ខណៈជិតដល់ថ្ងៃឡើងសវនាការបញ្ចប់ការសួរដេញដោលរឿងឃុបឃិតជាមួយបរទេស លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលស្ថិតក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយជនបរទេសនេះ បានបញ្ជាក់ជំហររបស់ខ្លួនសារជាថ្មីថា លោកគ្មានហេតុផលណាត្រូវនាំជាតិសាសន៍ដទៃមកត្រួតត្រា ឬ បំផ្លិចបំផ្លាញ ឬឈ្លានពានប្រឆាំងនឹងប្រទេសខ្លួនឯងនោះឡើយ។ នេះបើតាមសំណេរបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា កាលពីថ្ងៃទី០៦ ខែធ្នួ ឆ្នាំ២០២២ម្សិលមិញ។
លោក កឹម សុខា បន្ថែមទៀតថា លោករស់នៅកម្ពុជា ៧០ឆ្នាំមកហើយ ដែលបទពិសោធន៍នេះអាចល្មមឱ្យលោកដឹងពីបរិបទកម្ពុជាពិសេសរបៀបរបបដឹកនាំរបស់អ្នកនយោបាយនៅស្រុកខ្មែរ។លោកសង្កត់ធ្ងន់ដោយចាត់ទុកប្រទេសកំណើតស្មើនឹងដង្ហើមរបស់លោក ដែលគ្មានហេតុផលណាមួយត្រូវក្បត់ជាតិនាំបរទេសមកផ្តួលរំលំរដ្ឋាភិបាលឬឱ្យបរទេសត្រួតត្រានោះឡើយ។ ពោលគឺមានតែការប្តេជ្ញាថែរក្សា ការពារ ឱ្យបានគង់វង្ស។
គួររម្លឹកថា លោ កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទពឹងពាក់ជនបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាល ឬសន្ទិដ្ឋិភាពជាមួយជនបរទេស ហើយសំណុំរឿងរបស់លោក ត្រូវបានអូសបន្លាយរយៈពេល៥ឆ្នាំ ពោល តាំងពីខែកញ្ញា ឆ្នាំ២០១៧ មកម្ល៉េះ។ តុលាការបានទុកពេល ២ ខែចុងក្រោយ មិនឱ្យលោកចូលសវនាការ ដើម្បីទុកពេលឱ្យគ្រប់ភាគីសរសេរសេចក្ដីសន្និដ្ឋានជូនទៅតុលាការ។
លោក កឹម សុខា បន្ថែមទៀតថា ទោះបីមាននិន្នាការនយោបាយ ឬ សង្គមផ្សេងគ្នាក៏ដោយ គឺលោកត្រូវតែរួមសុខ រួមទុក្ខជាមួយគ្នា អត់ឱនឲ្យគ្នា មិនយកខ្មែរណាជាសត្រូវ មិនគុំកួនសងសឹកគ្នាជាដាច់ខាត។ ជាងនេះលោកថា គឺមិនមានហេតុផលអ្វីដែលលោកនាំជាតិសាសន៍ដ៏ទៃមកបង្កើតឲ្យមានអំពើប្រទូសរ៉ាយ សង្គ្រាមបង្ហូរឈាមខ្មែរជាឈាមរបស់លោកនោះទេ៕