en     km
en     km

គណៈកម្មាការជាតិស៊ីហ្គេមថា នឹងរៀបចំផ្សព្វផ្សាយស៊ីហ្គេមចាប់ពីពាក់កណ្ដាលខែមករានេះតទៅ

Share

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានឱ្យដឹងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ថា គណៈកម្មាធិការជាតិនឹងរៀបចំតុបតែងផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅតាមទីសាធារណៈនានា ចាប់ពីពាក់កណ្ដាលខែមករាតទៅ ដើម្បីឱ្យដំណឹងនេះផ្សាយជ្រួលជ្រាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងបណ្ដាប្រទេសដទៃទៀតមើលឃើញថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ និងមុនការរាប់ថយក្រោយ១០០ថ្ងៃមកដល់។


ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ គឺនៅសល់រយៈពេល១០០ថ្ងៃដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលរៀបចំព្រឹត្តិការប្រកួតកីឡាស៊ីហ្គេម។ សម្ដេច ទៀ បាញ់ ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បានឱ្យអ្នកជំនាញគ្រប់ផ្នែកទាំងអស់ ត្រៀមខ្លួនឱ្យបានរួចរាល់ និងច្បាស់លាស់ក្នុងការរៀបចំតុបតែង ផ្សព្វផ្សាយអំពីស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។


បើតាមគេហទំព័រ Cambodia2023 បានបញ្ជាក់បន្ថែមថា ការតុបតែងដើម្បីផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅភ្នំពេញ នឹងរៀបចំចាប់ផ្តើមពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនៅតាមដងផ្លូវ ទីសាធារណៈផ្សេងៗ។
លោក វ៉ាត់ ចំរើន អះអាងថា ការរៀបចំផ្សព្វផ្សាយនេះ នឹងត្រូវធ្វើឱ្យហើយមុនកម្មវីធីរាប់ថយក្រោយ១០០ថ្ងៃចូលមកដល់ ដោយមានការចង្អុលបង្ហាញពីរដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលបន្ទុកផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅរាជធានីភ្នំពេញ៕

Share

Image
Image
Image