មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដែលកំពុងជាប់ឃុំទាក់ទងករណីចេញសែកស្អុយ កំពុងរង់ចំាសាលាដំបូងរាជធានីភ្នំពេញបញ្ជូនសំណុំរឿងលោក ថាច់ សេដ្ឋា ទៅកាន់សាលាឧទ្ធរណ៍ ដើម្បីស៊ើបអង្កេតពន្លឿននីតិវិធីបន្តយ៉ាងអន្ទៈសារ ដោយមេធាវីរូបនេះបានទៅសួរនាំម្ដងជាពីរដងនៅតុលាការ។
លោក គីម ចាន់ចាវ រាយការណ៍
មេធាវីការពារក្ដីឱ្យលោកថាច់ សេដ្ឋា អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន ដែលកំពុងឃុំខ្លួននៅពន្ធនាគារ គឺលោក ជួង ជូងី បានឱ្យដឹងថា រយៈពេល ២០ថ្ងៃហើយ ដែលក្រុមមេធាវីរបស់ខ្លួនបានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ជំទាស់នឹងការចោទប្រកាន់ និងឃុំខ្លួនកូនក្ដីរបស់ខ្លួន ពីបទបទ «មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬហៅថា ការចេញសែកដោយគ្មានសាច់ប្រាក់។
លោកបញ្ជាក់ថា តាមគោលការណ៍ច្បាប់ចៅក្រមស៊ើបសួរត្រូវបញ្ជូនរឿងនេះទៅសាលាឧទ្ធរណ៍ភ្លាមៗ ដើម្បីពន្លឿននីតិវិធី។
«ព្រឹកមិញខ្ញុំបានតាមទៅសាលាឧទ្ធរណ៍ៗគឺលេខាធិការដ្ឋានសាលឧទ្ធរណ៍ គេស្រាវជ្រាវទៅគេឃើញថា សំណុំរឿងបណ្ដឹងឧទ្ធរណ៍ដែលយើងបានប្ដឹងកាលពីថ្ងៃ១៨ ខែមករា រហូតមកដល់ថ្ងៃនេះ២០ថ្ងៃហើយ អត់ទាន់ឃើញ សាលាដំបូងរាជធានីភ្នំពេញបញ្ជូនសំណុំរឿងទៅសាលាឧទ្ធរណ៍នៅឡើយទេ។ ដូច្នេះវាមានការយឺតយ៉ាវមិនធម្មតា មិនប្រក្រតី ដែលខុសពីនីតិវីធី។ តាមនីតិវិធីរឿងក្ដីនេះ វាស្ថិតនៅក្នុងដំណាក់កាលចៅក្រមស៊ើបសួរ គេហៅថារឿងមុខអង្គសេចក្ដី ចឹងក្នុងនាមបណ្ដឹងឧទ្ធរណ៍ចៅក្រមស៊ើបសួរ ត្រូវតែប្រញាប់ប្រញាល់រៀបចំសំណុំបែបបទបញ្ជូនទៅឧទ្ធរណ៍ភ្លាម»។
លោកមេធាវីដែលទើបចូលជួបកូនក្ដីនៅពន្ធនាគារ បញ្ជាក់ថា សុខភាព ស្មារតី និងឆន្ទៈរបស់លោក ថាច់ សេដ្ឋា គឺនៅតែរឹងមាំ មោះមុតដដែល។ លើបញ្ហានេះលោកមេធាវីប្រាប់វិទ្យុស្ត្រីថា កន្លងមកកាលពីអំឡុងឆ្នាំ២០១២ លោក ថាច់ សេដ្ឋា ធ្លាប់បានចេញសែកដោយមានតែហត្ថលេខា ប៉ុន្តែសំណុំរឿងនេះបានដោះស្រាយស្ងប់ស្ងាត់ទៅវិញ។ ក្រោយពីនេះ ដើមបណ្ដឹងគឺក្រុមហ៊ុន រិន ឆាយ ផនសប បានយកសែកចំនួន៥ សន្លឹកប្ដឹងលោក ថាច់ សេដ្ឋា នៅតុលាការ ដែលលោកមេធាវី សង្ស័យពីភាពមិនប្រក្រតីអំពីការចេញសែកនេះ។ ករណីសែក ៥ សន្លឹកកាលនោះ ក្រុមមេធាវីក៏បានសម្របសម្រួលជាមួយភាគីដើមបណ្ដឹងផងដែរ។
