គណបក្សភ្លើងទៀន លើកសំណើ ៥ ចំណុចដល់រដ្ឋសភាជប៉ុន ដើម្បីពង្រឹងសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសជួយជំរុញដល់ដំណើរការបោះឆ្នោតនៅឆ្នាំ២០២៣ ឲ្យមានភាពសេរី និងប្រជាធិបតេយ្យ ដោយស្នើសុំបញ្ជូនអ្នកសង្កេតការណ៍មកមើលការបោះឆ្នោត។ ទន្ទឹមគ្នានេះ អ្នកវិភាគភូមិសាស្ដ្រនយោបាយយល់ថា ប្រសិនបើពឹងតែអ្នកសង្កេតការណ៍ក្នុងប្រទេស នោះមិនសូវមានភាពសេរីនៃការបោះឆ្នោតនោះទេ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ថ្នាក់ដឹកនាំនៃគណបក្សភ្លើងទៀន ដែលជាបក្សប្រកួតប្រជែងដ៏ធំមួយជាមួយគណបក្សកាន់អំណាច បានលើកសំណើរចំនួន៥ ចំណុចដាក់ជូនសមាជិករដ្ឋសភាជប៉ុន ដើម្បីសុំអន្ដររាគមន៍ពីរដ្ឋាភិបាលជប៉ុន ជំរុញមករាជរដ្ឋាភិបាលកម្ពុជា ឲ្យពង្រឹងស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការបោះឆ្នោនៅកម្ពុជា នាថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ ខាងមុខ។
នេះបើយោងទៅតាមសេចក្ដីប្រកាសព៏ត៌មានរបស់គណបក្សភ្លើងទៀន ដែលចេញនៅថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២២។ សេចក្ដីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោក ថាច់ សេដ្ឋា អនុប្រធានគណបក្ស បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី១-១១ ខែ ធ្នូ ឆ្នាំ២០២២។
គណបក្សបន្ដឱ្យដឹងថា លោកអនុប្រធានបក្សប្រឆាំងរូបនេះ បានជួបជាមួយសមាជិករដ្ឋសភា មកពីគណបក្សប្រឆាំង និងនិងបក្សកាន់អំណាច ព្រមទាំងអង្គការ RITA RITA ដែលជាអង្គការជប៉ុនគាំទ្រ និងលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងក្រុមប្រឹក្សាសាមគ្គីភាពអាស៊ានដើម្បីសេរីភាព និងប្រជាធិបតេយ្យផងដែរ។
សំណើរ៥ ចំណុចដែលគណបក្សភ្លើងទៀន ដាក់ជូនដល់រដ្ឋសភាជប៉ុន ដើម្បីជំរុញរដ្ឋាភិបាលកម្ពុជានោះរួមមាន ទី១ ជួយជំរុញឲ្យមានបរិយាកាសនយោបាយល្អប្រសើរ មុនការបោះឆ្នោតជាតិ ឆ្នាំ២០២៣។ ទី២ ជួយជំរុញឲ្យដោះលែងអ្នកទោសនយោបាយមនសិការ ឲ្យមានសេរីភាព និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់។ ទី៣ ជួយជំរុញឲ្យគណៈកម្មាការជាតិរៀបចំការបោះឆ្នោត មានឯករាជ្យមិនលំអៀង និងទទួលនូវសំណើរកែលម្អភាពមិនប្រក្រតីមួយចំនួន ដែលបានស្នើឡើងដោយគណបក្សភ្លើងទៀន ដើម្បីធានាបានការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ចំណែកចំណុចទី៤ លោក ថាច់ សេដ្ឋា បានស្នើឲ្យបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជាឲ្យបានបានជាអតិបរិមា ដែលអាចធ្វើទៅបាន និងជួយមធ្យោបាយដល់អង្គការ សមាគមឯករាជ្យ នៅកម្ពុជាដាក់អ្នកសង្កេតការណ៍បោះឆ្នោតឲ្យបានគ្រប់ការិយាល័យបោះឆ្នោតទូទាំងប្រទេស។ ឆ្លៀតក្នុងសំណើរនោះដែរ ទី៥ លោក បានស្នើដល់រដ្ឋាភិបាលជប៉ុនយកចិត្តទុកដាក់ជួយមើលការខុសត្រូវចំពោះប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រទេសជប៉ុន ជាពិសេសពលករខ្មែរ និងអ្នកសុំសិទ្ធិជ្រកកោននយោបាយ។
សម្រាប់ការបោះឆ្នោត គណៈកម្មាការជាតិរៀបចំការបោះឆ្នោតបានបើកឱកាសឲ្យគណបក្សចូលរួមក្នុងការរកសំឡេងគាំទ្រ ដាក់ពាក្យស្នើសុំកែតម្រូវលើចំណុចមិនប្រក្រតីមួយចំនួន។ ក្នុងនោះគណបក្សភ្លើងទៀន ក៏ធ្លាប់បានលើកសំណើរសុំកែប្រែដែរ។ យ៉ាងណាអ្នកនាំពាក្យគណៈកម្មាការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ធ្លាប់លើកឡើងថា គណៈកម្មាការជាតិទទួលយកសំណើរសុំកែប្រែរបស់គណបក្សនយោបាយ តែការកែប្រែ ឬមិនព្រមអាស្រ័យលើគណៈកម្មាការជាតិ ដដែល។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឦសាន បានប្រាប់ដល់សារព័ត៌មានអន្ដរជាតិក្នុងស្រុកមួយថា ការស្នើរបស់ប្រប្រឆាំងទៅកាន់បរទេស គឺជាការបង្ខូចកេរ្ដិ៍ឈ្មោះរបស់កម្ពជា។ លោកអះអាងថា ស្ថានភាពនយោបាយនៅកម្ពុជាមានលក្ខណៈល្អប្រសើរ រួមទាំងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺពេញលេញ។
យ៉ាងណា លោក វណ្ណ ប៊ុនណា្ណ អ្នកស្រាវជ្រាវភូមិសាស្ដ្រនយោបាយ យល់ថា ការលើកឡើងរបស់បក្សកាន់អំណាចមិនទាន់ត្រឹមត្រូវនោះ ព្រោះការបោះឆ្នោតមិនថាប្រទេសណានោះទេ ត្រូវការអ្នកសង្កេតការណ៍អន្ដរជាតិចូលរួមសង្កេតការណ៍ដូចគ្នា។
អ្នកស្រាវជ្រាវភូមិសាស្ដ្រនយោបាយរូបនេះ យល់ថា ការស្នើនេះជាការចង់បានរបស់គណបក្សប្រឆាំងក្នុងការបោះឆ្នោត។ លោកបន្ថែមថា ប្រសិនបើពឹងតែអ្នកសង្កេតការណ៍ក្នុងប្រទេស នោះមិនសូវមានភាពសេរីនៃការបោះឆ្នោតនោះទេ។
សូមជម្រាបថា ជប៉ុន គឺជាប្រទេសមួយដែលគាំទ្រ និងពង្រឹងស្ដារលទ្ធិប្រជាធិបតេយ្យកម្ពុជាជាយូរមកហើយ ជាពិសេសផ្ដល់ថវិកាដល់ដំណើរការបោះឆ្នោតផងដែរ តែក្រោយមកក៏មានវិបត្តិនយោបាយ ជប៉ុនក៏បានផ្ដាច់ការបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជាវិញ៕