ផ្អែកទៅលើសេចក្ដីសន្និដ្ឋានទាំង៧ចំណុច ដែលក្រុមខ្លួនបានរៀបចំ មេធាវីការពារក្ដីឱ្យលោក កឹម សុខា បានអះអាង នៅម៉ោងជាង៩យប់ថ្ងៃទី២១ ខែធ្នូ ភ្លាមៗបន្ទាប់ពីបញ្ចប់នូវការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយពេញមួយថ្ងៃ ក្នុងសំណុំរឿង លោកកឹម សុខា ថាពួកគេមានជំនឿមុតមាំថា លោក កឹម សុខាអាចនឹងត្រូវបានរួចពីការចោទប្រកកាន់។ លោក គីម ចាន់ចាវ រាយការណ៍
មេធាវីការពារក្ដីឱ្យលោក កឹម សុខា បានលើកឡើងថា រឿងក្ដីសំណុំរឿងដែលរងការចោទប្រកាន់ «រួមគំនិតក្បត់ជាតិ ហើយចង់ផ្ដួលរំលំរដ្ឋាភិបាល» លើលោកកឹម សុខានេះ ត្រូវបានគេចាត់ទុកជាទូទៅថាជារឿងផលប្រយោជន៍នយោបាយទៅហើយ មិនមែនជារឿងផ្លូវច្បាប់ធម្មតានោះទេ តួយ៉ាងសូម្បីតែពេលវេលាក៏មានលក្ខណៈមិនធម្មតាដែរ ដែលត្រូវបន្តសវនាការដល់ម៉ោងជាង៩យប់បែបនេះ។ ទោះយ៉ាងណាលោកនៅតែមានជំនឿមុតមាំដូចដែលលោកបានដាក់សេចក្ដីសន្និដ្ឋានទាំង៧ចំណុចនោះដែរ។ សេចក្ដីសន្និដ្ឋានទាំង៧ចំណុចនោះត្រូវបានលោកមេធាវី ផែង ហេង រៀបរាប់ក្នុងសំដីដើមថា
«ទី១វាអត់មានអង្គហេតុទេ ទី២វាអត់មានបទល្មើសជាក់ស្ដែងទេ ទី៣អាវត្ថុចាត់តាង ដូចអ្នកស្រីម៉េង សុធារីនិយាយ វត្ថុតាងដាក់កៅអីទទេមានស្អី?មានតែកៅអីទទេហ្នឹង! នីតិវិធីនៃការឃុំខ្លួន និងចាប់ខ្លួនក្ដី វារំលោភទៅលើច្បាប់។ ហើយការបកស្រាយទៅតាមដែលការបកស្រាយ រំលោភទៅលើមាត្រានៃក្រមព្រហ្មទណ្ឌដែលគេហាមទៅលើការ ដែលគេហាមឃាត់ថាការបកស្រាយត្រូវតែតឹងរ៉ឺង។ ដូច្នេះហើយទៅតាមការសន្និដ្ឋានរបស់មេធាវីហើយនឹងអង្គហេតុដែលចេះតែយកសម្ដីគាត់មកធ្វើជាអង្គហេតុហ្នឹងវាមិនមែនជាអង្គហេតុនៃបទល្មើសសន្ទិដ្ឋិភាពជាមួយបរទេសទេ។ ចឹងការសន្និដ្ឋានរបស់យើង ហើយក៏ជំនឿមុតមាំរបស់យើង គឺថាកូនក្ដីយើងអត់មានបទល្មើសទេ»
ក្នុងសវនានៅថ្ងៃទី២១ ខែធ្នូ លោកកឹម សុខានៅទាមទារឱ្យតុលាការផ្ដល់ឱ្យលោករួចខ្លួនពីបទចោទ ហើយការសុំបែបនេះលោកកឹម សុខាក៏ធ្លាប់លើកឡើងចំពោះមុខប្រមុខរាជរដ្ឋាភិបាល សម្តេចហ៊ុន សែនផងដែរ។ បើតាម លោកមេធាវី ផែង ហេងដដែល ក្នុងពេលទាមទារទម្លាក់បទចោទនេះ លោក កឹម សុខា ក៏បានទទួលស្គាល់ដែរថា វីដេអូ ដែលតុលាការដាក់បន្ទុកនេះ គឺជាវីដេអូដែលខ្លួនលោកផ្ទាល់ជាអ្នកនិយាយ។ ប៉ុន្តែលោកក៏បានដឹងដែរថា វីដេអូនេះ ត្រូវបានគេកាត់ចោលនូវចំណុចណា។ បន្ថែមពីនេះ លោកកឹម សុខា ក៏អះអាងថាខ្លួនដឹងច្បាស់ពីភាពស្អាតស្អំរបស់ខ្លួន។
