en     km
en     km

តំណាងស្រ្តីជនជាតិដើមភាគតិច​ លើកក្ដីកង្វល់​ ពីលំនៅដ្ឋាន និងដីស្រែចម្ការ ដោយសារគម្រោងដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុនមួយចំនួន

Share

ទន្ទឹមនឹងមានការអនុញ្ញាតឱ្យមានការវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ក្រុមហ៊ុនឯកជនភាគច្រើន មានការវិនិយោគទៅលើការកាប់បំផ្លិចបំផ្លាញព្រៃឈើ និងធនធានធម្មជាតិជីវចម្រុះ ជាសម្បត្តិវប្បធម៌ជាតិ ដែលមាននៅកម្ពុជា និងមានការវិនិយោគទៅលើទំនប់វារីអគ្គីសនី ដូចជាការបិទស្តុកទឹកទំនប់បណ្ដាលឱ្យលិចដល់លំនៅដ្ឋាន និងការឈូសឆាយដីព្រៃ ជាពិសេសដីស្រែចំការវិលជុំរបស់សហគមន៍ជនជាតិដើមភាគតិចដែលពួកគេ នាំគ្នាអាស្រ័យផល និងបំលាស់ទីជារៀងរាល់ឆ្នាំ។ នេះជាក្ដីកង្វល់របស់ក្រុមសហគមន៍ជនជាតិដើមភាគតិច ដែលដឹកនាំដោយស្រ្តី ដែលបានលើកឡើងក្នុង វេទិកាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីបញ្ហា និងការប្រឈមរបស់ស្ត្រីជនជាតិដើមភាគតិចលើការអនុវត្តច្បាប់។ លោក គីម ចាន់ចាវ រាយការណ៍

 

លោកស្រី ផ្លឹក ភីរុំ តំណាងស្រ្តីជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី បានលើកឡើងក្នុងវេទិកា នៅព្រឹកថ្ងៃទី២៥ ខែមករានេះថា ចាប់តាំងពីអ្នកស្រី ធំដឹកក្ដីនៅក្នុងខេត្តមណ្ឌលគិរីនេះ សុទ្ធសឹងតែជនជាតិភាគតិចព្នង និងជនជាតិភាគតិចផ្សេងៗទៀត។ ប៉ុន្តែនៅឆ្នាំ២០០០មក តំបន់ដែលអ្នកស្រីរស់នៅអាស្រ័យផលតាំងពីដើមមកនោះ ត្រូវបានអាជ្ញាធរ ចាត់ទុកថាជាដីគ្មានម្ចាស់។ រហូតដល់ឆ្នាំ២០០៥ ក៏កើតមានក្រុមបរិស្ថានដែលគេប្រាប់អ្នកស្រីថាជាក្រុមការពារ។ ៣ឆ្នាំក្រោយមកក៏មាន ក្រុមហ៊ុនឯកជនឈូសឆាយព្រៃអភិវឌ្ឍ។

 

«ហើយពួកខ្ញុំលឺគេថាបរិស្ថានៗហ្នឹងការពារ ហើយឆ្នាំ២០០៨ ស្រាប់តែកន្លែងហ្នឹងអស់អាលីង ព្រៃនៅត្រង់ហ្នឹង។ ព្រៃហ្នឹងធ្លាប់តែកន្លែងដំរីស្វា អី សត្វអីច្រើនមែនទែន ហើយផ្លែឈើផ្លែអីច្រើនហា៎ណា៎ លោកឯកឧត្តម។ ស្រាប់តែឆ្នាំ២០០៨ស្រាប់តែក្រុមហ៊ុនគេហៅវីឡាឌីវេលឡប់ហ្នឹងឈូសអាលីង។ ដល់ពេលឈូសអាលីង ឈូសដើមជ័រពួកខ្ញុំ ឈូសអីហ្នឹង។ ដល់ពេលឈូសអស់អាលីងពួកខ្ញុំមិនទៅទប់ស្កាត់ ហើយវាអស់ទាំងជ័រហ្នឹង។ ទប់លិចចេញកើត ទប់កើតចេញលិច ចេញត្បូង ចេញលិចកើតអស់អាលីងហើយ។ គេចាប់ដីយកដី រួចដីហ្នឹងលក់បន្តបន្ទាប់ ជនខិលខូច។ ពួកខ្ញុំជាស្ត្រីហ្នឹងទៅការពារហើយគ្រប់ទីកន្លែងហើយ។ មិនត្រឹមតែខ្ញុំទេពួកគាត់ជនជាតិដើមភាគតិចផ្សេងៗហ្នឹង ក៏គាត់ការពារកន្លែងគាត់»។

