en     km
en     km

អភិបាលខេត្តព្រះសីហនុសម្រេចបន្ត ផ្អាកការធ្វើចរាចរណ៍ លើផ្ទៃសមុទ្របន្តទៀត ដោយសារស្ថានភាពអាកាសធាតុ

Share

ដោយសារតែស្ថានភាព អាកាសធាតុនៅមិនទាន់អំណោយផលនៅឡើយ រដ្ឋបាលខេត្តព្រះសីហនុ បាន សម្រេចបន្តផ្អាកការធ្វើ​ចរាចរណ៍​លើ​ផ្ទៃសមុទ្រ ជា​បណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២០ ខែ​ធ្នូ នេះបន្តទៀត ដោយសារ​តែ​ស្ថានភាព​ខ្យល់​នៅលើ​ផ្ទៃសមុទ្រ​មានការ​បោកបក់​ខ្លាំង និងរង់ចាំ ការណែនាំពីស្ថានភាព វិវត្តបន្ត​។ លោក គីម ចាន់ចាវ រាយការណ៍

នេះជាការប្រកាសផ្អាកការធ្វើចរាចរណ៍លើផ្ទៃសមុទ្រជាលើកទី២ បន្ទាប់ពីការលពីថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២២​ លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ បាន​ប្រកាស​ឱ្យ​ស្នងការ​នគរបាល និង​អភិបាល​ក្រុង​កោះ​រុង  ក៏​ដូចជា​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​នាវាចរណ៍ ឱ្យ​ផ្អាក​ការធ្វើ​ចរាចរណ៍​លើ​សមុទ្រ ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ដល់​វេលា​ថ្ងៃត្រង់ ថ្ងៃទី​១៩ ខែ​ធ្នូ​នេះ ជា​បណ្ដោះអាសន្ន​សិន ដោយសារ​តែ​ស្ថានភាព​ខ្យល់​នៅលើ​ផ្ទៃសមុទ្រ​មានការ​បោកបក់​ខ្លាំង និងរង់ចាំការណែនាំពីស្ថានភាពវិវត្តបន្ត​។

 

លោក ឃាង ភារម្យ មន្ត្រីនាំពាក្យរដ្ឋបាលខេតព្រះសីហនុ បានបញ្ជាក់ប្រាប់វិទ្យុស្ត្រីតាមសារអេឡិចត្រូនិកនៅរសៀលថ្ងៃទី២០ ខែធ្នូ នេះ ថា ស្ថានភាពវិវត្តបន្ត នៃអាកាសធាតុ នៅ ខេត្តព្រះសីហនុ ក្រោយការផ្អាក ការធ្វើចរាចរណ៍ លើ ផ្ទៃសមុទ្ររយៈពេល២ថ្ងៃ រហូតដល់ពេលនេះ រដ្ឋបាលខេត្តត្រូវបន្តដាក់ឱ្យស្ថិតក្នុងការតាមដានស្ថានភាពអាកាសធាតុបន្ត។

 

«ការណែនាំរបស់ឯកឧត្តមអភិបាលខេត្តហ្នឹង គឺណែនាំឱ្យអគ្គស្នងការ ហើយនឹងអភិបាលក្រុងកោះរ៉ុង បិទផ្អាកចរាចរណ៍ផ្លូវទឹកជាបណ្ដោះអាសន្ន តាំងពីថ្ងៃទី១៨ និងថ្ងៃទី១៩។ ដោយឡែកនៅថ្ងៃទី២០នេះ យើងកំពុងតាមដាន ស្ថានភាពអាកាសធាតុបន្តទៀត»

 

ចំណែកខាងក្រសួងធនធានទឹក និងឧតុនិយមវិញក៏បានចេញសេចក្ដីជូនដំណឹងជាថ្មីដែរ នៅថ្ងៃទី២០ ខែធ្នូនេះ ដោយបញ្ជាក់ថា ក្នុងរយៈពេល១សប្តាហ៍ខាងមុខនេះ(ថ្ងៃទី២១-២៧) កម្ពុជាទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសនៅកម្ពុជាចុះត្រជាក់ ដោយបណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងមានអាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម ដោយសីតុណ្ហភាពអប្បរមាស្ថិតក្នុងរង្វង់ ១៩អង្សារ ដល់២០អង្សារ។ នៅខេត្តកោះកុងវិញ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងបានឱ្យដឹងថា បើទោះបីជាអ្នកស្រីមិនបានហាមឃាត់ការធ្វើដំណើរលើផ្ទៃសមុទ្រក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្តបាន ណែនាំឱ្យពលរដ្ឋ ជាពិសេស​បងប្អូន​ប្រជានេសាទ​ទាំងអស់មានការប្រុង​ប្រយ័ត្នឱ្យបានខ្ពស់ ត្បិតអាកាស ធាតុនៅខេត្តកោះកុង ក៏មានសភាពខ្យល់កន្ត្រាក់ខ្លាំងដូចនៅខេត្តព្រះសីហនុដែរ។

 

ពាក់ព័ន្ធបញ្ហានៅផ្ទៃសមុទ្រនេះដែរ នៅប្រទេសថៃក្បែរខាងកម្ពុជា នាវារបស់កងទ័ពជើងទឹកមួយគ្រឿង ដែលផ្ទុកទាហ៊ានចំនួនប្រមាណជាង១០០នាក់ បានលិចនៅឈូងសមុទ្រប្រទេសនេះ នៅម៉ោង១១ យប់ថ្ងៃទី១៨ ខែធ្នូ។ ក្នុងហេតុការនេះកងទ័ពចំនួនប្រមាណ៣០នាក់បានបាត់ខ្លួន និងជាង៧០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះភ្លាមៗ៕

 

 

 

Share

ព័ត៌មានទាក់ទង

Image