ខណៈដែលអ្នកគាំទ្រនៅប្រទេសកូរ៉េខាងត្បូង និងនៅជប៉ុនកំពុងធ្វើការតវ៉ា ទាមទារឱ្យដោះលែង លោក ថាច់ សេដ្ឋា អនុប្រធានម្នាក់របស់គណបក្សភ្លើងទៀន នៅឯប្រទេសថៃឯនេះវិញ ក្រុមអ្នកតវ៉ា បានប្រមូលផ្ដុំគ្នាប្រមាណ៥០នាក់ធ្វើយុទ្ធនាការកោរសក់ ដើម្បីទាមទារឲ្យលែងលោក ថាច់ សេដ្ឋា ដែលពួកគេចាត់ទុកជាអ្នកទោសមនសិការ។ សម្រាប់ការតវ៉ានេះ អ្នកនាំពាក្យរដ្ឋាភិបាលចាត់ទុកថា ជាសិទ្ធិសេរីភាពក្នុងការសម្តែងមតិតែប៉ុណ្ណោះ។ ប៉ុន្តែលោកណែនាំឱ្យក្រុមប្រឆំាងគួររកមេធាវី ដើម្បីដោះស្រាយក្ដីក្ដាំទើបជាការប្រសើរ។ លោក គីម ចាន់ចាវ រាយការណ៍
ការកោរសក់នេះ គឺធ្វើឡើងតាមបែបសាសនានៅឯវត្តមួយកន្លែងនៃស្រុក ស៊ីរ៉ាឆា ក្នុងខេត្ត ឈុន បុរី នៅថ្ងៃទី២២ ខែមករា ក្រោមកម្មវត្ថុទាមទារឱ្យដោះលែងអ្នកនយោបាយដែលត្រូវបានជាប់ឃុំនៅពន្ធនាគារ ជាពិសេសលោក ថាច់ សេដ្ឋា ដែលទើបត្រូវបានចាប់ឃុំខ្លួនជាង១សប្តាហ៍។ ពួកគេទាំងនោះ ដែលភាគច្រើនជាពលករអះអាងថា អ្នកតស៊ូដើម្បីប្រជាធិបតេយ្យហ៊ានលះបង់សេរីភាព ត្រឹមសក់ក្បាលប៉ុណ្ណឹង មានអ្វីដែលពួកយើងមិនហ៊ានលះបង់?
«ពួកយើងទាំងជនភៀសខ្លួនទាំងពលករនៅប្រទេសថៃ គឺយើងមានការឈឺចាប់ណាស់ ដែលយើងឃើញកម្ពុជាមានអំពើនិទណ្ឌភាព។ កម្ពុជាមានអំពើអយុត្តិធម៌ព្រៃផ្សៃបែបនេះ យើងអត់ចង់ឃើញកម្ពុជាដូចសព្វថ្ងៃទេ យើងអត់ចង់បានមេដឹកនាំអសមត្ថភាពដូចសព្វថ្ងៃទេ។ យើងត្រូវការទាមទារឱ្យមានការផ្លាស់ប្ដូរមេដឹកនាំតាមសមត្ថភាព»។
ចំណែកនៅប្រទេសកូរ៉េខាងត្បូងវិញ ពលរដ្ឋខ្មែរប្រមាណ ៥០នាក់បាននាំគ្នាចេញតវ៉ានៅក្នុងតំបន់ក្វាងជូធំ ដើម្បីស្នើឱ្យសម្តេច ហ៊ុន សែន ដោះលែងអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ដោយឥតលក្ខខណ្ឌ ព្រមទាំងអ្នកទោសមនសិការជាតិទាំងអស់ដែលកំពុងរងភាពអយុត្តិធម៌ពីការអនុវត្តច្បាប់ដោយតុលាការ ដែលពួកគេយល់ថាធ្វើឡើងក្រោមអំណាចនយោបាយ។ ក្រុមអ្នកតវ៉ា ចាត់ទុកសកម្មភាពថ្មីៗនេះថាមានលក្ខណឃោឃៅ មុនពេលជិតដល់ថ្ងៃបោះឆ្នោតជាតិឆ្នាំ ២០២៣ខាងមុខនេះ ដែលសម្តេច ហុ៑ន សែន បានបញ្ជាបក្ខពួកប្លន់យកដី ឧត្តមប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ដែលមានតំលៃលើស ៥៨លានដុល្លារ និងចាប់ខ្លួនអនុប្រធានបក្សប្រឆាំង។