អ្នកស្រីបន្តថាក្រុមហ៊ុនបានឈូសឆាយជាបន្តបន្ទាប់រហូតដល់ឈូសយកភ្នំ មានភ្នអារក្ស ដីកប់ខ្មោច និងភ្នំជំនឿផងដែរ រហូតដល់ឈូសឆាយដីស្រែចម្ការរបស់ពួកគាត់។

 

នៅក្បែរនោះដែរ អ្នកស្រី ហេង សាភេង តំណាងស្រ្តីជនជាតិដើមភាគតិចខេត្តកំពង់ធំ ដែលមានពលរដ្ឋជាសមាជិក១២១គ្រួសារ កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនសម្បត្តិផ្លាធីនឹម និងម្ខាងទៀតមានជម្លោះដីធ្លីជាមួយសហគមតំបន់ការពារជនជាតិព្នង។ អ្នកស្រីបានឱ្យដឹងថាកន្លងមកក្រុមជនជាតិដើមភាគតិចរបស់អ្នកស្រី បានរស់នៅជាប្រក្រតីជាមួយនឹងមុខរបរ តាមប្រពៃណីទំនៀមទម្លាប់យ៉ាងមានសេរីភាព ទោះបីជាមិនមានសម្ភារៈនិយមទំនើបៗក្ដី។ ប៉ុន្តែក្រោយមកនៅឆ្នាំ២០១២ទើបមានលេចចេញក្រុមហ៊ុនសម្បត្តិផ្លាធីនឹម ទើបពួកគាត់ស្នើសុំស្ថាប័នពាក់ព័ន្ធដូចជាសាលាខេត្តកំពង់ធំ មន្ទីអភិវឌ្ឍន៍ជនបទ និងក្រសួងមហាផ្ទៃ ធ្វើការ ដើម្បីកំណត់ព្រំដែនដីសហគមន៍របស់ពួកគាត់ និងទទួលស្គាល់ដោយស្របច្បាប់។ ក៏ប៉ុន្តែ នៅឆ្នាំស២០១៨ក្រុមហ៊ុនសម្បត្តិផ្លាធីនឹម​ បានយកបង្គោលព្រះទៅបោះក្នុងដីដែលពួកគាត់កំពុងអាស្រ័យផល ហើយដែលបានចែកគ្នាក្នុងឆ្នាំ២០១៤រួចហើយ ក្រោយការសម្រេចរបស់លោកអភិបាលខេត្ត។

«ហើយបញ្ហានេះហើយដែលធ្វើឱ្យខ្លួនខ្ញុំ ជាស្ត្រីជនជាតិដើមភាគតិចដែលការពារដីខ្លួនឯង ហើយការពារប្រជាពលរដ្ឋ ជាផលប្រយោជន៍រួម តែយើងរងផលប៉ះពាល់ទៅលើការជាប់ពន្ធនាគារ ក៏ដូចជាការចោទប្រកាន់នៅតុលាការ។ ហើយខ្លួនខ្ញុំផ្ទាល់ត្រូវជាប់ពន្ធនាគារ១៦ថ្ងៃ ដោយសារគេចោទប្រកាន់យើងថា យើងទៅរំលោភអចលនអទ្រព្យ ដែលគេប្រើប្រាស់ដោយសុចរិត»។

មិនត្រឹមតែខ្លួនអ្នកស្រីទេ សូម្បីកូនប្រុសក៏កំពុងជាប់ក្ដីក្ដាំនៅតុលាការផងដែរ។ តំណាងស្រ្តីជនជាតិដើមភាគតិចខេត្តកំពង់ធំរូបនេះ បានចោទសួរទៅកាន់អាជ្ញាធរពាក់ព័ន្ធដោយបង្ហាញនូវការឈឺចាប់ ត្បិតក្រុមអ្នកស្រី ដែលជាប្រជាពលរដ្ឋជនជាតិដើមភាគតិច ប្រើប្រាស់ដីធ្លីតាំងពីដូនតាយូរមកហើយ បែរជាត្រូវបានគេចោទប្រកាន់ថា ខ្លួនជាអ្នកទៅរំលោភយករបស់គេ។

 

«ដីដែលយើងប្រើប្រាស់យូរឆ្នាំមកហើយ តាំងពីដូនតា ហើយយើងកាប់នឹងដៃ រែកនឹងស្មា ទូលហ្នឹងក្បាល ហើយដើរថ្មើរជើង ដែលយើងខិតខំដីមួយហិកតា យើងធ្វើរាប់ឆ្នាំទម្រាំនឹងបានជាចន្ទី ជាដំឡូង យើងជាស្ត្រីជនជាតិដើមភាគតិចឈឺប៉ុណ្ណា? តែបើសិនជាអស់លោកទាំងអស់ ឯកឧត្តមទាំងអស់ មានផ្ទះមួយហើយគេមកបោះយក តើឈឺចិត្តឬទេ?»

