en     km
en     km

សមាគមអ្នកផ្គត់ផ្គង់ជ្រូក៖ បញ្ហាតម្លៃជ្រូកនៅកម្ពុជាតែងកើតឡើងដោយសារមន្ត្រីរដ្ឋាភិបាលចូលលូកដៃ

Share

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី លើកឡើងថា ការឡើងថ្លៃ ឬចុះថោកតម្លៃជ្រូក គឺជាបញ្ហាដែលទាមទារឱ្យរដ្ឋាភិបាលរកដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យមានតុល្យភាព រវាងអ្នកចិញ្ចឹម និងអ្នកទទួលទាន។ តែយ៉ាងណា ប្រធានសមាគមអ្នកផ្គត់ផ្គង់ជ្រូក បានលើកឡើងថា បញ្ហាសាច់ជ្រូកនៅកម្ពុជាកន្លងមក តែងកើតឡើងដោយសារ មន្ត្រីរដ្ឋាភិបាល ចូលលូកដៃក្នុងកិច្ចការងារនេះ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ ថ្ងៃទី២៦ ខែធ្នូ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី លើកឡើងថា ការឡើងថ្លៃ ឬចុះថោកតម្លៃជ្រូក គឺជាបញ្ហា ដែលទាមទារឱ្យរដ្ឋាភិបាលរកដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យមានតុល្យ ភាពរវាងអ្នកចិញ្ចឹម និងអ្នកទទួលទាន។

សម្ដេច ហ៊ុន សែន បញ្ជាក់ថា សព្វថ្ងៃនៅកម្ពុជាមានអ្នកចិញ្ចឹមជ្រូកប្រហែល ១ ម៉ឺនគ្រួសារ ខណៈអ្នកទទួលទានរាប់លាននាក់។ ក្នុងនោះ អ្នកទទួលទានទាមទារឱ្យសាច់ជ្រូកចុះថោក រីឯអ្នកចិញ្ចឹមវិញចង់ឱ្យជ្រូកបានតម្លៃខ្ពស់។ បច្ចុប្បន្នរដ្ឋាភិបាល កំពុងថ្លឹងថ្លែង ធ្វើយ៉ាងណា ឱ្យតម្លៃជ្រូកនៅចំណុចកណ្ដាល ដែលផ្ដល់ផលចំណេញដល់ភាគីទាំងពីនេះ។

«ប៉ុន្តែអ្នកទទួលទានសាច់ជ្រូកទៅវិញ គឺចង់ឱ្យសាច់ជ្រូកថោក ហើយអ្នកចិញ្ចឹម ចង់ឱ្យជ្រូកថ្លៃ អ៊ីចឹងទេ ឥឡូវនេះ រដ្ឋាភិបាលស្ថិតនៅក្នុងមាត់ដង្កាប់។ ម្ខាង១ម៉ឺនគ្រួសារ ទាមទារឱ្យរដ្ឋាភិបាល ធ្វើយ៉ាងម៉េច ឱ្យសាច់ជ្រូកហ្នឹងឡើងថ្លៃ ដើម្បីការចិញ្ចឹមមានផលចំណេញ។ ក្នុងនោះ ប៉ុន្មានលានគ្រួសារ ដែលអត់ចិញ្ចឹមជ្រូក ចង់ឱ្យសាច់ជ្រូកថោក។ តម្រូវចិត្ត តែម្ខាងក៏អត់ត្រូវដែរ ដូច្នេះហើយ យើងត្រូវរកវិធី ដើម្បីឱ្យមានតុល្យភាព»។

លើបញ្ហានេះ លោក ចាន់ ថេត ប្រធានសមាគមអ្នកផ្គត់ផ្គង់ជ្រូក នៅកម្ពុជាបានប្រាប់វិទ្យុស្ត្រីនៅរសៀលថ្ងៃទី២៦ ខែធ្នូ នេះថា អតុល្យភាពរឿងបញ្ហាសាច់ជ្រូកនៅកម្ពុជាកន្លងមក មិនមែនកើតឡើងដោយសារបញ្ហាអ្នកចិញ្ចឹម និងអ្នកទទួលទាននោះទេ ប៉ុន្តែលោកបានដាក់ការស្ដីបន្ទោសចំពោះ មន្ត្រីរដ្ឋាភិបាលដែលចូលលូកដៃក្នុងកិច្ចការងារនេះ។

