en     km
en     km

លោក ស៊ុន ចាន់ថុលព្រមានផាកពិន័យរថយន្ដមិនទាន់ពិនិត្យបច្ចេកទេសមិនបានទៀងទាត់

Share

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឱ្យម្ចាស់យានយន្ដទាំងអស់ យកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់ ជៀសវាងទទួលរងនូវការផាកពិន័យដោយសារហួសសុពលភាព ខណៈលោកបានឱ្យដឹងថា រថយន្ដដែលហួសសុពលភាពឆៀកមានចំនួនប្រមាណជាង ១៧០ពាន់គ្រឿងទៀត ក្នុងចំណោមយានយន្តដែលបានចុះបញ្ជីសរុប ជាង១លានគ្រឿងនៅទូទាំងប្រទេស។

ការលើកឡើងរបស់លោករដ្ឋមន្ដ្រី បានធ្វើឡើងនៅថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២២ ពេលចុះសម្ពោធទីតាំងឆៀកឡានថ្មីនៅសាខាផ្សារដីហុយ តាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោករដ្ឋមន្ដ្រីបន្ថែមថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ទៅតាមការកំណត់ គឺពិតជាមានសារៈសំខាន់ជាខ្លាំង ព្រោះវាធានាបាននូវការផ្តល់សុវត្ថិភាពដល់យានយន្តពេលធ្វើចរាចរណ៍នៅលើដងផ្លូវ និងចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាយានយន្តយន្ត ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន ដោយការបញ្ចេញឧស្ម័នពីយានយន្តដែលមិនស្របតាមកម្រិតកំណត់ គឺបង្កឱ្យមានសារធាតុបំពុលទៅក្នុងបរិយាកាស និងប៉ះពាល់ដល់ស្រទាប់អូហ្សូន។

សូមជម្រាបថា ប្រសិនបើផុតកាលកំណត់នៃការឆៀករថយន្ដ ក្រសួងសាធារណការ នឹងផាកពិន័យ៥០០ រៀល សម្រាប់រថយន្ដតូច និង២០០០រៀលសម្រាប់រថយន្ដធំក្នុងមួយថ្ងៃ នៃថ្ងៃផុតកំណត់៕

Share

Image
Image
Image