លោក ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី នៃគណបក្សប្រជាជនកម្ពុជា បានលើកឡើងថាប្រទេសណាក៏មានប្រជាពលរដ្ឋក្រីក្រដែរ សូម្បីតែមហាអំណាច អាមេរិក បារាំងនិងអង់គ្លេស។ លោក ហ៊ុន ម៉ាណែត ថ្លែងទទួលស្គាល់ថាកម្ពុជាក៏ជាប្រទេសមានពលរដ្ឋក្រីក្រដែរ ប៉ុន្តែរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបានអភិវឌ្ឍន៍វិស័យផ្សេងៗតាំងពីឆ្នាំ ១៩៩៣ មក។ ទាក់ទងរឿងនេះសង្គមស៊ីវិល យល់ថាកិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលកម្ពុជាកន្លងមកពុំទាន់អាចផ្គត់ផ្គង់ជីវភាពពលរដ្ឋក្រីក្រឱ្យរស់បានពេញលេញទេ និងទាមទារឱ្យមានតម្លាភាពក្នុងការផ្ដល់ការឧបត្ថម្ភដល់ជនក្រីក្រ។ លោក គីម ចាន់ចាវ រាយការណ៍
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីបានអះអាងថា នៅលើពិភពលោកនេះ ប្រទេសណាក៏មានជនក្រីក្រដែរ មិនមែនមានតែនៅកម្ពុជានោះទេ សូម្បីតែនៅសហរដ្ឋអាមេរិកក៏មានជនក្រីក្ររាប់ម៉ឺននាក់ដែរ។ ប៉ុន្តែលោកថា អ្វីដែលសំខាន់គឺការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋរបស់ខ្លួន។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តចំពោះពលរដ្ឋដែលមានជីវភាពខ្វះខាត និងមិនដែលទៅណាឆ្ងាយពីពលរដ្ឋរបស់ខ្លួននៅពេលមានបញ្ហានោះទេ ជាក់ស្តែងដូចជាទឹកជំនន់ ឬជំងឺកូវីដ-១៩ជាដើម។ នេះបើតាមការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ក្នុងឃ្លីបវីដេអូមួយដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២២កន្លងទៅ។
«គ្មានប្រទេសណាដែលគ្មានពលរដ្ឋក្រីក្រទេ! ប្រទេសខ្មែរក៏មានដែរ ប៉ុន្តែសំណួរសួរថារដ្ឋាភិបាលបានធ្វើអីខ្លះសម្រាប់ជួយប្រជាពលរដ្ឋក្រីក្រ ឬទុក្ខអោយគាត់វេទនា? អាហ្នឹងដែលសំណួរ។ លោកតា លោកយាយនៅស្រុកខ្មែរយើងហ៍ណា៎ ប្រទេសយើងក្រយើងរីកចម្រើនហើយមិនមែនក្លាយជាអ្នកមានមិនមែនយើងអត់ចិត្តទេ តាំងពី៧៩ តាំងពីអីមករំដោះមកយើងជួយប្រជាពលរដ្ឋមកជាប្រចាំ។ ពេលមានទឹកជំនន់យើងចេញជួយ ពេលដែលលំបាកកូវីដយើងចេញជួយ Freeទាំងអស់ឥលូវសួរថាប្រជាពលរដ្ឋរបស់យើង អត្រានៃភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងលោកតា លោកយាយ ឆ្នំា៩៣ ឆ្នាំ៩៤ គឺ៣៩ភាគរយ ជិត៤០ភាគរយនៃប្រជាពលរដ្ឋយើងរស់នៅក្រោមបន្ទាត់ក្រីក្រ។ ឥលូវយើងចុះខ្ទង់១៧ សួរលោកតា លោកយាយ ចុះហ្នឹងដោយសារអី? ដោយសារកំណើន នៃប្រជាពលរដ្ឋមានជីវភាពខ្ពស់និងជីវភាពមធ្យម»។
ជុំវិញរឿងនេះនាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យ៉ង់ គឹមអេង និយាយថា ទោះបីជាប្រទេសនីមួយៗមានជនក្រីក្រក៏ពិតមែន ប៉ុន្តែការទទួលបានសេវាសាធារណៈរបស់រដ្ឋាភិបាលប្រទេសនីមួយៗមានភាពខុសគ្នា។ លោកសង្កេតឃើញថា ការជួយរបស់រដ្ឋាភិបាលកម្ពុជាកន្លងមកពុំទាន់អាចផ្គត់ផ្គង់ជីវភាពពលរដ្ឋក្រីក្រឱ្យរស់បានពេញលេញទេ គ្រាន់តែជួយសម្រាលបានមួយផ្នែកប៉ុណ្ណោះ។ បើតាមលោកយ៉ង គឹមអេង អ្នកក្រីក្រគួរតែទទួលបានការផ្គត់ផ្គង់ពីរដ្ឋាភិបាលនិងរស់នៅដោយស្មើភាព។
«ជាទូទៅប្រទេសណាក៏មានដែរអ្នកក្រី បាទ វាមិនអត់ទេណា៎ ការលើកឡើងហ្នឹងត្រឹមត្រូវហើយបាទ។ ប៉ុន្តែអ្នកក្រីក្រគឺត្រូវតែរស់នៅ ដោយស្មើរភាពជាមួយគេជាមួយគេជាមួយឯងបាទ។ ហេតុអីបានជាគេនិយាយពីរឿងស្មើរភាព? ពីព្រោះគាត់ទទួលបានសេវាសុខភាពដែលល្អដូចគ្នាបាទ ជាមួយអ្នកមានអ្នកអីហ្នឹងគឺគាត់ទទួលបានសេវសុខភាពដែលល្អដូចគ្នា។ ហើយការទទួលបាននូវសេវាសាធារណៈដូចគ្នាទៀតបាទ។ គ្រាន់តែគាត់អត់មានលុយមានកាក់មានចំណូលដូចគេដូចឯង ឬក៏គាត់អត់ការងារធ្វើតែប៉ុណ្ណឹងទេបាទ។ ហើយរដ្ឋគេឧបត្ថម្ភលុយឱ្យបានរស់នៅមួយខែៗចឹងទៅបាទ»។
លោក ហ៊ុន ម៉ាណែត បានលើកឡើងពីគុណសម្បត្តិគណបក្សកាន់អំណាចដោយអះអាងថា ក្រោយឆ្នាំ១៩៩៣ មក មិនមានជំនាន់ណាដែលមានការអភិវឌ្ឍដូចជំនាន់បក្សប្រជាជនកម្ពុជាកាន់តំណែងនោះទេ។ ពោលគឺបាននាំការអភិវឌ្ឍមកដល់មូលដ្ឋានរបស់ពលរដ្ឋតែម្តង មានដូចជាការបង្កើត ហេដ្ឋារចនាសម្ព័ន្ធនានា ការបង្កើតការងារដល់ពលរដ្ឋជាដើម។ មួយវិញទៀត លោកថារាជរដ្ឋាភិបាលក៏បានបញ្ចេញទឹកប្រាក់ដើម្បីជួយសម្រួលដល់ជីវភាព ដែលបណ្តាលមកពីការធ្លាក់ចុះនៃអតិផរណាផងដែរ។