លោក អន ចាន់ថន ប្រធានគណបក្សភ្លើងទៀនប្រចាំប្រទេសកូរ៉េខាងត្បូង បានចាត់ទុក ការចាប់ខ្លួនអនុប្រធានបក្សភ្លើងទៀនក្រោមការចោទប្រកាន់ថា បានចេញសែកក្លែងក្លាយ គឺជាហេតុផលនយោបាយ និងជាការគំរាមកំហែងដល់បរិយាកាសនយោបាយមុនការបោះឆ្នោតថ្នាក់ជាតិ ហើយការចាប់ខ្លួននេះទៀតសោធ លោកយល់ថា ជាការបំបាក់ស្មារតីកម្លាំងអ្នកគាំទ្របក្សភ្លើងទៀន។ ប្រធានបក្សភ្លើងទៀនប្រចាំប្រទេសកូរ៉េរូបនេះ បន្តថាពួកលោកមិនសុខចិត្តចំពោះអ្វីដែលតុលាការ និងរដ្ឋាភិបាលកម្ពុជាកំពុងធ្វើសព្វថ្ងៃ ដូចជាករណីចាប់អ្នកទោសនយោបាយបក្សប្រឆាំងជាដើម។
«ក្ដីសង្ឃឹមទី១ គឺជាផ្នែកមួយមិនថាតូចមិនថាធំទេ គឺយើងបានបង្ហាញទៅកាន់រដ្ឋាភិបាលកម្ពុជា ទៅកាន់តុលាការកម្ពុជា ថាយើងមានការមិនសុខចិត្តចំពោះ អ្វីដែលគាត់កំពុងតែធ្វើសព្វថ្ងៃ រួមមានការចាប់អ្នកទោសនយោបាយ ក៏ដូចជាលោកថាច់ ស៊ីថា នៅពេលថ្មីៗនេះផងដែរ»។
ពាក់ព័ន្ធករណីតវ៉ាពីពលរដ្ឋរស់នៅក្រៅប្រទេសនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលចាត់ទុកថា សកម្មភាពនេះគ្រាន់តែជាសិទ្ធិសេរីភាពក្នុងការសម្តែងមតិតែប៉ុណ្ណោះ។ យ៉ាងណាមិញលោកយល់ថា ក្រុមបាតុករប្រហែលទទួលព័ត៌មានពីក្រុមបក្សប្រឆាំងដែលញុះញង់បង្ហាញព័ត៌មានតែម្ខាង។ ទោះយ៉ាងមន្ត្រីនាំពាក្យរដ្ឋាភិបាលរូបនេះ ណែនាំឱ្យក្រុមប្រឆំាងគួររកមេធាវីដើម្បីដោះស្រាយក្ដីក្ដាំទើបជាការប្រសើរ។
«ការធ្វើបាតុកម្មគ្រាន់តែជាការបញ្ចេញមតិតែប៉ុណ្ណឹង។ ហើយការបញ្ចេញមតិហ្នឹង ក៏វាអត់បានធ្វើឱ្យអ្វីជាលទ្ធផល ក្នុងការជួយដោះស្រាយដល់ឯកឧត្តមថាច់ សេដ្ឋា នោះទេ។ គឺមានតែមេធាវីដែលប្រកបដោយវិជ្ជាជីវៈ ដែលលោករកភស្ដុតាងណាមួយ ឬរកអង្គច្បាប់ណាមួយ ដើម្បីដោះស្រាយនៃបន្ទុកតុលាការ ទៅលើឯកឧត្តមថាច់ សេដ្ឋា នោះឯង»។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមករា ហើយបញ្ជូនទៅឃុំនៅពន្ធនាគារ ក្រោមបទចោទ«មិនបំពេញកាតព្វកិច្ចចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ពាក់ព័ន្ធនឹងករណីចេញសែកគ្មានសាច់ប្រាក់ឬសែកស្អុយ ដែលបានកើតឡើងចាប់តាំងពីឆ្នាំ២០១២មក។
ក្រៅតែពីពលរដ្ឋខ្មែររស់នៅឯប្រទេសកូរ៉េខាងត្បូង និងនៅប្រទេសថៃ នៅឯប្រទេស ជប៉ុន និងបណ្តាប្រទេសមួយចំនួនទៀត ក៏បានចេញធ្វើបាតុកម្មដូចគ្នា។ ពលរដ្ឋនៅជប៉ុន បានចេញក្បួនតវ៉ាផងដែរ ដោយនៅក្នុងក្បួនបាតុកម្មពួកគេបានលើកបដាដែលសរសរថា ពលរដ្ឋខ្មែររស់នៅឯក្រៅប្រទេសទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន និងស្នើឱ្យរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យពលរដ្ឋរស់នៅក្រៅប្រទេសអាចធ្វើការបោះឆ្នោតបាន ជាពិសេសលុបបំបាត់រូបភាពអយុត្តិធម៌នៅក្នុងសង្គម និងបញ្ឈប់ការធ្វើទុកបុកម្នេញដល់អ្នកប្រជាធិបតេយ្យក្នុងស្រុក៕