ភ្លាមៗក្រោយការលើកឡើងពីមេដឹកនាំរបស់ខ្លួន ទាំងគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច និងក្រុមមេធាវីរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ក្នុងគោលបំណងតែមួយ គឺថ្កោលទោសចំពោះគណបក្សភ្លើងទៀន ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរសេចក្តីថ្លៃថ្នូរគណបក្សប្រជាជនកម្ពុជាតាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
លោក គីម ចាន់ចាវ រាយការណ៍
មិនត្រឹមតែក្រុមមេធាវីរដ្ឋាភិបាល និងគណបក្សកាន់អំណាចនោះទេ បណ្ដាក្រសួង និងស្ថាប័នរណបរដ្ឋាភិបាលមួយចំនួន កំពុងចេញសេចការគាំទ្រជាបន្តបន្ទាប់ ក្នុងខ្លឹមសារហាក់មិនខុសគ្នានោះទេ គឺចាត់ទុកសេចក្ដីថ្លែងការណ៍របស់គណបក្សគណបក្សភ្លើងទៀនអំពីការធ្វើទុកបុកម្នេញមន្ត្រីបក្សប្រឆាំងនេះថា មានចរិកបំផ្លើសផ្ទុយពីការពិត មានចេតនាទុច្ចរិត ទម្លាក់កំហុសដោយអសុទ្ធចិត្ត មូលបង្កាច់ផ្ទុយពីសច្ចៈភាព ចំពោះរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃទី១៩ ខែមករា គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីមេបក្សរបស់ខ្លួន គឺសម្តេច ហ៊ុន សែន ព្រមានប្ដឹងផ្ដល់លើគណបក្សភ្លើងទៀត។ សេចក្ដីថ្លែងការណ៍នោះ អះអាងថា ក្នុងនាមគណបក្សកាន់អំណាចស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គណបក្សរបស់ខ្លួនបានគោរពយ៉ាងម៉ឹងម៉ាត់ នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ប្រជាធិបតេយ្យ និងច្បាប់ជាធរមាន ដើម្បីគ្រប់គ្រងដឹកនាំប្រទេស ដែលធ្វើឱ្យប្រជាជនទូទៅមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង មានសុខសន្ដិភាព សុវត្ថិភាព និងទទួលបានធម្មនុញ្ញផលគ្រប់គ្នាពីការរីកចម្រើន។ គណបក្សប្រជាជនកម្ពុជា ពុំអាចទទួលយកបានដាច់ខាតនូវការប្រមាថកាតទាន និងការចោទប្រកាន់ទាំងបំពានរបស់គណបក្សភ្លើងទៀន។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ គណបក្សប្រជាជនកម្ពុជា បេ្តជ្ញានឹងធ្វើអ្វីៗទាំងអស់តាមច្បាប់ ដើម្បីការពារខ្លួនមិនឱ្យគេរំលោភបំពានបានឡើយ។
ដោយឡែកនៅថ្ងៃទី២០ ខែមករា ក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានចេញសេចក្តីថ្លែងការណ៍ និងថ្កោលទោសគណបក្សភ្លើងទៀនដូចគ្នាដែរ ដោយពួកគេយល់ថា បក្សភ្លើងទៀនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរបំផុត ដល់សេចក្តីថ្លៃថ្នូរចំពោះរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ ក្រុមមេធាវីទាំងនោះអះអាងថា សេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន មានចរិកបំផ្លើសផ្ទុយពីការពិត មានចេតនាទុច្ចរិត ទម្លាក់កំហុសដោយអសុទ្ធចិត្ត មូលបង្កាច់ផ្ទុយពីសច្ចៈភាព ចំពោះរដ្ឋាភិបាល និងចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។
គិតត្រឹមថ្ងៃទី២០ ខែមករានេះ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងចំនួន ៣រូបហើយ ដែលរងក្ដីក្ដាំដោយការប្រើច្បាប់យន្តការច្បាប់ជាបន្តបន្ទាប់។ អ្នកទាំងនោះរួមមាន លោក សុន ឆៃ អនុប្រធានម្នាក់របស់គណបក្ស លោក គង់ គាំ ប្រធានកិត្តិយសគណបក្ស និងចុងក្រោយលោក ថាច់ សេដ្ឋា អនុប្រធានម្នាក់ទៀតរបស់គណបក្ស។ ទោះយ៉ាងណាករណីនេះត្រូវបានអ្នកវិភាគមួយចំនួនចាត់ទុកជាព្យុះភ្លៀងរបស់គណបក្សប្រឆាំងដែលទទួលរងពីគណបក្សកាន់អំណាច។
ក្រៅពីការប្រកាសថ្កោលទោស និងគំាទ្រចំណាត់ការរបស់អាជ្ញាធរ និងតុលាការ ក្រុមមេធាវីរបស់រដ្ឋាភិបាលក្រោមបក្សកាន់អំណាចនេះ បានអំពាវនាវឱ្យ អាជ្ញាធរ និងតុលាការ បន្តចាត់វិធានការច្បាប់ ដោយមិនយោគយល់ ដោយពួកគេយល់ថា ដើម្បីរួមចំណែកលើកកំពស់វិស័យយុត្តិធម៌៕