en     km
en     km

កម្ពុជាគាំទ្រចំពោះគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង

Share

លោក ប៉ាក ហឹងឃ្យុង(Park Heung Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ដែលចប់អាណត្តិ បានសុំការគាំទ្រពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នូវគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខេម។ សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខេមកូរ៉េ។ លោក គីម ចាន់ចាវ រាយការណ៍

 

ក្នុងមួយថ្ងៃៗសំរាមត្រូវបានចាក់ស្រោចនៅតាមទីចាក់សំរាមផ្សេងៗមានការកើនឡើងជាប្រចាំ ដែលបរិមាណកើនឡើងនៃសំរាមនេះបានក្លាយជាក្ដីកង្វល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋភាគច្រើនចាត់ទុកថាសំរាមគ្មានតម្លៃ និងគ្មានប្រយោជន៍ ម្យ៉ាងវិញទៀតសំរាមដែលជាប្រភពនៃភាពកង្វក់ បើទុកដាក់មិនបានត្រឹមត្រូវទេវាអាចបង្ករផលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ រុក្ខជាតិ និងជិវចម្រុះផ្សេងៗ ពិសេសគឺបរិស្ថាន។ សំរាមដែលកើតមានឡើងជារៀងរាល់ថ្ងៃជាពិសេសនៅរាជធានីភ្នំពេញនេះ អាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាជន បញ្ហាកង្វក់បរិស្ថាន ការបំភាយជាឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាសដែលប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកំដៅផែនដីជាដើម។

ការស្នើសុំការគាំទ្ររបស់លោកឯកអគ្គរដ្ឋទូតកូរ៉េចប់អាណត្តិលើគម្រោងកែច្នៃសំរាមទៅជាថាមពលនេះ ធ្វើឡើងនៅក្នុងពេលលោកចូលជួបសំដែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២នេះ ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេច សែន បានឲ្យអ្នកសារព័ត៌មានដឹងនៅពេលបញ្ចប់ជំនួបថា ក្រោយបានលើកឡើងពីកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងកូរ៉េខាងត្បូង លោក ឯកអគ្គរដ្ឋទូត ប៉ាក ហឹងឃ្យុងបានគោរពសុំការគាំទ្រពីសម្ដេចហ៊ុន សែន នូវគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុម ហ៊ុនអេកូខេម ។

សម្តេចហ៊ុន សែន ជួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ដែលជិតផុតអាណត្តិ។ រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី

 

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានបញ្ជាក់ថាចំពោះករណីគម្រោងកែច្នៃសំរាម ទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខេមនោះ សម្ដេចនាយករដ្ឋមន្ត្រី បានសំដែងនូវការគាំទ្រ ហើយបានជូនលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការងារជាបន្តជាមួយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសាលារាជធានីភ្នំពេញផងដែរ។

 

គួរជម្រាបជូនថា នេះមិនមែនជាលើកទីមួយទេ កាលពីពេលកន្លងមកមានក្រុមហ៊ុនបរទេសមួយចំនួន ជាពិសេសក្រុមហ៊ុនចិន បានបង្ហាញពីគម្រោងបោះទុនវិនិយោគកែឆ្នៃសំរាមទៅជាថាមពលអគ្គិសនី នៅកម្ពុជា។ ក៏ប៉ុន្តែគម្រោងទាំងនោះហាក់ស្ងប់ស្ងាត់ទៅវិញម្ដងជាពីរដង ហើយមិនសូវឃើញមានសកម្មភាពអ្វីឡើយ ខណៈដែលសំរាមនៅក្នុងរាជធានីពីមួយថ្ងៃទៅមួយថ្ងៃតែងកើនឡើងជាប្រចាំនោះ៕

Share

ព័ត៌មានទាក់ទង

Image