ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន នៅថ្ងៃទី២ ខែ មករា ឆ្នាំ២០២៣នេះ បានបញ្ជាឱ្យអភិបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលជាខេត្តមានសត្វផ្សោតរស់នៅក្នុងអន្លង់ជ្រៅនៃទន្លេមេគង្គ ទទួលខុសត្រូវក្នុងការការពារសត្វផ្សោត ដោយគ្មានការលើកលែង។
ការដាក់បន្ទុកដល់អភិបាលខេត្តទាំងពីរ ដោយសម្ដេចបញ្ជាក់ថា ខេត្តទាំងពីរនៅផ្ទាល់និងមូលដ្ឋាន គឺត្រូវធានាសុវត្ថិភាពសត្វផ្សោតជៀសវាងកុំឱ្យជាប់មងអ្នកនេសាទ ឬក៏មានការរំខានណាមួយដល់សត្វផ្សោត។
ការដាក់បន្ទុកនេះផងដែរ បន្ទាប់ពីសត្វផ្សោតចំនួន ១១ ក្បាលបានស្លាប់នៅក្នុងឆ្នាំ២០២២ ដោយសារជាប់ឧបករណ៍នេសាទដូចជា មង និងសន្ទូច ដែលអ្នកនេសាទតែងលួចចូលនេសាទក្នុងតំបន់អភិរក្សសត្វផ្សោត។ របាយការណ៍ចុងក្រោយនៃឆ្នាំ២០២២ របស់អង្គការ WWF បានឱ្យដឹងថា មានសត្វផ្សោតសុខភាពល្អមួយក្បាលបានស្លាប់ដោយករណីជាប់សន្ទូចរនងកាលពីថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០២២។
នាយកអង្គការ WWF លោក សេង ទៀក ធ្លាប់ដាក់ការព្រួយបារម្ភថា ប្រសិនបើស្ថានភាពវិបត្តិនេះនៅតែបន្តកើតឡើងទៀត ចំនួនសត្វផ្សោតអាចប្រឈមនឹងការបាត់បង់ទាំងស្រុងនាពេលខាងមុខនេះមិនខាន។ លោកទទូចឱ្យអាជ្ញាធរអនុវត្តច្បាប់ដោយតឹងរ៉ឹងជាបន្ទាន់ ដើម្បីបញ្ឈប់ទាំងស្រុងនូវសកម្មភាពខុសច្បាប់គ្រប់ទម្រង់នៅក្នុងតំបន់ដែលសត្វផ្សោតរស់នៅ។
ឆ្លើយតបនឹងអត្រាស្លាប់សត្វផ្សោតកាន់តែច្រើននេះ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្តទាំងពីរបង្កើតតំបន់ស្នូលអចិន្ត្រៃយ៍នៃការអភិរក្សសត្វផ្សោត ដើម្បីការពារសត្វផ្សោតដែលប្រឈមនឹងការបាត់បង់ ដោយគិតចាប់ពីប្រទេសឡាវ មកដល់ខេត្តក្រចេះ គឺជាតំបន់ដែលត្រូវយកចិត្តទុកដាក់ជាទីបំផុត។ សម្ដេចបានឱ្យដាក់ពោងកំណត់ទីតាំងសម្រាប់ដាក់បម្រាមការនេសាទ និងហាមប្រជានេសាទដាច់ខាត់ចូលតំបន់ហាមឃាត់នោះ៕