲ្យ​មានការ​ហែ​ក្បួន​នោះ​ទេ​។​ បណ្ដា​អង្គការ​សង្គម​ស៊ី​វិល​បាន​ថ្លែង​នៅ​ថ្ងៃនេះ​ថា​ កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ​ កំពុង​ដើរ​ចេញ​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​។​

 ក្រុម​អង្គការ​សង្គម​ស៊ី​វិល​បាន​ថ្លែង​នៅ​ថ្ងៃ​សិទ្ធិ​មនុស្ស​១០​ធ្នូ​ ឆ្នាំ​២០១៥​ ម្សិលមិញ​នេះ​ថា​ កម្ពុជា​កំពុង​ឃ្លាត​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​។​

​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ខួប​លើក​ទី​៦៧​ ដែល​រៀបចំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​នា​ឆ្នាំ​នេះ​ ប្រព្រឹត្តិ​ទៅ​ក្រោម​ប្រធានបទ​៖​ «​ការ​លើកកម្ពស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​»​ ដោយ​មាន​ប្រជា​ពល​ដ្ឋ​ កម្មករ​ កម្ម​ការ​នី​ និង​បុគ្គលិក​អង្គការ​សង្គម​ស៊ី​វិល​ចូលរួម​ជាង​៣​ពាន់​នាក់​។​

​ថ្លែង​នៅ​ក្នុង​ទិវា​នេះ​ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ និង​ជា​ប្រធាន​សម្របសម្រួល​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ ព្រមទាំង​ជា​តំណាង​ក្រុមការងារ​រៀបចំ​វេទិកា​សិទ្ធិ​មនុស្ស​១០​ធ្នូ​ លោក​ធន​ សារាយ​ បាន​ថ្លែង​កត់​សម្គាល់ថា​ ការ​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ឆ្នាំ​នេះ​ ធ្វើ​ឡើង​ក្រោម​បរិយាកាស​មួយ​ ដែល​លំហ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​កំពុង​រួម​តូច​ទៅៗ​ ។​

​លោក​ធន​ សារាយ​ បាន​ថ្លែង​បន្ត​ថា​ បរិយាកាស​នយោបាយ​អាប់អួរ​នា​ពេល​បច្ចុប្បន្ន​ ដែល​ស្ដែង​ឡើង​តាម​រយៈ​ការ​ខ្វែងគំនិត​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ បង្កើត​ភាព​មិន​ប្រាកដប្រជា​ក្នុង​ចំណោម​ប្រជារាស្ត្រ​ទូ​ទាំង​ប្រទេស​។​

​លោក​មាន​ប្រសាសន៍​បន្ត​ថា​៖​ «​ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ​ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ និង​បរិស្ថាន​ ព្រមទាំង​ការ​ពង្រាង​ (​ការ​ធ្វើ​សេចក្ដី​ព្រៀង​)​ និង​អនុម័ត្ត​ថ្មីៗ​ ដូច​ជា​ច្បាប់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ច្បាប់​ឧក្រិដ្ឋកម្ម​អ៊ី​ន​ធឺ​ណែ​ត​ ច្បាប់​សហជីព​ និង​ច្បាប់​ផ្សេងៗ​ទៀត​ក្នុង​ពេល​ថ្មីៗ​នេះ​ សុទ្ធតែ​បាន​គំរាមកំហែង​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​ ទៅ​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ដោយ​សេរី​នា​ពេល​នេះ​»​។​

​លោក​ធន​ សារាយ​ ក៏​បាន​ធ្វើការ​កត់សម្គាល់​បន្ថែម​ទៀត​ថា​ កា​រវិ​វត្ត​ថ្មីៗ​ នៃ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ ពាក់ព័ន្ធ​នឹង​សេរីភាព​បញ្ចេញមតិ​ ហាក់​បង្ហាញ​ថា​ កម្ពុជា​កំពុង​ឃ្លាតឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ស្ដី​ពី​កម្ពុជា​។​

​ចំណែក​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​ លោក​តឹក​ វ​ណ្ណា​រ៉ា​ បាន​ថ្លែង​សុន្ទរកថា​ ក្នុង​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​ ម្សិលមិញ​នេះ​ដែរ​ថា​ លោក​សម្ដែង​នូវ​ការ​កោត​ស​សើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ខិតខំ​ដោះស្រាយ​វិវាទ​ដីធ្លី​ ដូច​ជាស​ម្រេច​គោលការណ៍​កាត់​បន្ថយ​រយៈពេល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងអស់​ ពី​៧០​ឆ្នាំ​ ទៅ​៩៩​ ឆ្នាំ​ មក​នៅ​ត្រឹម​យ៉ាង​យូរ​៥០​ឆ្នាំ​វិញ​ និង​បាន​កាត់​ត្រឡប់​មក​វិញ​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​។​

