កំណាត់ផ្លូវជាង ៤៥គីឡូម៉ែត្រ នៃផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ទៅរង្វង់មូលខេត្តកកំពង់ចាម ត្រូវបានបើកការដ្ឋានពង្រីកពី ២គន្លង ទៅ ៤គន្លង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ ក្រោមការចូលរួមពីរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធៀន។
តាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវនេះ និងស្ពានឆ្លងកាត់ទន្លេកំពង់ចាម(គីហ្សូណា) ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលប្រទេសជប៉ុន។ តែឥលូវនេះ រដ្ឋាភិបាលបាលបានទទួលកម្ចីពីរដ្ឋាភិបាល បូកផ្សំនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ តាមការបញ្ជាក់ពីរាជរដ្ឋាភិបាលកម្ពុជា ផ្លូវជាតិលេខ៧នេះ មានការចាំបាច់តម្រូវឱ្យមានការពង្រីក និងលើកកម្រិតគុណភាព ដោយសារទំហំចរាចរណ៍ និងកំណើននៃការដឹកជញ្ជូនមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
សម្ដេច ហ៊ុន សែន បានបន្ដឱ្យដឹងថា កំណាត់ផ្លូវនេះ ត្រូវបានក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)ជាអ្នកអនុវត្តសាងសង់ និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថាផ្លូវជាតិលេខ៧ ជាផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចមួយ តភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត។ កំណាត់ផ្លូវជាតិនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើង ទៅកាន់ស្រុកចំការលើ និងចំណុចផ្លូវបំបែកកំពង់ថ្ម និងតភ្ជាប់ទៅស្រុកស្ទឹងត្រង់ តាមរយៈផ្លូវជាតិលេខ៧១C។ លើសពីនេះ កំណាត់ផ្លូវជាតិលេខ៧ ក៏តភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦ និងផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី ។
យ៉ាងណា កម្ចីក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាកន្លងមក សង្គមស៊ីវិលទាមទារឱ្យរដ្ឋាភិបាលត្រូវគិតគូលើបំណុលដែលជំពាក់បរទេសផងដែរ។ តែរដ្ឋាភិបាលធ្លាប់អះអាងថា បំណុលដែលកម្ពុជាជំពាក់បរទេសគឺស្ថិតក្នុងស្ថិរភាពនៅឡើយទេ៕