«ខ្ញុំចង់និយាយថា មន្ត្រីយើងពាក់ព័ន្ធលូកដៃទៅក្នុងកិច្ចការរកស៊ីរបស់ឈ្មួញកណ្ដាលមួយចំនួនធំ និយាយឱ្យចំដូចថាឈ្មួញកណ្ដាលដែលគេមានលទ្ធភាពដូចថា នាំជ្រូកចូល គេចិញ្ចឹមជ្រូកធំៗ បើនិយាយពីប្រជាជនបើលក្ខណៈរកស៊ីឱ្យទៅជាចរន្តសេដ្ឋកិច្ចទីផ្សារវាអត់បញ្ហាទេ ឡើងចុះជាធម្មតាទេ គាត់ដឹងហើយ។ ធម្មតាតែកាលណាការផ្គត់ផ្គង់ច្រើន សេចក្ដីត្រូវការតិចអាហ្នឹងវាត្រូវចុះថោកហើយ បើអញ្ចឹងអាហ្នឹងគាត់ផលិតគាត់តាមហ្នឹង។ ប៉ុន្តែកន្លងមកវាអត់អញ្ចឹង ជ្រូកមុនចុះថោក គឺឡើងថ្លៃកប់ពពក មិនមែនឡើងដោយសារខ្វះខាតនោះទេ ទំនិញវាមានប៉ុន្តែវាណាស់តែមន្រី្តមួយចំនួនលូកដៃចូលការងារហ្នឹង។ »

 

ការលូកដៃរបស់មន្ត្រីនេះត្រូវបាន លោក ចាន់ ថេត លើកឡើងថា គឺការនាំឱ្យមានការនាំចូលពីបរទេស។ លោកបានពន្យល់ ក្នុងសំដីដើមថា «លូកដៃហ្នឹងឧទាហរណ៍ថាតម្លៃទីផ្សារ ដូចថាជ្រូកនាំចូលចឹង កាលពីមុនហា៎ នាំចូលមួយគីឡ១ពាន់(រៀល) ជ្រូកថៃ តែយកមកលក់នៅភ្នំពេញនេះ ១ម៉ឺន៤ពាន់ ឬ១ម៉ឺន៣ពាន់ចឹងទៅ។ ហើយដល់ឥលូវក្រោយពីមានបញ្ហាតវ៉ាពីខាងសមាគមខ្ញុំលើមុនហ្នឹង វាមានការស្រកថ្លៃបន្តិចទៅ តែស្រកបបន្តិចហ្នឹងស្រកពី១ម៉ឺន៤ពាន់ ក៏នៅត្រឹម១ម៉ឺន២ពាន់ ឬ១ម៉ឺន៣ពាន់ដែរ មិនស្រកច្រើនទេ ហើយតម្លៃហ្នឹង បើនិយាយពីអ្នកផលិតអត់ចំ ចំណេញតាមពលកម្មទេ»

ទោះយ៉ាងណា លើបញ្ហានេះសម្តេច ហ៊ុន សែន អះអាងថា បញ្ហាដែលលំបាក សម្រាប់វិស័យកសិកម្មនៅពេលនេះ គឺការផលិតបានហើយតែគ្មានទីផ្សារ។ លើការងារនេះ តម្រូវឱ្យមេដឹកនាំ រៀបចំផែនការចល័ត និងដាក់ចេញគោលដៅ ទៅតាមការរីកចម្រើន របស់ពលរដ្ឋ។ ទិន្នន័យរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ បង្ហាញថា តម្លៃជ្រូករស់ លក់មុខកសិដ្ឋាន ទូទាំងប្រទេស មានតម្លៃប្រហែល ៧៨០០រៀល ក្នុងមួយគីឡូក្រាម៕

Share

Image
Image
Image