កីឡាការិនីកាយសម្ព័ន្ធហ្វីលីពីនឈ្មោះថា Charmaine Dolar ម្ចាស់មេដាយសំរឹទ្ធលើវិញ្ញាសាឯកត្តជន ២ឆ្នាំជាប់គ្នា ពោលឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងឆ្នាំ២០២០ នៅប្រទេសវៀតណាម បានដាក់ការសង្ឃឹមខ្ពស់ក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជានាខែឧសភា ឆ្នាំ២០២៣នេះ។
ផ្អែកតាមការឱ្យដឹងពីសារព័ត៌មាន Philippines News Agency កីឡាការិនីវ័យ៣១ឆ្នាំ Charmaine Dolar ថានាងបានរៀបចំខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ព្រោះវានឹងក្លាយជាការប្រកួតចុងក្រោយរបស់នាង ហើយនាងពិតជាចង់បង្ហាញសមត្ថភាពទាំងអស់ដែលនាងមានពេលប្រកួតនៅកម្ពុជា។
លោកស្រី Allena Rius គ្រូបង្វឹករបស់កីឡារិនីម្ចាស់មេដាយសំរឹទ្ធ២សម័យកាលរូបនេះ បានលើកឡើងតាមសារព័ត៌មានដដែលថា ស៊ីហ្គេមនៅកម្ពុជាខាងមុខ ក្រុមការងាររបស់លោកស្រីកំពុងផ្តោតលើចំណុចខ្សោយរបស់កីឡាការិនី ដោយជំនួយពីគ្រូបង្វឹកបរទេស ដែលរហូតមកដល់ពេលនេះ កំពុងស្ថិតក្រោមការចរចាជាមួយគណៈកម្មការកីឡាហ្វីលីពីន ហើយវាជាការប្រជែងនឹងពេលវេលា ដែលវាហាក់ដូចជានៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ។
បើតាមការបញ្ជាក់ពីលោកស្រីAllena កីឡាការិនី Charmaine Dolar នឹងត្រូវប្រកួត២កម្មវិធីទៀតមុនឈានដល់ការប្រកួតស៊ីហ្គេមនៅកម្ពុជា គឺក្នុងខែមីនា ប្រកួតពិភពលោក(Word Cup) នៅប្រទេសព័រទុយហ្គាល់ និងប្រកួត Suzuki Word Cup នៅប្រទេសជប៉ុន។
សូមជម្រាបថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លោកទី៣២នៅកម្ពុជា នឹងរៀបចំឡើងនៅថ្ងៃទី៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ ស្របពេលនេះ កម្ពុជាកំពុងរៀបចំប្រទេសក្នុងការផ្សព្វផ្សាយពីស៊ីហ្គេមនៅតាមទីសាធារណៈ ចាប់ពីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនៅតាមដងផ្លូវ ទីសាធារណៈផ្សេងៗ។ ការរៀបចំនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា នឹងធ្វើឱ្យហើយមុនថ្ងៃរាប់ថយក្រោយ ១០០ថ្ងៃ មកដល់ គឺនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣៕