en     km
en     km

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថ្កោលទោសក្រុមតាលីបង់ដែលហាមស្ត្រីរៀននៅសាកលវិទ្យាល័យ

Share

 

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងរដ្ឋមន្ត្រីការបរទេស១១ប្រទេស បានថ្កោលទោសចំពោះការសម្រេចចិត្តរបស់ពួកតាលីបង់ ដែលបានហាមប្រាមស្ត្រីមិនឱ្យចូលរៀននៅសាកលវិទ្យាល័យក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី២១ ធ្នូ ឆ្នាំ ២០២២។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ ន័រវែស អេស្ប៉ាញ ស្វីស និងចក្រភពអង់គ្លេស បានចូលរួមជាមួយក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប ក្នុងការថ្កោលទោសពួកតាលីបង់ដែលបានប្រកាសកាលពីល្ងាចថ្ងៃអង្គារនៅក្នុងលិខិតក្រសួងអប់រំឧត្តមសិក្សាទៅកាន់សាកលវិទ្យាល័យនានានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញដោយក្រសួងការបរទេសសហរដ្ឋអាមេរិកបានឱ្យដឹងថា “វិធានការគាបសង្កត់របស់ពួកតាលីបង់ប្រឆាំងនឹងក្មេងស្រី និងស្ត្រីអាហ្វហ្គានីស្ថានគឺធ្វើជាប្រព័ន្ធនិងជាប្រចាំ”។

ឆ្លើយតបទៅនឹងការហាមមិនឱ្យចូលរៀននេះ និស្សិតសាកលវិទ្យាល័យម្នាក់និយាយថា នាងគិតថាពួកតាលីបង់ខ្លាចស្ត្រី និងខ្លាចអំណាចស្រ្តី។និស្សិតរូបនេះបានបន្ថែមនិយាយថា “ពួកគេបានបំផ្លាញស្ពានតែមួយគត់ដែលអាចឆ្ពោះទៅអនាគតរបស់ខ្ញុំ” ។”តើខ្ញុំអាចប្រតិកម្មដោយរបៀបណា? ខ្ញុំជឿថាខ្ញុំអាចសិក្សា និងផ្លាស់ប្តូរអនាគតរបស់ខ្ញុំ ឬនាំមកនូវពន្លឺដល់ជីវិតរបស់ខ្ញុំ ប៉ុន្តែពួកគេបានបំផ្លាញអស់ហើយ”។បន្ទាប់ពីក្រុមតាលីបង់ឡើងកាន់កាប់អំណាចកាលពីឆ្នាំមុន សាកលវិទ្យាល័យនានាមានវិធានការឱ្យបែងចែកថ្នាក់រៀន និងច្រកចូលដាច់ដោយឡែករវាងសិស្សប្រុសនិងសិស្សស្រី។សិស្សស្រីអាចរៀនបានដោយគ្រូជាស្ត្រី ឬគ្រូជាបុរសមានវ័យចំណាស់តែប៉ុណ្ណោះ។

ប្រភព៖ Reuters ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២

Share

Image
Image
Image