លោក ទិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ក្រសួងកសិកម្ម មិនអាចក្លាយជាគ្រូទាយលើផលិតផលកម្មនោះទេ។ទោះយ៉ាងណា លោករដ្ឋមន្ត្រីកសិកម្មបានបង្ហាញនូវទស្សនទាន ក្នុងការចងក្រងសម្រាប់អ្នកផលិត អ្នកនាំចូលទៅទីផ្សារ ដើម្បីចៀសវាងការដាំដំណាំតាមគ្នា ធ្វើឱ្យចាល់លើទីផ្សារ។ លោក គីម ចាន់ចាវ រាយាការណ៍
ឆ្លើយតបនឹងសំណួរដែលថា តើគួររៀបចំយន្តការបែបណាដើម្បីឱ្យការផលិតនូវផលិតផលកសិកម្មយ៉ាងណាដើម្បីឱ្យ មានទីផ្សារ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា គេមិនអាចបាន់ស្មានដោយរឹងត្អឹងនោះឡើយ លើបញ្ហាទីផ្សារកសិផល។ ក្រសួងកសិកម្ម មិនអាចក្លាយជាគ្រូទាយលើផលិតផលកម្មនោះទេ។ ប៉ុន្តែលោក អះអាងថា ក្រសួងអាចប៉ានស្មាន ទូទស្សន៍ទាយ ដោយផ្អែកលើព័ត៌មានផលិតកម្មផ្សេងៗ រួមជាមួយនឹងតម្រូវការ។ ដំណាំយុទ្ធសាស្ត្រ គឺមានអ្វីៗទៅតាមយុទ្ធសាស្រ។ លោកបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពី«ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» នៅព្រឹកថ្ងៃទី០៥ ខែមករានេះ។
លោករដ្ឋមន្ត្រីកសិកម្ម នៅតែមិនហ៊ានអះអាងពីការទស្សន៍ទាយនេះ ដោយហេតុថា លោកបារម្ភខ្លាចក្រែង ក្រោយក្រសួងប្រាប់ឱ្យពលរដ្ឋដាំដុះដំណាំដែលមានទីផ្សារ នោះពលរដ្ឋអាចនឹងនាំគ្នាដំាដំណាំនោះទាំងអស់គ្នា ដែលនាំឱ្យរាំងស្ទះ។
សូមជម្រាបថា កន្លងមកប្រជាកសិករមួយចំនួនបានរអ៊ូរទាំថា ទម្រាំដល់ពេលប្រមូលផល គឹត្រូវចំណាយអស់ច្រើនទាំងកម្លាំងកាយ និងថវិកា ដើម្បីទិញប្រេង ជី ថ្នាំសម្រាប់បាញ់ការពារសត្វ។ ថវិកាទាំងនោះ បានមកពីការខ្ចីបុលពីឯកជន ជាពិសេសខ្ចីពីអង្គការធនាគាហិរញ្ញវត្ថុ។ កសិករសង្ឃឹមថា ពេលប្រមូលផល នឹងលក់បានក្នុងតម្លៃមួយសមរម្យ ប៉ុន្តែប្រែជាលក់មិនចេញ ឬលក់បានតម្លៃទាប់ទៅវិញ។ បញ្ហានេះ បានបង្កឲ្យប្រជាកសិករបាក់ទឹកចិត្ត និងចង់ធ្វើការចំណាកស្រុកទៅក្រៅប្រទេស ដើម្បីសងបំណុលធនាគារ។
ជំវិញការបញ្ហាទីផ្សារកសិផលខ្មែរនេះ ត្រូវអ្នកជំនាញកសិកម្ម និងអ្នកសេដ្ឋកិច្ច មើលឃើញថា មកពីតម្រូវការទីផ្សារនាំចេញរបស់កម្ពុជាមានតិចតួច ខណៈដំណាំកសិផលបរទេសចេះតែហូរចូល ដោយគ្មានវិធានការទប់ស្តាប់ត្រឹមត្រូវពីសំណាក់អាជ្ញាធរមូលដ្ឋាន។ ការនាំចេញតិចតួចជារឿងសំខាន់មួយ តែរឿងសំខាន់ជាងនេះទៀតនោះ គឺយន្តការនៃការនាំចេញទៅក្រៅប្រទេស នៅមានភាពលំបាកសម្រាប់កម្ពុជា និងខ្វះទំនុកចិត្តលើគុណភាព សុវត្តិភាព ពីទីផ្សារអន្តរជាតិ៕