ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានឲ្យដឹងថា រាជរដ្ឋាភិបាលកំពុងពិចារណាកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីនៅតាមរាជធានី និងខេត្ត សម្រាប់ស្នាក់នៅរៀនសូត្រ ហើយចង់ឱ្យធនធានមនុស្សជាស្រ្ដី មានច្រើននៅកម្រិតឧត្តមសិក្សា។ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យវេស្ទើនចំនួនជាង ៣ពាន់នាក់ ដែលធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្ដេច ហ៊ុន សែនគូសបញ្ជាក់ថា រដ្ឋាភិបាលកំពុងពិចារណាកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជានារីដែលស្ថិតនៅរាជធានីភ្នំពេញ និងទៅតាមបណ្ដាខេត្តដើម្បីឱ្យនិស្សិតជាស្រ្តីអាចស្នាក់នៅនិងរៀនសូត្របានដែលយើងត្រូវរកវិធីដោះស្រាយ។ សម្តេចតេជោបន្តថា ការវិនិយោគនេះយើងនឹងទទួលផលត្រឡប់មកវិញបាន ហើយ រាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគឺដូចគ្នា នឹងមាតាបិតាផ្ដល់ចំពោះបុត្រាបុត្រីរបស់ខ្លួន។
ប្រមុខរដ្ឋភិបាលចាត់ទុក ការសិក្សាគឺជាទ្រព្យសម្បត្តិ ចំណេះដឹង ចំណេះធ្វើមិនអាចមានអ្នកណាលួចបាននោះទេគឺកណ្តៀរ មិនកោរ កណ្តុរក៏មិនកាត់ប៉ុន្តែទ្រព្យសម្បត្តិប្រសិនជាអគ្គិភ័យ នឹងធ្វើឱ្យបាត់បង់តែម្ដង។ សម្តេចបានបញ្ជាក់បន្ថែមថា៖ «យើងមិនដែលឃើញបញ្ញាវន្តដែលដេកអត់បាយនៅតាមផ្លូវនោះទេ។ ដូច្នេះយើងត្រូវរួមគ្នាដើម្បីដោះស្រាយបញ្ហា»៕