ភ្នំពេញ៖ ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរតាមម៉ូតូ ដែលនឹងចាប់ផ្តើមអនុវត្តនៅខែមករា ដើមឆ្នាំ ២០១៦ ខាងមុខនេះ អង្គការមូលនិធិបង្ការរបួសអាស៊ី បានប្រារព្ធពិធីមួយនៅសាលាបឋមសិក្សាព្រែកឯង នៅថ្ងៃទី៩ ខែធ្នូនេះ ដោយមានមន្ត្រីពាក់ព័ន្ធ និងអាណាព្យាបាលសិស្សចូលរួមប្រមាណ៣០០នាក់។
អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានប្រារព្ធពិធីផ្តើមយុទ្ធនាការគាំទ្រការអនុវត្តច្បាប់ពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរតាមម៉ូតូ ព្រមទាំងកុមារ ក្នុងគោលបំណងគាំទ្រចំពោះការអនុវត្តច្បាប់ពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរតាមម៉ូតូ ដែលនឹងចាប់ផ្តើមអនុវត្តនៅខែមករា ដើមឆ្នាំ ២០១៦។
ការប្រារព្ធពីធីនេះ ធ្វើឡើងនៅសាលាបឋមសិក្សាព្រែកឯង ស្ថិតនៅសង្កាត់ព្រែកឯង រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ ដោយមានការចូលរួមពីមន្ត្រីស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាង ៣០០នាក់។
យុទ្ធនាការរបស់អង្គការអង្គការមូលនិធិបង្ការរបួសអាស៊ី AIP ក៏លើកកម្ពស់ការយល់ដឹង និងគាំទ្រឱ្យកុមារពាក់មួកសុវត្ថិភាព ក្នុងពេលធ្វើដំណើរផងដែរ ដើម្បីបង្ការការរងរបួសក្បាល ការពារអាយុជីវិតរបស់ពួកគេពីគ្រោះថ្នាក់ចររាចរណ៍។
លោកស្រី Mirjam Sidik នាយិកាប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ី បានថ្លែងថា តាមការស្រាវជ្រាវបានបង្ហាញឱ្យឃើញថា កម្ពុជានាពេលបច្ចុប្បន្ន អ្នកធ្វើដំណើរតាមម៉ូតូ និងកុមារដែលពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរ មានចំនួនតិចតួចនៅឡើយ។ លោកស្រីថា ការពាក់មួកសុវត្ថិភាព បានជួយកាត់បន្ថយហានិភ័យនៃការរងរបួសក្បាលធ្ងន់ធ្ងរបាន ៦៩ % កាត់បន្ថយហានិភ័យនៃការស្លាប់បាន ៤២ % នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
លោកស្រី Mirjam Sidik បាននិយាយថា មុននឹងការអនុវត្តច្បាប់ពាក់មួកសុវត្ថិភាពប្រកាសឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៦ អង្គការមូលនិធិបង្ការរបួសអាស៊ី នឹងធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីច្បាប់ពាក់មួកសុវត្ថិភាពនេះ តាមប្រព័ន្ធផ្សព្វផ្សាយនានាឱ្យបានទូលំទូលាយបន្ថែមទៀត។
លោក ចក ចន្ថា មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID) ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការអនុវត្តច្បាប់ពាក់មួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមម៉ូតូ ព្រមទាំងកុមារ អាចកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិតបានយ៉ាងច្រើន។
លោកបានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ អាចបង្ករឱ្យមានផលប៉ះពាល់យ៉ាងច្រើនដល់សេដ្ឋកិច្ច និងសុខុមាលភាពសង្គមកម្ពុជា ហើយក្នុងនោះទៀតសោត គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិតប្រជាជនកម្ពុជា ០៦ នាក់ក្នុងមួយថ្ងៃៗ និងរងរបួសជាច្រើននាក់ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំពោះអ្នកប្រើប្រាស់ម៉ូតូច្រើនជាងគេ។
លោក ចក ចន្ថា បានសំណូមពរ ឱ្យប្រជាពលរដ្ឋកម្ពុជា មាតាបិតា អាណាព្យាបាលសិស្ស យកចិត្តទុកដាក់និងប្រើប្រាស់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសពីគ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយប៉ះពាល់ដល់ជីវិត។
លោក ឈួន វ៉ន់ អគ្គនាយករងដឹកជញ្ជូន និងជាអគ្គលេខាធិការរងអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០១៤ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានធ្វើឱ្យប្រជាជនកម្ពុជាស្លាប់បាត់បង់ជីវិត ២២០០ នាក់ ហើយការបង្កើតច្បាប់ពាក់មួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមម៉ូតូ ដែលរដ្ឋាភិបាលនឹងដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ ២០១៦ ខាងមុខ គឺជាការចូលរួមចំណែកជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោក ឈួន វ៉ន់ បានបន្តទៀតថា ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ រាល់ការធ្វើដំណើរតាមម៉ូតូត្រូវចាប់ផ្តើមពាក់មួយសុវត្ថិភាពទាំងអស់គ្នា ចៀសវាងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានល្អ។
លោក ឈួន វ៉ន់ បានលើកឡើងថា ច្បាប់ពាក់មួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមម៉ូតូ នឹងផាកពិន័យចំពោះអ្នកមិនពាក់មួយសុវត្ថិភាពក្នុងពេលបើកបរចំនួន ១៥.០០០ រៀលក្នុងម្នាក់ ដែលផ្ទុយពីច្បាប់ចរាចរណ៍ចាស់ពិន័យសត្រឹម ៣០០០ រៀល។ ការផាកពិន័យនេះ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋកម្ពុជា បង្កើនការយកចិត្តទុកដាក់ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ។
តាមការស្រាវជ្រាវរបស់អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) នាពេលថ្មីៗនេះ បានឱ្យដឹងថា ប្រសិនបើច្បាប់ពាក់មួយសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមម៉ូតូ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនោះ ប្រទេសកម្ពុជានឹងអាចជួយសង្គ្រោះជីវិតអ្នករួមដំណើរតាមម៉ូតូបាន ៥៦១ នាក់ ការពារអ្នករួមដំណើរតាមម៉ូតូបានចំនួនជាង ១ម៉ឺននាក់ពីការរងរបួសក្បាល និងសន្សំថវិកាជាតិបានចំនួនជាង ៩៨ លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ ២០២០៕