ក្នុងឱកាសខួបមួយឆ្នាំដែលបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍បានចេញមកធ្វើកូដកម្មការពារសិទ្ធិការងារ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូដ៍ធំមួយនេះ ចេញសេចក្ដីថ្លែងការណ៍បង្ហាញពីការវិវឌ្ឍន៍នៃស្ថានភាពកូដករ និងទាមទារ ឱ្យដោះលែង កញ្ញា ឈឹម ស៊ីថរ ដោយទម្លាក់ចោលរាល់បទចោទលើ កញ្ញា ឈឹម ស៊ីថរ រួមទាំងតំណាងសហជីព និង សមាជិកសហជីពផ្សេងទៀត ព្រមទាំងដោះស្រាយបញ្ចប់វិវាទការងារនេះដោយយុត្តិធម៌។ លោក គីម ចាន់ចាវ រាយការណ៍
គិតមកដល់ថ្ងៃនេះគឺថ្ងៃគម្រប់ខួប១ឆ្នាំហើយដែលបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍បានចេញមកធ្វើកូដកម្ម ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីទាមទាររកយុត្តិធម៌ ការពារសិទ្ធិការងារ ព្រមទាំងការពារសំឡេងសហជីពឯករាជ្យ(LRSU)។ បើតាមសេចក្ដីថ្លែងការណ៍ របស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ថា សហជីពត្រូវបានក្រុមហ៊ុនណាហ្គាវើលដ៏រើសអើង ព្យាយាមរំលាយចោលជាមួយចេតនាអាក្រក់របស់ខ្លួន ដែលក្រុមហ៊ុនបរទេសមួយនេះកំពុងរំលោភសិទ្ធិការងារ និងច្បាប់ការងារនៃប្រទេសកម្ពុជាម្ដងហើយម្ដងទៀត។
សេចក្ដីថ្លែងការដដែលបញ្ជាក់ថា រយៈពេលមួយឆ្នាំមកនេះ វិវាទការងារមួយនេះនៅមិនទាន់ដោះស្រាយបាននៅឡើយទេ សូម្បីតែមួយចំណុច ហើយក្នុងកំឡុងពេលនៃការធ្វើកូដកម្ម ក្រុមកូដករដែលភាគច្រើនសុទ្ធសឹងតែជាស្ត្រីត្រូវបានរងនូវអំពើហិង្សា និងការបៀតបៀនពីសំណាក់ កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចដែល ពួកគេអះអាងថា បានចូលមកកាងឱ្យក្រុមហ៊ុនបរទេសដែលរំលោភច្បាប់ការងារ សិទ្ធិការងារ សិទ្ធិសហជីព រួមទាំងសិទ្ធិរបស់បុគ្គលិកកម្មករក្រុមហ៊ុននេះ ដោយក្រុមកូដករបានរងរបួសស្នាមលើរាងកាយ ឈានដល់ការហូរឈាមលើផ្លូវថ្នល់កណ្ដាលទីក្រុង ព្រមទាំងធ្វើឱ្យកូដករដែលជាស្ត្រីម្នាក់ រលូតបាត់បង់កូននៅក្នុងផ្ទៃទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ តំណាងសហជីព និងសកម្មជនសហជីពចំនួន១១នាក់ ត្រូវបានតុលាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាប់រឹងមាំ ព្រមទាំងចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌ទៀតផង ហើយនៅមានសកម្មជន និងសមាជិក១៣នាក់ផ្សេងទៀតដែលសុទ្ធសឹងជាស្ត្រីក៏ត្រូវបានតុលាការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាប់រឹងមាំដូចគ្នា។ រហូតមកដល់ថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០២២ វេលាម៉ោង១១ព្រឹក ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ឃាត់ខ្លួនកញ្ញាភ្លាមៗក្រោមបទចោទ រំលោភលើលក្ខខណ្ឌនៃការនៅក្រៅឃុំ ដោយល្មើសបម្រាម បន្ទាប់ពីកញ្ញាវិលត្រឡប់ពីកិច្ចប្រជុំសហជីពអន្តរជាតិនៅប្រទេសអូស្ត្រាលីវិញ«ខណៈពេលដែលសមីខ្លួន ព្រមទាំងមេធាវី មិនដែលបានទទួលបម្រាបពីតុលាការម្ដងណាឡើយ» ហើយនៅវេលាម៉ោង៣:៣០នាទី រសៀល កញ្ញា ឈឹម ស៊ីថរ ត្រូវបានបញ្ជូនខ្លួនទៅ មណ្ឌលអប់រំកែប្រែទី២(ម២)។
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានអះអាងថា ពួកគេនៅតែបន្តធ្វើកូដកម្មរហូតដល់មានដំណោះស្រាយយោងតាមសេចក្ដីជូនដំណឹងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្របតាមលក្ខខណ្ឌតម្រូវ ហើយកូដកម្មនេះបញ្ចប់ទៅបានដរាបណាពួកគេទាំងអស់គ្នាទទួលបាននូវដំណោះស្រាយ ភាពយុត្តិធម៌ដ៏សមស្រប រួមទាំងសិទ្ធិការងារ សិទ្ធិសហជីពពេញលេញរបស់ពួកគេ ដោយពួកគេអះអាងថាសិទ្ធិនោះ ក្នុងនាមជាមនុស្ស និងជាបុគ្គលិកកម្មករ មិនមែនជាទាសករសម័យថ្មី។
ទោះយ៉ាងណាលើបញ្ហានេះ កន្លងមកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ តែងអះអាងថា អាជ្ញាធរតែងអនុវត្តទៅតាមនីតិវិធីច្បាប់ ផ្លូវច្បាប់របស់កម្ពុជាដែលមានជាធរមាន ហើយការអនុវត្តនោះទៀតសោទគឺ មិនមែនជាការរំលោភបំពានសិទ្ធិឬក៏ធ្វើទុក្ខបុកម្នេញនោះទេ ប៉ុន្តែវាជាវិធានការច្បាប់ទូទៅ នៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ
ទោះជាបែបនេះក្ដី ក្រុមកូដករនៅតែទទូចឱ្យ ដោះលែង កញ្ញា ឈឹម ស៊ីថរ ទម្លាក់ចោលរាល់បទចោទលើ កញ្ញា ឈឹម ស៊ីថរ រួមទាំងតំណាងសហជីព និង សមាជិកសហជីពផ្សេងទៀត ព្រមទាំងដោះស្រាយបញ្ចប់វិវាទការងារនេះដោយយុត្តិធម៌ និងត្រឹមត្រូវសម្រាប់កូដករ៕