«ហើយគាត់និយាយទាំងអួលដើមក ដែរថា គាត់អ្នកនិយាយ គាត់ដឹងថាវីដេអូហ្នឹងកាត់ត កាត់ចោលកន្លែងណា។ ហើយគាត់ជាអ្នកដឹងថាចេតនាគាត់យ៉ាងម៉េចដូច្នេះគាត់អត់មានចេតនាអីទៅបដិវត្តន៍ពណ៌ ទៅអីណា យកម៉ូដែលយូហ្គោស្លាវីអីអី តាមការចោទ តាមការសន្និដ្ឋាននោះទេ។ ដូច្នេះហើយគាត់បានបង្ហាញនូវភាពស្អាតស្អំរបស់គាត់ហើយ សុំឱ្យរួចបទចោទ ដើម្បីគាត់បានទៅបម្រើជាតិ បម្រើប្រជាពលរដ្ឋវិញ»
សំណុំរឿងលោក កឹម សុខា ត្រូវបានតុលាការផ្អាកទុកជិតពីឆ្នាំបន្ទាប់ពីមានការរាតត្បាតនៃជំងឺកូវីដ១៩។ សហមេធាវីខាងលោក កឹម សុខា និងមេធាវីរដ្ឋាភិបាល ជាមួយតំណាងអយ្យការ កំពុងតតាំងក្តីគ្នាដោយផ្អែកលើភស្តុតាងវីដេអូរបស់ពួកគេរៀងៗខ្លួន ជុំវិញការថ្លែងរបស់លោក កឹម សុខា នៅប្រទេសអូស្ត្រាលីនិងការថ្លែងនៅលើផ្លូវវេងស្រេង និងនៅស្ពាននាគជាដើម។ លោក កឹម សុខា ត្រូវបានចាប់ខ្លួនទាំងកម្រោល នៅរំលងអាធ្រាត្រថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧។ លោកត្រូវតុលាការចោទពីបទសន្និដ្ឋិភាពជាមួយបរទេសឬទោសក្បត់ជាតិដែលត្រូវរ៉ូវគ្នាជា មួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល តាមរយៈវីដេអូដែលលោក កឹម សុខា ថ្លែងនៅប្រទេសអូស្រ្តាលីក្នុងជំនួបជាមួយអ្នកគាំទ្រ។ បន្ទាប់មក លោក កឹម សុខា ត្រូវបានឃុំខ្លួននៅគុកត្រពាំងផ្លុងជាប់ព្រំដែនវៀតណាមជាងមួយឆ្នាំ។ ហើយក្រោយមក លោកត្រូវបានឃុំខ្លួននៅក្នុងផ្ទះជាងមួយឆ្នាំទៀត ដោយតុលាការហាមលោកមិនឪ្យធ្វើសកម្មភាពនយោបាយ និងទៅក្រៅប្រទេសនោះទេ។
ទោះយ៉ាងណា ក្រោយពី សាលាដំបូងរាជធានីភ្នំពេញ បានឱ្យភាគីពាក់ព័ន្ធធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ ក្នុងសំណុំរឿង ចោទប្រកាន់ «រួមគំនិតក្បត់ជាតិ ហើយចង់ផ្ដួលរំលំរដ្ឋាភិបាល» ពេញមួយថ្ងៃ គឺថ្ងៃទី២១ ខែធ្នូនេះ តាមការសម្រេចរបស់ចៅក្រម គឺត្រូវរង់ចាំរហូតដល់ជាង៣ខែ គឺដល់ថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣ ទើបតុលាការសម្រេចជាផ្លូវការនូវលទ្ធផលនៃសេចក្ដីសន្និដ្ឋានចុងក្រោយនេះ៕