អង្គការលីកាដូបានឱ្យដឹងតាមរយៈសេចក្ដីថ្លែងការណ៍មួយថា ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ប្រមាណ៤០០គ្រួសារ អាចនឹងរងផលប៉ះពាល់ ដោយការខ្វះតម្លាភាពទំហំជាក់ស្ដែង និងទីតាំងនៃដីសម្បទានក្រោយរាជរដ្ឋាភិបាលផ្ដល់ដីសម្បទានជាថ្មី។ តែរាជរដ្ឋាភិបាលថា អ្នកដែលរងផលប៉ះពាល់ គឺជាអ្នកដែលយកដីអាជីវកម្មតែប៉ុណ្ណោះ ខណៈអ្នកប៉ះពាល់ជាក់ស្ដែង រដ្ឋបាលសិក្សាសងសំណងរួចហើយ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ក្រោយការចុះហត្ថលេខាផ្អាកផ្ដល់ដីសម្បទានជិតមួយទសវត្សរ៍ ពោលកាលពីខែឧសភា ឆ្នាំ២០១២មក, រាជរដ្ឋាភិបាលនៅខែមីនា ឆ្នាំ២០២២ បានផ្ដល់ដីសម្បទានជាថ្មីដល់ក្រុមហ៊ុនឯកជន។ ការណ៍នេះបានបន្ដឱ្យមានទំនាស់ដីធ្លីនៅខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្ដីថ្លែងការរបស់អង្គការលីកាដូ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
លីកាដូបន្ដថា ប្រជាពលរដ្ឋរាប់រយគ្រួសារ កំពុងតែទទួលរងផលប៉ះពាល់ ដោយការស្ថាបនាផ្លូវមួយខ្សែឆ្ពោះទៅកាន់ដីសម្បទានសេដ្ឋកិច្ច ហើយការខ្វះតម្លាភាពជុំវិញទំហំជាក់ស្ដែង និងទីតាំងនៃដីសម្បទាន បាននាំឱ្យអាជ្ញាធរមូលដ្ឋាន ប៉ាន់ប្រមាណថា ប្រជាពលរដ្ឋរហូតដល់ ៤០០ គ្រួសារ អាចនឹងរងផលប៉ះពាល់ នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ស្រុកសៀមប៉ាង និងស្រុកសេសាន នៅភាគឦសាន នៃខេត្តស្ទឹងត្រែង ។
លោកស្រី ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ បានលើកឡើងថា រាជរដ្ឋាភិបាលគួរតែផ្ដល់ព័ត៌មានបន្ថែមទៅលើអ្វី ដែលជាភាពផ្ទុយគ្នានៃការផ្អាកផ្ដល់ដីសម្បទានសេដ្ឋកិច្ចថ្មី។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា ការផ្ដល់ដីសម្បទានថ្មីនេះ ភាគច្រើនផ្ដល់ដល់ក្រុមហ៊ុនក្នុងស្រុក ដើម្បីបង្កើនអ្នកមានសមត្ថភាពវិនិយោគ តែត្រូវសិក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធសិក្សាលើផលប៉ះពាល់សិន។
ឆ្លើយតបទៅកាន់ការលើកឡើងរបស់សង្គមស៊ីវិល រឿងប្រជាពលរដ្ឋអាចរងផលប៉ះពាល់នៅតំបន់ដីសម្បទាននៅខេត្តស្ទឹងត្រែង លោក ផៃ ស៊ីផានបានលើកឡើងដោយអះអាងថា លោកបានចុះទៅធ្វើការងារផ្ទាល់ គឺ គ្រួសារដែលជួបផលប៉ះពាល់ រាជរដ្ឋាភិបាលបានផ្ដល់សំណង់រួចរាល់ហើយ តែបញ្ហាដែលមានមិនចេះចប់ គឺជាអ្នកដែលយកដីធ្វើអាជីវកម្មតែប៉ុណ្ណោះ។
យ៉ាងណា អ្នកភូមិនៅក្នុងតំបន់ដីសម្បទាន បានប្រមូលផ្ដុំគ្នា ចំនួន៥ដង ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២ មក ដើម្បីការពារដីរបស់ពួកគេ លើកចុងក្រោយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីលីកាដូដដែល៕