ភ្នំពេញ៖ សិក្ខាកាមជាយុវជនប្រមាណ ៣០នាក់(ស្រី១៦នាក់) ដែលយុវជនមួយចំនួនប្រតិបត្តិគ្រិស្តសាសនា និងខ្លះប្រតិបត្តិពុទ្ធសាសនា បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដែលរៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ។
វគ្គបណ្តុះបណ្តាលរយៈពីរថ្ងៃចាប់ពីថ្ងៃទី២៤ និងទី២៥ ខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញនេះ ក្រុមគ្រូបង្គោលនៃWMCបានចែករំលែកចំណេះដឹងជាច្រើនទាក់ទងនឹងវិស័យព័ត៌មាន។ ក្នុងនោះមានការបង្ហាញពីប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយ ដូចជា កាសែត ទូរទស្សន៍ វិទ្យុ ការផ្សព្វផ្សាយតាមទីសាធារណៈ និងបណ្តាញសង្គម(Facebook,YouTube,Telegram…) ដែលពួកគេនិយមប្រើប្រាស់។
មួយទៀតដែរ គឺការចែករំលែកមេរៀនការគិតបែបស៊ីជម្រៅដែលចង់ឱ្យសិក្ខាកាមមានមូលដ្ឋានកាន់តែរឹងមាំនៃការគិតពិចារណាដឹងពីហេតុផលនៅពីក្រោយនៃការបញ្ចេញព័ត៌មានរបស់ស្ថាប័នសារព័ត៌មាននីមួយៗនោះ។
ចំណែកថ្ងៃបន្ទាប់ក្រុមគ្រូបង្គោលបានផ្តល់នូវមេរៀនចំនួនពីរបន្ថែមទៀត គឺទាក់ទងរបៀបផ្ទៀងផ្ទាត់ព័ត៌មានមិនពិត និងការឆ្លើយតបទៅនឹងព័ត៌មានមិនពិតដោយសុវត្ថិភាព។ ការចែករំលែកមេរៀននេះ ដោយសារបច្ចុប្បន្នមានការផ្ទុះឡើងនូវព័ត៌មានក្លែងក្លាយជាច្រើនលើបណ្តាញសង្គម ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមងាយលុងចាញ់បោក ខាតបង់ផលប្រយោជន៍ និងខាតបង់សេដ្ឋកិច្ច ពិសេសអាចប្រឈមបញ្ហាសុខភាពផងដែរ។
ក្នុងកម្មវិធីបណ្តុះបណ្តាលនេះ សង្កេតឃើញថា ក្រុមយុវជនជាសិក្ខាកាមបានចូលរួមយ៉ាងសកម្មក្នុងការងារជាក្រុម ដោយមានការពិភាក្សាដេញដោល ការចូលរួមបញ្ចេញមតិយោបល់ ពិសេសអ្នកចូលរួមបានលើកឡើងនូវសំនួរជាច្រើនក្នុងកម្មវិធី។
ក្រុមយុវជនបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដែលបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះដោយទទួលបានចំណេះដឹងថ្មីៗនិងបទពិសោធន៍ល្អៗបន្ថែមដែលអាចយកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ក្រុមសិក្ខាកាមខ្លះបានលើកឡើងពីបទពិសោធន៍ ដែលធ្លាប់ប្រទះការបោកបញ្ឆោតតាមបណ្តាញសង្គម។ក្រុមយុវជនថា បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលនេះ ពួកគេកាន់តែយល់ច្បាស់ពីល្បិចកលនៃជនខិលខូច។ ក្រុមយុវជនសន្យាថា នឹងចែករំលែកចំណេះដឹងដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលទៅកាន់អ្នកក្បែរខ្លួនមាន មិត្តភក្តិ បងប្អូន ឪពុកម្តាយ សាច់ញាតិ និងអ្នកជិតខាងផងដែរ ដើម្បីពួកគេអាចគេចផុសពីការឆបោកលើបណ្តាញសង្គម។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធនេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)នឹងបើកវគ្គបណ្តុះបណ្តាលចំនួន ៨លើក លើក្រុមគោលដៅចំនួនផ្សេងៗគ្នាក្នុងនោះមាន ក្រុមជនមានពិការភាព ក្រុមLGBTQI ក្រុមយុវជន ក្រុមស្រ្តី ក្រុមជនជាតិដើមភាគតិច ក្រុមចំណាក់ស្រុក ក្រុមសាសនា និងក្រុមមនុស្សចាស់ ដោយក្នុងមួយវគ្គបណ្តុះបណ្តាលមានសិក្ខាកាមចំនួនប្រមាណ៣០នាក់ចូលរួម៕
រូបភាពមួយចំនួននៃសកម្មភាពក្នុងវគ្គបណ្តុះបណ្តាល៖