 

ចំណែកតំណាងស្ត្រីជនជាតិដើមភាគតិច នៅ សហគមន៍ក្បាលរមាសចាស់ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង លោកស្រី ស្រាំង ឡាញ់ បានអះអាងថា ក្រុមសហគមន៍របស់លោកស្រី បានរងផលប៉ះពាល់លើបញ្ហាដីធ្លី ជាមួយក្រុមហ៊ុនសៀវហ្គិក ដែលបានឈូសឆាយដីធ្លីភូមិក្បាលរមាសចាស់។ លោកស្រីបារម្ភលើការណ៍ដែលក្រុមហ៊ុនដាក់បង្គោលដល់ក្បាលដីស្រែដែលពលរដ្ឋកំពុងអាស្រ័យផល ដែលទាមទារឱ្យអាជ្ញាធរចុះបញ្ជីដីសមូហភាពជូនពួកគាត់។

«ហេតុអីក៏សហគមន៍យើងស្នើសុំចុះបញ្ជីដីសមូហភាពតាំងពីដូនពីតា ជនជាតិយើងពីមុនគឺ គាត់មានសម្គាល់អូ សម្គាល់ផ្លូវ សម្គាល់ទន្លេរ ប៉ុន្តែឥលូវខាងអាជ្ញាធរនាំគ្នាប្រជែងច្បាប់ចុះបញ្ជីប្លង់ឯកជន ប្លង់សមូហភាព។ ហេតុនោះហើយបានជាជនជាតិដើមភាគតិចយើងខ្ញុំ សុំចេញប្លង់បណ្ណសមូហភាព ជូនសហគមន៍យើងមួយក្រុមការពារ។ មិនមែនបានបណ្ណនោះចង់កាប់ទន្ទ្រានព្រៃឈើ មិនមែនទេ។ ចង់រក្សាទឹកដីព្រៃឈើកេរ្ត៍មរតកពីដូនតា ដែលបានដុះ ដែលបានសល់»។

លើបញ្ហានេះ លោក ឡាច សេដ្ឋាផល អនុប្រធាននាយកដ្ឋានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងក្នុងវេទិការនេះដែរថា នឹងប្រមូលយកក្ដីកង្វល់របស់ប្រជាសហគមន៍ខាងលើនេះ ដើម្បីសម្រួលស្វែងរកដំណោះស្រាយ។

 

«ខ្ញុំនឹងទទួលយកទាំងអស់ ប៉ុន្តែសំខាន់ដាក់ចូលទៅក្នុងច្បាប់ស្ដីពីព្រៃឈើ យើងនឹងពិភាក្សាបន្តទៀត ព្រោះអីឋានានុក្រមរបស់យើងមានច្រើន ព្រោះអីវាមានក្រឹត្យ វាមានច្បាប់ វាមានអនុក្រឹត្យ វាមានប្រកាស វាមានសារាចរណ៍ វាមានសេចក្ដីណែនាំ។ ដូច្នេះទុក្ខកង្វល់របស់បងប្អូនមិនអាចយកទៅដាក់ក្នុងច្បាប់ទាំងអស់ទេ។ យើងត្រូវកំណត់ថា សំណៅណា ដែលយើងអាចដាក់នៅក្នុងច្បាប់បាន សំណៅណាដែលយើងយកទៅដាក់ក្នុងអនុក្រឹត្យ និងសំណៅណាដែលយើងយកទៅដាក់ក្នុងប្រកាស និងសេចក្ដីណែនាំផ្សេងៗ ដែលឋានុក្រមនៃការចេញ គឺដោយឡែកពីគ្នាទៀត»។

ជនជាតិដើមភាគតិចមាន ប្រពៃណី ទំនៀមទម្លាប់ របៀបរស់នៅ ពឹងអាស្រ័យផលលើដីធ្លី  និងធនធានធម្មជាតិ និងមានជំនឿប្រតិបត្តិលើការសែនព្រេន និងគោរពទៅលើទឹកដី ព្រៃឈើ ភ្នំ បឹងបួរ អូរ ជ្រោះថ្ម តាំងពីដូនតាមក។ការធ្វើជំរឿននៅឆ្នាំ ២០១៣ បានបង្ហាញថាមានចំនួនប្រមាណ ១៤.៦៧៦.៥៨១នាក់ ក្នុងនោះមានជនជាតិដើមភាគតិចចំនួន ១៨៣.៨៣១នាក់ ស្មើនឹង ១.២៥% ហើយក្នុងចំណោចប្រជាពលរដ្ឋជនជាតិដើមភាគតិចនោះ មានស្ត្រីប្រមាណជា៥១.១% ដោយមាននៅ២០ខេត្ត/ក្រុង និង២២អំបូរ៕

 

Share

ព័ត៌មានទាក់ទង

Image