en     km
en     km

សម្តេច ហ៊ុន សែន លុបចោលសេចក្ដីប្រកាស អំពីការចាប់ខ្លួនលោកស្រី សៀង ចាន់ហេង

Share

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកបញ្ជាក់ថា សេចក្តីណែនាំស្តីពីការចាប់ខ្លួនលោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ត្រូវបានលុបវិញហើយ។ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ទីស្ដីការគណរដ្ឋមន្ត្រី បានចេញស.ជ.ណលេខ១៨មយ ដែលចុះហត្ថលេខាដោយ លោក កែន សត្ថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ស្ដីពីចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយយ៉ាងព្រោងព្រាត។ លោក គីម ចាន់ចាវ រាយការណ៍

 

 

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរសារតាមបណ្ដាញសង្គម នៅថ្ងៃទី១១ ខែមករានេះ ប្រកាសលុបចោលស.ជ.ណលេខ១៨មយ ទាក់ទងជាមួយលោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ដែលបានចុះកាលពីថ្ងៃថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។ ស.ជ.ណ ដែលនាយករដ្ឋមន្ត្រីប្រកាសលុបចោលនេះ បានបង្ហាញថា ការដែលនាំឱ្យមានសេចក្តីណែនាំចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ផ្តើមចេញពីបញ្ហាដីធ្លីស្ថិតក្នុងគម្រោងសាងសង់ព្រលានយន្តហោះតេជោក្រុងតាខ្មៅ។

 

បើតាមស.ជ.ណដដែលនេះ ទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វើលិខិតជម្រាបជូនសម្ដេច ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ ករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។​ លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្រ្តីបានប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង។

 

សម្តេច ហ៊ុន សែន បានលើកឡើងក្នុងសំណេរដើមថា «ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាតនូវ ស.ជ.ណ ទាក់ទងជាមួយលោកស្រី សៀង ចាន់ហេងតាមសំណើររបស់សម្តេច ស ខេង និងការសម្រេចរបស់ខ្ញុំ កាលពីថ្ងៃ២៩ ធ្នូ ២០២២។ នៅថ្ងៃទី៩ មករា ២០២៣ តាមសំណើរបស់លោកស្រី សៀង ចាន់ហេង ខ្ញុំបានប្រគល់ជូនឯកឧត្តមជា សុផារ៉ាផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ»។ ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់មុនពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិខ្ញុំសម្រេចលប់ចោល ស.ជ.ណ លេខ១៨មយ ថ្ងៃទី៥ មករា ២០២៣ ចាប់ពីម៉ោងនេះតទៅ។ ការសម្រេចយ៉ាងណាទៀត និងធ្វើក្រោយពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ»។

លោកស្រី សៀង ចាន់ហេង ដែលមានងារជាឧកញ៉ា ល្បីឈ្មោះខាងវិនិយោគលើវិស័យអចលនទ្រព្យ នៅតំបន់ជាច្រើន។ ករណីនេះមិនមែនជាលើកទី១ទេ ដែលលោកស្រីមានបញ្ហាក្ដីក្ដាំពាក់ព័ន្ធនឹងរបររកស៊ីរបស់ខ្លួន។ កាលពីជាង៦ឆ្នាំមុន គឺនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​កាត់ទោស លោកស្រី ឱ្យ​ជាប់​ពន្ធនាគារ​កំណត់​មួយ​ឆ្នាំ និង​បង់ប្រាក់​ជំងឺ​ចិត្ត ៤០០ លាន​រៀល​ទាក់ទង​រឿង​ក្លែង​ឯកសារ​កម្មសិទ្ធិ​ដីធ្លី​ ១៤៦ ហិកតា​នៅ​ភូមិ​ទឹកល្អក់ ឃុំ​ទឹកហូត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ ទោះយ៉ាងណារឿងក្ដីនេះ ហាក់ស្ងប់ស្ងាត់ទៅវិញ ក្រោយពេលដែលលោកស្រីប្រកាសឱ្យក្រុម​មេធាវី​របស់លោកស្រី​ចាត់​ការលើ​រឿង​នេះ​៕

 

 

 

 

Share

Image
Image
Image