ទោះបីជាតុលារការបានសម្រចឱ្យជនប្រព្រឹត្តិអំពើហិង្សាលើស្ដ្រីនៅក្រៅឃុំមុនកាលកំណត់ក៏ដោយ តែអង្គការយែនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា (GAD/C) សង្ឃឹមថាការពិន័យរបស់តុលាការលើជនប្រព្រឹត្តហិង្សា អាចផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
កញ្ញា ណម ស៊ីណា ប្រធានទំនាក់ទំនងសហគមន៍នៃអង្គការយែនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា(GAD/C) បានលើកឡើងថា ការសម្រេចរបស់តុលាការក្នុងការព្យួរទោសជនជាប់ចោទណាម្នាក់ដែលបានប្រើអំពើហិង្សាលើស្ដ្រី ក្រោយទទួលទោសបានមួយរយៈ គឺជា ឆន្ទានុសិទ្ធិរបស់តុលាការ។
ការលើកឡើងប្រធានទំនាក់ទំនងសហគមន៍នៃអង្គការយែនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជាបែបនេះ ក្រោយតុលាការសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៣ បានសម្រេចឱ្យអតីតមន្ដ្រីផ្កាយពីរ មួយរូបដែលបានប្រើអំពើហិង្សាលើស្ដ្រី កាលពីឆ្នាំ២០២១ នៅក្រៅពន្ធធនាគារ ខណៈទទួលទោសបាន១ ឆ្នាំ ៦ខែ ដែលទោសរបស់គាត់ មានរយៈពេល៣ឆ្នាំ តែទោសនៅសល់ត្រូវបានព្យួរឱ្យនៅក្រៅឃុំ។
គួររម្លឹកថា កាលពីខែមករា ឆ្នាំ២០២១ កន្លងទៅ អតីតមន្ដ្រីផ្កាយពីរនោះ មានឈ្មោះថា សូរ ចាន់សឿន ឬទេស ចាន់សឿន ហៅវ៉ា អាយុ ៤៨ឆ្នាំ បម្រើការនៅក្រសួងការពារជាតិ បានបង្កហិង្សាដោយចេតនាលើស្ដ្រីម្នាក់ មានឈ្មោះថា ឌួង ហេម៉ាលីស ដោយសារទាស់សម្ដីគ្នា។ ប្រភពពីសារព័ត៌មានស្និតនិងរាជរដ្ឋាភិបាលហ្វ្រេសញូ ក៏បានបញ្ជាក់ក្នុងរឿងនេះដែរថា ក្រោយពីបានធ្វើសកម្មភាពវាយលើស្ដ្រីរងគ្រោះខាងលើ ក៏យកនាងទៅឃុំឃាំងនៅផ្ទះកូនចៅរបស់ខ្លួន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នាងត្រូវបានសមត្ថកិច្ចជួយសង្រ្គោះ និងបានដាក់ពាក្យបណ្ដឺងទៅកាន់បុគ្គល សូរ ចាន់សឿន។
ទោះបីសាលាដំបូងខេត្តកំពង់ស្ពឺបានចេញដីការឱ្យនៅក្រៅឃុំ តែតុលាការបានសម្រេចឲ្យឈ្មោះ សូយ ចាន់សឿន ទទួលរងពិន័យជាប្រាក់ចំនួន ៦,០០០,០០០រៀល ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។ ក្រៅពីនេះ ឲ្យឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន សងសំណងថ្លៃព្យាបាលរបួសជាប្រាក់ចំនួន ១០,០០០ ដុល្លារអាមេរិក និងសងសំណងជំងឺចិត្តជាប្រាក់ចំនួន ៥,០០០ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ឌួង ហេម៉ាលីស តាមបញ្ញត្តិមាត្រា ៣៥៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ៕
យ៉ាងណា កញ្ញា ណម ស៊ីណា សង្ឃឹមថាការសម្រេចរបស់តុលាការ គឺអាចផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ។
ទាក់ទងដល់រឿងអ្នកមានអំណាចនេះដែរ កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅគេនៅចាំថា រាជរដ្ឋាភិបាល បានបញ្ចប់តំណែងអភិបាលរងខេត្តកែប លោក ភូ លិ ភ្លាមៗក្រោយ បានប្រើហិង្សាលើស្ដ្រីបណ្ដាលឱ្យរងរបួសបែកក្បាល។ តែលោកបានរត់គេចខ្លួនមិនទាន់បានទទួលទោសនៅឡើយទេ។
ក្នុងរឿងនេះដែរ កញ្ញា ណម ស៊ីណា ក៏បានស្នើរឱ្យសមត្ថកិច្ចចាត់ឱ្យវិធានការគ្រប់បែបយ៉ាងដើម្បីចាប់ជនប្រព្រឹត្តមកដាក់ទោស ដែលអាចផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ និងទទួលបានការទុកចិត្តពីប្រជាពលរដ្ឋដូចគ្នា៕