en     km
en     km

បក្សប្រជាធិបតេយ្យមូលដ្ឋានស្នើរដ្ឋសភាពិនិត្យច្បាប់ពាក់ព័ន្ធសមាសភាព គ.ជ.ប ដើម្បីធានាយុត្តិធម៌ការបោះឆ្នោត

Share

ភ្នំពេញ៖ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងមន្ត្រីបក្សរបស់ខ្លួនបាននាំគ្នា យកញត្តិដាក់នៅរដ្ឋសភាស្នើសុំ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្ដីពីសមាសភាព ស្ថាប័នគណកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី១៦ ខែមករានេះ។ មេបក្សដែលគ្មានអាសនៈក្នុងសភារូបនេះ ទទូចឱ្យរដ្ឋសភា ពិនិត្យឱ្យបានម៉ត់ចត់លើបញ្ញត្តនេះ ដើម្បីធានាភាពត្រឹមត្រូវនៃការបោះឆ្នោត ដើម្បីឱ្យការបោះឆ្នោតសេរី និងយុត្តិធម៌។ លោក គីម ចាន់ចាវ រាយការណ៍

 

 

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅខាងមុខរដ្ឋសភា ក្រោយដាក់ញត្តនៅព្រឹកថ្ងៃទី១៦ ខែមករានេះ លោកប្រធានគណបក្ស យ៉េង វីវៈ ចាត់ទុកសកម្មភាពរបស់ខ្លួនថ្ងៃនេះ គឺដើម្បីជាប្រយោជន៍សម្រាប់ធានាបានការបោះឆ្នោតមួយមានភាពសេរី និងយុត្តិធម៌ ដែលពលរដ្ឋតែងទាមទារចង់បាននូវការកែប្រែនូវបទបញ្ជាមួយចំនួន ដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត និងម្ចាស់ឆ្នោត។

 

«ជាពិសេសដើម្បីបញ្ចៀសបាន ពីបញ្ហាវិវាទក្រោយការបោះឆ្នោត ឬវិបត្តិនយោបាយក្រោយការបោះឆ្នោត។ ហើយដូចអស់លោក លោកស្រីបណ្ដាញសារព័ត៌មានជ្រាបហើយ ក្រោយការបោះឆ្នោតឃុំកន្លងមកនេះ មានការប្ដឹងផ្ដល់ទារជម្ងឺចិត្តដល់លានដុល្លារ ហើយឥលូវហ្នឹងមានការគម្រាមតែហ៊ានតវ៉ាប្ដឹងផ្ដល់អី រិះគន់អីមិនស្រួលហ្នឹងប្ដឹងទៀត។ អញ្ចឹងបានយើងខំប្រឹងតស៊ូមតិពីមុនការបោះឆ្នោត ធ្វើម៉េចឱ្យបញ្ជានីតិវិធីហ្នឹង វាទទួលយកបានពីតួអង្គប្រកួតប្រជែងទាំងអស់»

 

មេបក្សដែលមិនមានអាសនៈក្នុងសភារូបនេះ បានបន្ថែមដោយលើកឡើងពីច្បាប់ ក្នុងរដ្ឋធម្មនុញ្ញ ដែលកំពុងមានបច្ចុប្បន្ន គឺមាត្រា១៥១ ដោយយល់ថា មិនបានឆ្លើយតបនឹងសភាពការណ៍ជាក់ស្ដែងដែលថា សមាសភាព គ.ជ.ប ត្រូវមកពីគណបក្សដឹកនាំរដ្ឋាភិបាល ៤ រូប និងគណបក្សប្រឆំាងដែលមានអាសនៈក្នុងសភាត្រូវមានសមាសភាព ៤រូប និងសមាសភាពម្នាក់ទៀត ដែលកើតចេញពីការជ្រើសរើសរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនៅក្នុងសភា។

 

«តែជាក់ស្ដែងក្នុងអាណត្តិកន្លងមកនេះ ជាពិសេសនីតិកាលទី៦នេះ គឺមានតែ១បក្សទេ ១០០% ១២៥អាសនៈមានបក្សតែមួយ។ អញ្ចឹងវាក្យខណ្ឌបញ្ញត្តដែលនិយាយថា គណបក្សដែលមានអាសនៈនៅសភា ដែលមិនដឹកនាំរដ្ឋាភិបាល ដាក់៤នាក់បានហ្នឹងអត់ទេ។ ហើយរួមគ្នារើសអ្នកទី៩ហ្នឹងអត់អនុវត្តបានទេ»

 

សមាសភាព គ.ជ.ប បច្ចុប្បន្នរួមមាន លោក ប្រាជ្ញ ចន្ទ អតីតតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃុំ និងធ្លាប់កាន់ដំណែងជាច្រើនទៀតក្នុងរដ្ឋបាលគណបក្សកាន់អំណាចនេះ ជាប្រធាន និង លោក នុត សុខុម ជាអនុប្រធាន រួមជាមួយនឹងសភាជិកចំនួន៧នាក់ផ្សេងទៀត ដែលសុទ្ធសឹងជាអតីតមន្ត្រីបក្សកាន់អំណាច។ ក្នុងនោះក៏មានម្នាក់ដែរ គឺ លោក ហង្ស ពុទ្ធា ជាអតីតនាយកប្រតិបត្តិអង្គការអង្កេតការបោះឆ្នោតនៅកម្ពុជាមួយ ឈ្មោះនិកហ្វិក(Nicfec) ដែលជាសមាជិកគ.ជ.ប កើតចេញពីការព្រមព្រៀងគ្នារវាង គណបក្សកាន់អំណាច ជាមួយនឹងអតីតបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ក្រោយមានវប្បធម៌សន្ទនារវាង លោក សម រង្ស៊ី ជាប្រធានបក្សប្រឆំាងកាលនោះ ជាមួយនឹង សម្តេច ហ៊ុន សែន ដែលជាប្រធានបក្សកាន់អំណាច។

 

លោក យ៉េង វីរៈ ទទូចឱ្យរដ្ឋសភា ពិនិត្យឱ្យបានម៉ត់ចត់លើបញ្ញត្តិនេះ ដើម្បីធានាភាពត្រឹមត្រូវនៃការបោះឆ្នោត ត្បិតសភាព គ.ជ.ប នេះ ពិតជាសំខាន់ព្រោះជាអ្នករៀបចំ និងគ្រប់គ្រងការបោះឆ្នោត និងមានតួនាទីធានាឱ្យការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល៕

Share

ព័ត៌មានទាក់ទង

Image