en     km
en     km

ស្រី្តមានពិការភាពភ្នែក មិន ចន្ដា ពុះពារបន្ដការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ដល់អូស្ដ្រាលី

Share

ទោះបីមានភាពពិការ (ភ្នែក) តែស្រី្ដវ័យ៣៣ ឆ្នាំឈ្មោះ មិន ចន្ដា បានឈោងចាប់ក្ដីស្រម៉ៃរបស់ខ្លួនតាមរយៈការសិក្សាថ្នាក់បិញ្ញាបត្រជាន់ខ្ពស់ ដល់ប្រទេសអូស្ដ្រាលី។ រស់នៅជាមួយកូនស្រីអាយុ ១៣ ខែម្នាក់ និងអ្នកមើលថែ អ្នកស្រីបានកំពុងរស់នៅក្នុងប្រទេសអូស្ដ្រាលីជាមួយជិវិតនិង បរិស្ថានថ្មី។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

[… ខ្ញុំជាស្ដ្រី ពិការភ្នែក មកពីគ្រួសារដែលមានចំណូលក្រោមមធ្យម កម្មវិធីអាហារូបករណ៍អូស្ដ្រាលី ដែលមានកម្មវិធីជួយពួកយើង ដើម្បីឱ្យពួកយើងដាក់ពាក្យអាហារូបករណ៍បាន ពួកយើងចាប់ផ្ដើមធ្វើបន្ដិចម្ដងៗ មួយជំហ៊ានៗ ពួកយើងនឹងទៅដល់គោលដៅរបស់ពួកយើង…]

ស្ថិតក្នុងភាពជាស្ដ្រី មានពិការភាពភ្នែក អ្នកស្រី មិន ចន្តា កំពុងរស់នៅ និងបន្ដការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ជំនាញគោលនយោបាយ និងអភិវឌ្ឍន៍ពិការភាព នៅប្រទេសអូស្ដ្រាលី ជាមួយមជ្ឈដ្ឋានថ្មីដែលបានស្វាគមន៍អ្នកស្រីយ៉ាងកក់ក្ដៅជាមួយមនុស្សជុំវិញខ្លួន ក្រោយជម្នះការផ្លាស់ប្ដូរថ្មីៗពេលទៅរស់នៅអូស្ដ្រាលីដំបូងៗ។ នេះបើតាមការឱ្យដឹងពីអ្នកស្រី មិន ចន្ដា តាមរយៈ  Australia Awards Cambodia។

អ្នកស្រីត្រូវបាន Australia Awards Cambodia ផ្ដល់អាហាររូបករណ៍ទៅសិក្សានៅប្រទេសអូស្ដ្រាលី កាលពីឆ្នាំ២០២០។ អ្នកស្រីត្រូវបានមនុស្សជាច្រើនប្រាប់ថា អ្នកស្រីមានពិការភាព តែក៏អាចទទួលបានការអប់រំខ្ពស់ ហើយអាចរកការងារធ្វើបាន និងរស់នៅក្នុងជីវិតដែលមានផាសុខភាព និងសេរីភាពដូចមនុស្សគ្រប់គ្នាដែរ។

អ្នកស្រី មិន ចន្តា បានលើកឡើងពីគោលបំណងរបស់ខ្លួនថា អ្នកស្រីចង់ស្វែងយល់អំពីមធ្យោបាយជួយសម្រួលដល់ជនពិការក្នុងប្រទេសអភិវឌ្ឍ ដើម្បីជួយដល់អ្នកពិការភាពដទៃទៀត អាចរៀបបានខ្ពង់ខ្ពស់បាន។ អ្នកស្រីរៀបរាប់ថា ការអប់រំអាចផ្លាស់ប្ដូរជីវិតមនុស្ស បរិស្ថានជុំវិញ និងអាចផ្លាស់ប្ដូរស្ថានភាពរស់នៅរបស់មនុស្ស។

រស់នៅក្នុងប្រទេសអភិវឌ្ឍ ខណៈអ្នកស្រី មិន ចន្ដា មានពិការភាពក៏ដោយ តែអ្នកស្រីបានប្រើឈើច្រត់ដែលមានកង់មូលធ្វើដំណើរជិះឡានក្រុង និងទៅសាកលវិទ្យាល័យ Flinders ដោយខ្លួនឯង។

តាមរយៈវីដេអូរបស់ Australia Awards Cambodia អ្នកស្រីបានលើកឡើងពីបញ្ហាប្រឈមតិចតួចផងដែរ ដោយត្រូវការអ្នកមើលថែអ្នកស្រី និងកូនស្រីអាយុ១៣ខែ។ អ្នកស្រីបាននាំកូនតូច និងមិត្តភក្ដិមកនៅផ្ទះជាមួយគ្នាឯនាយសមុទ្រ ត្បិតស្វាមីនៅខ្មែរក៏ពិការភាពដូចគ្នា។

សូមជម្រាបថា ស្ដ្រីមានពិការភាពរូបនេះមានដើមកំណើតមកពីខេត្តកណ្ដាល។ កាលរស់នៅស្រុកកំណើតអ្នកស្រីបង្ហើបឱ្យដឹងថា ត្រូវលាក់បាំងពីពិការភាពរបស់ខ្លួន ដោយសារតែស្ថានភាព និងបរិស្ថានជុំវិញខ្លួន តែពេលទៅរស់នៅប្រទេសអូស្ដ្រាលី អ្នកស្រីរៀនផ្លាស់ប្ដូរការគិត និងការអនុវត្តន៍របស់ខ្លួន។ ដោយមិនផ្ដេកផ្ដួលទៅនឹងស្ថានភាពខ្លួនឯង អ្នកស្រីសង្ឃឹមថានឹងទទួលចំណេះដឹង ព័ត៌មាន និង បទពិសោធន៍ជាច្រើននៅប្រទេសអូស្ដ្រាលី ខណៈនៅក្នុងថ្នាក់មានសិស្សស្រីពិការភាពតែម្នាក់ប៉ុណ្ណោះ ដែលសិស្សពិការភាពផ្សេងទៀតជាមនុស្សប្រុស។

បើតាម Australia Awards Cambodia បានឱ្យដឹងថា តាំងពីឆ្នាំ១៩៧០ មកប្រជាជនខ្មែរដែលមានស្ថានភាពដូចនឹងអ្នកស្រី មិន ចន្ដា ជាង១០០០នាក់ហើយ ទទួលបានឱកាសអាហាររូបករណ៍ពីរាជរដ្ឋាភិបាលអូស្ដ្រាលីដើម្បីបន្ដការសិក្សា៕

Share

Image
Image
Image