«សម្រាប់ខ្ញុំអត់មានអន្តរាគមន៍ទេ ប៉ុន្តែមេធាវីដែលការពារឯកឧត្តម ថាច់ សេដ្ឋា មានច្រើនរូប។ អ៊ីចឹងតាមខ្ញុំទទួលព័ត៌មានពីមេធាវីផ្សេងទៀតគាត់ បានទៅជួបដើម្បីដោះស្រាយរកវិធី សម្រុះសម្រួលគ្នា»។
លោក ថាច់ សេដ្ឋា ដែលជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអនុប្រធានគណបក្សភ្លើងទៀន ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅម្ដុំវត្តសំរោងអណ្ដែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រោមការចោទប្រកាន់ ពីបទ «មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬហៅថា ការចេញសែកដោយគ្មានសាច់ប្រាក់ ចំនួន៥សន្លឹក ទៅឱ្យក្រុមហ៊ុន រិន ឆាយ ផនសប ដែលប្រព្រឹត្តតាំងពីឆ្នាំ២០១៩ ។
លោកបណ្ឌិត មាស នី អ្នកតាមដាន និងវិភាគបញ្ហានយោបាយនៅកម្ពុជា ចាត់ទុកក្ដីក្តាំលើមន្ត្រីបក្សភ្លើងទៀនចុងក្រោយនេះ ជាព្យុះភ្លៀងនយោបាយ។ លោកទទូចឱ្យគណបក្សនយោបាយធំៗ ពោលគឺគណបក្សភ្លើងទៀន និងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ត្រូវរកដំណោះស្រាយដើម្បីផ្សះផ្សារជាតិ ដើម្បីទទួលបានប្រជាធិបតេយ្យដែលល្អសម្រាប់ជាតិ។
«នៅក្នុងគណបក្សធំៗទាំងពីរត្រូវគិតអំពីការផ្សះផ្សារជាតិទៅ បានអាហ្នឹងវា យើងប្រើប្រជាធិបតេយ្យ ខ្ញុំទទួលស្គាល់ថា ប្រជាធិបតេយ្យស្រុកយើងវាមិនដូចគេទេ ប៉ុន្តែបើប្រជាធិបតេយ្យយើងឈានទៅរកការបែកបាក់ជាតិកាន់តែធំដែរនោះ ជាប្រជាធិបតេយ្យកាន់តែធ្វើឱ្យជាតិយើងរលាយអាហ្នឹងក៏វាមិនកើតដែរហា៎។ ចឹងបានទាមទារឱ្យមានតុល្យភាពទៅ រវាងការចង់បានប្រជាធិបតេយ្យ ហើយនឹងការផ្សះផ្សារជាតិ ហើយបើយើងយកប្រជាធិបតេយ្យគ្រាន់ជាទីលានសម្រាប់វាយប្រហារ ប្រមាថ គុំគួនគ្នាបែបនេះ មិនបាច់ធ្វើល្អជាង»។
គិតត្រឹមដើមឆ្នាំ២០២៣នេះ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន ៣នាក់ហើយបានរងក្ដីតាំនៅតុលាការ ក្នុងនោះមានលោក ថាច់ សេដ្ឋា និងលោក សុន ឆ័យ អនុប្រធានម្នាក់ទៀតនៃគណបក្សភ្លើងទៀន។ និងចុងក្រោយនេះគឺលោក គង់ គាំ ប្រធានកិត្តិយសគណបក្ស ដែលបានសម្រេចចិត្តបញ្ចប់តួនាទីជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្រោយពីបានប្រគល់ដីផ្ទះនៅកណ្ដាលរាជធានីភ្នំពេញឱ្យទៅរដ្ឋាភិបាល ព្រមទាំងបានសារភាពទទួលស្គាល់កំហុស និងសុំអភ័យទោសជាសាធារណៈទៅសម្តចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយមេបក្សកាន់អំណាចព្រមានចាត់វិធានការច្បាប់៕