​យ៉ាងនេះ​ក្ដី​ លោក​តឹក​ វ​ណ្ណា​រ៉ា​ កត់​សម្គាល់ថា​ ការ​ខិតខំ​ប្រឹងប្រែង​រស់រាជ​រដ្ឋាភិបាល​កម្ពុជា​នោះ​ នៅ​មិន​ទាន់​ឆ្លើយ​តប​ទាំងស្រុង​នៅឡើយ​ទេ​ ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ និង​ធនធានធម្មជាតិ​នៅ​កម្ពុជា​ ព្រោះ​បញ្ហា​ទាំងនេះ​ ត្រូវ​បាន​មើលឃើញ​យ៉ាង​ទូលំទូលាយ​ថា​ នៅ​តែ​បន្ត​ និង​ជា​បញ្ហា​ប្រឈម​ចម្បងៗ​សម្រាប់​ប្រជាជន​កម្ពុជា​។​

​លោក​តឹ​ម​ វ​ណ្ណា​រ៉ា​បាន​មាន​ប្រសាសន៍​ថា​៖​ «​បញ្ហា​វិវាទ​ដីធ្លី​ និង​ជម្លោះ​លើ​ការ​ប្រើប្រាស់​ធនធានធម្មជាតិ​ ដែល​បាន​កំពុង​កើត​មាន​ឡើង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​បង្ក​ឡើង​ពី​សំណាក់​ក្រុមហ៊ុន​ និង​អ្នកមាន​អំណាច​មួយ​ចំនួន​ដែល​មិន​គោរព​ និង​អនុវត្ត​តាម​ច្បាប់​ ដែល​មាន​ជា​ធរមាន​ បាន​ធ្វើ​ឲ្យ​មានការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិ​រស់នៅ​ជា​មូលដ្ឋាន​របស់​ប្រជាជន​ ដែល​ពឹង​អាស្រ័យ​លើ​ធនធាន​ដីធ្លី​ និង​ធនធានធម្មជាតិ​ ដូច​ជា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ សិទ្ធិ​ប្រើប្រាស់​ដីធ្លី​ ព្រៃឈើ​ និង​ទឹក​ស្អាត​ជាដើម​»​។​

​ថ្លែង​សុន្ទរកថា​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​នេះ​ដែរ​ ប្រធាន​សហជីព​សហភាព​ការងារ​កម្ពុជា​លោក​អាត់​ ធន់​ បាន​កត់​សម្គាល់ថា​ ទោះបីជា​កម្ពុជា​ ជា​ប្រទេស​ប្រជាធិបតេយ្យ​ ដែល​បាន​ធានា​ដល់​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ និង​មានកា​រវិ​វ​ឌ្ឍ​នៃ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បាន​មួយ​ចំនួន​យ៉ាងណា​ក៏​ដោយ​ ក៏​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅ​តែ​បន្ត​មាន​ និង​ជា​ពិសេស​ការ​រំលោភសិទ្ធិ​ការងារ​។​

​លោក​អាត់​ ធន់​ បន្ត​ថា​ ការ​បង្កើត​ច្បាប់​សហជីព​ ជា​ការ​បង្ក​ឧបសគ្គ​ដល់​សហជីព​មិន​ឲ្យ​ធ្វើ​សកម្មភាព​បាន​។​

​សូម​ជម្រាប​ថា​ នៅ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ នា​ថ្ងៃ​ទី​១០​ ធ្នូ​ ឆ្នាំ​២០១៥​ ម្សិលមិញ​នេះ​ ក៏​មានការ​ថ្លែង​សុន្ទរកថា​របស់​តំណាង​ជនជាតិ​ដើម​ភាគតិច​ ការ​ថ្លែង​សុន្ទរកថា​របស់​មន្ត្រី​រដ្ឋាភិបាល​ និង​ការ​ថ្លែង​សុន្ទរកថា​របស់​តំណាង​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ផង​ដែរ​។​

​ជា​ការ​កត់សម្គាល់​ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​ឆ្នាំ​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ និង​សហជីព​ បាន​ជូនដំណឹង​ដល់​សាលា​រាជធានី​ភ្នំពេញ​ អំពី​ការ​ដើរ​ហែ​ក្បួន​ពី​រដ្ឋសភា​ មក​កាន់​ទីលាន​ប្រជាធិបតេយ្យ​។​ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​នោះ​ទេ​ ហើយ​បាន​កំហិត​ឲ្យ​សម្ព័ន្ធ​សង្គម​ស៊ី​វិល​១០​ធ្នូ​ ជួបជុំ​គ្នា​នៅ​សួនច្បារ​មាត់ទន្លេ​ខាងកើត​វត្ត​ភ្នំ​ និង​មិន​មានការ​សាងសង់​រោង​ ឬ​វេទិកា​ឡើយ​។​ យ៉ាងនេះ​ក្ដី​ ក៏​សម្ព័ន្ធ​សង្គម​ស៊ី​វិល​១០​ធ្នូ​ បាន​ជម្នះ​ជួបជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​នេះ​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ ដោយ​មាន​ធ្វើ​វេទិកា​ និង​រោង​សម្រាប់​អ្នកចូលរួម​ជ្រក​កម្ដៅថ្ងៃ​ផង​ដែរ​៕

Share

Image
Image
Image