en     km
en     km

មេដឹកនាំស៊ីវិលទី៤ចូលទៅបំភ្លឺរឿងបង្ហោះចម្រៀងឈាមបាតុករក្រោមបណ្ដឹងពីក្រសួងវប្បធម៌

Share

មេដឹកនាំសង្គមស៊ីវិលសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រឿងចែករំលែកវីដេអូចម្រៀង ឈាមបាតុករ ក្រោយរងបណ្ដឹងពីក្រសួងវប្បធម៌ថា មានគំនិត អុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម។ ប្រធានសមាគមរូបនេះ បានអនុញ្ញាតឱ្យទៅបំពេញការងារវិញ ក្រោយបំភ្លឺចម្ងល់បគនរបាលរួច។

នៅថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៣ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានចូលខ្លួនទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយលោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ បានដាក់ពាក្យបណ្ដឹងមួយពីការបង្ហោះចម្រៀងមានចំណងជើងថា ឈាមបាតុករ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣។

លោក ថេង សាវឿន ជាបុគ្គលទី៤ ហើយបន្ទាប់ពីសង្គមសិទ្ធិមនុស្ស២រូប គឺលោក អំ សំអាត ខាងសិទ្ធិមនុស្សលីកាដូ បានចូលទៅបំភ្លឺកាលពីថ្ងៃទី៩ ខែមករា និងលោកមឿន តុលា ខាងសិទ្ធិមនុស្សសង់ត្រាល់ ព្រមទាំងលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលទៅបំភ្លឺនៅថ្ងៃទី១០ ខែមករា។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជារូបនេះ បានឱ្យដឹងតាមរយៈហ្វេសប៊ុកសមាគមថា នគរបាល បានសួរលោកពីគោលបំណង និងជំហជាក់ស្ដែងនៃការចែករំលែកវីដេអូចម្រៀង ឈាមបាតុករនេះ ខណៈលោកមិនបានបង្ហោះចម្រៀងនេះទេ គ្រាន់តែចែករំលែកប៉ុណ្ណោះ។

សូមជម្រាបថា ក្រោយពេលមេដឹកនាំសង្គមស៊ីវិលសិទ្ធិមនុស្សលីការដូ លោក អំ សំអាត បានជួបជាមួយនគរបាល បទចម្រៀងឈាមបាតុករនៃហ្វេសប៊ុកសង្គមស៊ីវិលនេះក៏បានលុបចោលផងដែរ ក្រោមហេតុផលមិនចង់ទទួលបណ្ដឹងតទៅទៀត។ នេះបើយោងទៅតាមអង្គការលីកាដូ។

យ៉ាងណាសង្គមស៊ីវិលទាំង៤ នៅតែអះអាងដដែលថា ការផ្សព្វផ្សាយវីដេអូនេះ គឺជាគម្រប់ខួប ៩ ឆ្នាំ ក្រោយពីកងកម្លាំងចម្រុះបានបាញ់រះទៅលើកម្មករដែលកំពុងតវ៉ានៅផ្លូវវេងស្រេងកាលពីដើមឆ្នាំ ២០១៤ ដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់ ៤នាក់ បាត់ខ្លួនម្នាក់ និងបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់ ៣៨ នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល មិនមានគំនិតអុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម ដូចការចោទប្រកាន់ពីរដ្ឋមន្ដ្រីក្រសួងវប្បធម៌ឡើយ៕

Share

Image
Image
Image