«គោលនយោបាយគាំពារសង្គមរបស់រដ្ឋាភិបាល ដូចចេញជាការប័ណ្ណសមធម៌ប័ណ្ណអីសម្រាប់ជួយប្រជាពលរដ្ឋ ឈឺថ្កាត់ក្រីក្ររដ្ឋចេញលុយឱ្យ មិនមែនFreeទេ លោកតាលោកយាយទៅគេចេញ អត់មានបង់លុយ រដ្ឋចេញលុយឱ្យ។ មិនមែនFree បើចឹងរដ្ឋមានលុយណាទៅទិញថ្នាំបន្ថែមទៀត? គឺរដ្ឋចេញលុយជូន! ប្រជាពលរដ្ឋដែលទុក្ខលំបាកពេលកូវីដនែ៎ រដ្ឋចេញមួយខែជិត៤០លានដុល្លារ មួយឆ្នាំជិត៥០០លានដុល្លារ ដើម្បីជួយប៉ះប៉ូវ។ ពេលកូនចៅប្រជាពលរដ្ឋម៉ាបិទកូវីដនេះ ចេញថ្នាំជាងរាប់រយលានដុល្លារដើម្បីចាក់ជូនប្រជាពលរដ្ឋ ដើម្បីបើកប្រទេសឡើងវិញ។ បសស សម្រាប់មន្ត្រីរាជការ កម្មករ កម្មការិនី ទៅព្យាបាលទៅអីយើងជួយ។ ដើម្បីកាត់បន្ថយ ហ្នឹងហើយការជួយពលរដ្ឋក្រីក្រ»។
តែសម្រាប់លោក យ៉ង់ គឹមអេង ដដែលយល់ថា កន្លងមករាជរដ្ឋាភិបាលបានគិតគូពីបញ្ហានិងជួយសម្រួលបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្តែលោកចង់ឱ្យការអនុវត្តប្រព្រឹត្តិទៅដោយតម្លាភាពក្នុងការវាយតម្លៃឱ្យបានច្បាស់លាស់ពីភាពក្រីក្ររបស់ប្រជាជន ចៀសវាងបញ្ហាបក្ខពួកនិយម ខណៈអាជ្ញាធរមូលដ្ឋានខ្លះចុះឈ្មោះសាច់ញាតិខ្លួនដើម្បីទទួលការឧបត្ថម្ភក្នុងនាមជាអ្នកក្រីក្រ។
«ពេលខ្លះត្រូវបានគេលើកឡើងអំពី ការផ្ដល់ឱ្យបងប្អូន ជាពិសេសពួកអាជ្ញាធរនៅមូលដ្ឋានដែលមិនមែនជាអ្នកក្រីក្រ។ ចឹងដែលធ្វើឱ្យមានបាតុភាពទាំងនោះកើតឡើង មួយចំនួនដែរបាត»។
ប្រជាជនកម្ពុជាចំនួន ១៧,៨ភាគរយ នៃប្រជាជនសរុបជិត ១៦ លាននាក់ កំពុងរស់នៅក្នុងភាពក្រីក្រ ដោយជាមធ្យមប្រជាជនម្នាក់ៗរកចំណូលបានមិនដល់ ១០ ៩៥១ រៀលផងក្នុងមួយថ្ងៃ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងផែនការ ស្ដីពីខ្សែបន្ទាត់ថ្មីនៃភាពក្រីក្រី និងអត្រាថ្មីនៃភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា ដែលផ្សព្វផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២១។
ជាមួយនឹងខ្សែបន្ទាត់ថ្មីនេះ ភាពក្រីក្ររបស់ប្រជាជនកម្ពុជាបានហក់ឡើងជិត១០ភាគរយ បើគិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។ ក្នុងនោះអត្រាភាពក្រីក្រនៅភ្នំពេញមានចំនួន ៤,២% តំបន់ទីប្រជុំជនផ្សេងទៀតមានចំនួន ១២,៦% និងតំបន់ជនបទមានចំនួន ២២,៨%។ ដោយឡែក បើតាមទិន្នន័យរបស់ក្រសួងផែនការ ចាប់តាំងពីឆ្នាំ២០១៤អត្រាភាពក្រីក្រមានតែចំនួន១៣,៥% ប៉ុណ្ណោះ ដែលជាអត្រាភាពក្រីក្រចុងក្រោយមុនមានវិបត្តិកូវីដ-១៩៕