en     km
en     km

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ប្រកាសដំណើរការផ្លូវការកម្មវិធីតស់!សន្សំរដូវកាលទី២

Share

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ប្រកាសដំណើរការផ្លូវការកម្មវិធីតស់!សន្សំរដូវកាលទី២
នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និងអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) បានរៀបចំនូវពិធីប្រកាសជាផ្លូវការនៃកម្មវិធី «តស់! សន្សំ» រដូវកាលទី២ នៅការិយាល័យរបស់ក្រុមហ៊ុន FWD Cambodia ដោយមានការបូកសរុបលទ្ធផលពីឆ្នាំ២០២២ និងបង្ហាញពីផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំថ្មី ក្នុងការបន្តចែករំលែកបទពិសោធ និងចំណេះដឹងអំពីហិរញ្ញវត្ថុ ដើម្បីជំរុញឱ្យក្រុមគ្រួសារកម្ពុជាបង្កើតទម្លាប់សន្សំ និងរស់នៅដោយភាពរីករាយ។
កិច្ចសហការរយៈពេល ១ឆ្នាំកន្លងមកនេះ បានផ្ដល់បទពិសោធថ្មីៗជូនដល់សាធារណជន និងសម្រេចបាននូវសមិទ្ធផល ៣ សំខាន់ៗ រួមមាន៖
• បានបញ្ចប់ការផលិតកម្មវិធីវិទ្យុចំនួន ៤៨កម្មវិធី ដែលបានអញ្ជើញវាគ្មិនកិត្តិយសចំនួន ៥១រូប មកពីស្ថាប័នផ្សេងៗគ្នា ឡើងមកចែករំលែកបទពិសោធ និងចំណេះដឹងស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងអត្ថប្រយោជន៍នៃការសន្សំ
• បញ្ចប់យុទ្ធនាការតស់!សន្សំចំនួន ២លើក ដែលមានលក្ខណៈឌីជីថល និងមានអ្នកចូលរួមសន្សំសរុប ២៤៤នាក់ និងប្រាក់សន្សំសរុបជាង ៤៥លានរៀល
• បរិច្ចាគថវិកា ១លានរៀល ពីយុទ្ធនាការតស់!សន្សំ ទៅក្នុងកម្មវិធីសប្បុរសធម៌ ចែកជូនដល់លោកតាស៊ីក្លូ នៃសមាគមស៊ីក្លូកម្ពុជា
កញ្ញា ថៃ សុច័ន្ទណា នាយិកាគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុ និងនាយិកាចាត់ការទូទៅស្ដីទី នៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់វាគ្មិនកិត្តិយសទាំង ៥១រូប និងក្រុមការងារទាំងអស់ដែលបានរៀបចំកម្មវិធីតស់!សន្សំ ឱ្យប្រព្រឹត្តិទៅបានយ៉ាងរលូន។

 

 

ការសម្រេចបាននូវសមិទ្ធផលទាំងនេះគឺអាស្រ័យដោយមានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ និងក្រុមការងាររបស់វិទ្យុស្ត្រី និង FWD Cambodia ហើយខ្ញុំសង្ឃឹមថា កិច្ចសហការនៅឆ្នាំ ២០២៣នេះ នឹងជួយផ្សព្វផ្សាយពីចំណេះដឹងហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ និងនាំនូវសកម្មភាពថ្មីៗដើម្បីបង្កើតឱ្យមានការចូលរួមសន្សំពីប្រិយមិត្តអ្នកស្តាប់ និងទស្សនាកាន់តែច្រើនឡើង។ សកម្មភាពទាំងនេះក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់យើងក្នុងការផ្តល់បទពិសោធថ្មីលើសេវាធានារ៉ាប់រង និងជួយឱ្យក្រុមគ្រួសារកម្ពុជារស់នៅដោយភាពរីករាយផងដែរ។»
លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានមានប្រសាសន៍ថា៖ «កិច្ចសហការជាមួយក្រុមហ៊ុន FWD Cambodia ពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាពិសេសគឺលើកទឹកចិត្តស្ត្រី និងយុវជនឱ្យចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។ នេះសបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន FWD Cambodia មិនមែនគ្រាន់តែជាស្ថាប័នរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ថាប័នដែលមានទំនួលខុសត្រូវសង្គមខ្ពស់ផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់វាគ្មិនកិត្តិយស ប្រិយមិត្តអ្នកស្តាប់និងទស្សនា ក្រុមការងារទាំងអស់ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ដែលតែងតែគាំទ្រកម្មវិធីនេះរហូតមក ព្រមទាំងបន្តឧបត្ថម្ភដល់កម្មវិធីតស់!សន្សំរដូវកាលទី ២។»
កម្មវិធី «តស់! សន្សំ» គឺជាកម្មវិធីវិទ្យុ ដែលដឹកនាំផលិតដោយវិទ្យុស្រ្តីនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា និងឧបត្ថម្ភដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ដែលចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ ២០២២ រហូតមកដល់ពេលនេះ។ កម្មវិធីនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយចំណេះដឹងស្តីពីហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយទៅកាន់ប្រជាជនកម្ពុជា តាមរយៈការចែករំលែកពីវាគ្មិនកិត្តិយសដែលមានបទពិសោធ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដោយកម្មវិធីនេះមានការផ្សព្វផ្សាយតាមរយៈរលកអាកាសវិទ្យុស្ត្រី និងបណ្ដាញសង្គមនានាផងដែរ៕

Share

Image
Image
Image