លោក សម រង្ស៊ី ប្រធានស្ដីទីអតីតសង្គ្រោះជាតិ បន្ដវាយប្រហារការដឹកនាំរបស់ សម្ដេចហ៊ុន សែន លើបំណុលវណ្ឌករបស់ប្រជាពលរដ្ឋខ្មែរ ខណៈសង្គមស៊ីវិលក៏បារម្ភពីហានិភ័យ ជាងផលចំណេញ ឬអត្ថប្រយោជន៍កម្ចីដែលប្រជាពលរដ្ឋខ្ចីពីំមីក្រូហិរញ្ញវត្ថុ និងធនាគារ ដោយមានការយល់ដឹងតិចតួច។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
លោក សម រង្ស៊ី ប្រធានស្ដីទីអតីតសង្គ្រោះជាតិ នៅថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២២ បានវាយប្រហារការដឹកនាំប្រទេសរបស់សម្ដេច ហ៊ុន សែន ថាប្រជាពលរដ្ឋខ្មែរសាមញ្ញស្ទើរតែគ្រប់គ្រួសារជំពាក់លុយធនាគារវ័ណ្ឌក រកច្រកចេញមិនឃើញ។ នេះបើយោងទៅតាមហ្វេសប៊ុក លោក សម រង្ស៊ី។
សហស្ថានិកអតីតគណបក្សដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧រូបនេះ បានឱ្យដឹងថា ស្ថានការណ៍បែបនេះ គឺឆ្លុះបញ្ចាំងពីភាពឡុងចុងរបស់រដ្ឋ ដែលគ្មានសមត្ថភាព និងគ្មានលទ្ធភាព បំពេញតួនាទីរបស់ខ្លួន ក្នុងការមើលខុសត្រូវចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លើគ្រប់វិស័យ ដូចជា កសិកម្ម សុខាភិបាល និងសង្គមកិច្ច។
លោកអះអាងលើហ្វេសប៊ុកថា ដោយសារតែការបោះបង់ចោល ឬការព្រលែងចោល ពីសំណាក់រដ្ឋាភិបាល ពុករលួយ និងគ្មានស្មារតីទទួលខុសត្រូវ ចំពោះប្រជាពលរដ្ឋខ្លួនឯង ទើបប្រជាពលរដ្ឋ គ្មានជម្រើសអ្វី ក្រៅពីទៅខ្ចីប្រាក់ ពីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុនាៗ កាន់តែច្រើនឡើងៗ ពីមួយឆ្នាំ ទៅមួយឆ្នាំ ដើម្បីបន្តការរស់នៅ។
ស្របទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី កាលពីពេលកន្លងទៅដែរ សង្គមស៊ីវិលជាតិ និងអន្ដរជាតិបានចេញរបាយការណ៍មួយពីបំណុលវណ្ឌក របស់ប្រជាពលរដ្ឋខ្មែរ ដែលទទួលកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដោយការផ្សព្វផ្សាយជ្រុលហួសហេតុដល់ជើងជណ្ដើរប្រជាពលរដ្ឋ។ សង្គមស៊ីវិលបានថ្លែងថា រៀងរាល់១៦នាទីម្ដង មានប្រជាពលរដ្ឋលក់ដីធ្លី របស់ខ្លួនដើម្បីសងបំណុល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារនៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានលើកឡើងថា បំណុលសព្វថ្ងៃនេះមានទាំងផលប្រយោជន៍ និងបញ្ហាប្រឈម។ ជាផលប្រយោជន៍លោក ថា បើប្រជាពលរដ្ឋចេះរៀបចំគ្រប់គ្រងបំណុលឱ្យបានល្អនោះនឹងនាំឲ្យកម្ចីនៃការអភិវឌ្ឃ
ចំណែកបញ្ហាប្រឈមបែបសង្គម លោកយល់ថា បើអ្នកជាប់បំណុលមិនគិតគូរឱ្យបានច្បាស់លាស់ នូវផែនការនោះទេ នោះនឹងឈានទៅបំណុលវណ្ឌក។
យ៉ាងណា គេមិនទាន់ឃើញមានវិធានការរបស់រាជរដ្ឋាភិបាលលើបញ្ហាបំណុលវណ្ឌករបស់ប្រជាពលរដ្ឋនោះទេ។ តែរាជរដ្ឋាភិបាលធ្លាប់បានលើកទឹកចិត្តឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ រឹបអូសកូនបំណុលណាដែលជំពាក់បំណុល ហើយមិនព្រមសងទៅមីក្រូហិរញ្ញវត្ដុ និងធនាគារវិញ តាមការអំពាវនាវរបស់លោក សម រង្ស៊ីកាលពីពេលកន្លងទៅ។
បើតាមលោក សន ជ័យ ការយល់ដឹងតិចតួចរបស់ប្រជាពលរដ្ឋ និងច្បាប់តឹងរឹងរបស់គ្រឹះស្ថានមីក្រូហិរញ្ញនិងធនាគារ នាំឱ្យមានការព្រួយបារម្ភមួយដែលអាចនាំឱ្យមានហានិភ័យច្រើនជាងផលចំណេញ ឬអត្ថប្រយោជន៍ពីកម្ចីនោះ៕