en     km
en     km

បទយកការណ៍៖ អាណាព្យាបាលមកលើកទឹកចិត្តកូននៅមុខមណ្ឌលប្រឡងចង់ឃើញកូនៗទទួលបានជោគជ័យចេញពីសមត្ថភាពពិតប្រាកដ

Share

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៥ ខែធ្នូ ឆ្នាំ២០២២ បានដំណើរការដោយរលូន នៅតាមមណ្ឌលប្រឡងទូទាំងប្រទេស។ បេក្ខជនទាំងអស់ បានចូលក្នុងមណ្ឌលប្រឡងតាមទីតាំងរាជធានី ខេត្ត និងចូលក្នុងបន្ទប់ប្រឡងរៀងៗខ្លួន ក្រោមការរឹតបណ្តឹងត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ និងអាជ្ញាធរមានសមត្ថកិច្ចរយៈពេល២ថ្ងៃ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ។ ទិដ្ឋភាពដោយឡែកនៅខាងមុខមណ្ឌលប្រឡងនៃវិទ្យាល័យជាស៊ីមសាមគ្គី ក្នុងរាជធានីភ្នំពេញវិញ អាណាព្យាបាលមួយចំនួនបានមកឈរឃ្លាំមើលកូនៗប្រឡងនៅក្រៅរបងមណ្ឌលយកចិត្តទុកដាក់លាយឡំក្តីព្រួយបារម្ភខ្លះផង ពួកគេចង់ឃើញកូនៗទទួលបានជោគជ័យលើការប្រឡងដែលកើតចេញពីសមត្ថភាពពិតប្រាកដ។

ជាបន្តទៅនេះ សូមនាង កញ្ញា លោក លោកស្រី ស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយ លោក គីម ចាន់ចាវ ដូចតទៅ!

 

 

មាតាបិតាដែលអង្គុយចាំលើកទឹកចិត្តកូនៗរបស់ពួកគេនៅមុខមណ្ឌលប្រឡងបានជជែកគ្នាពីកូនៗរបស់ខ្លួនដែលខិតខំរៀនសូត្រ និង ខ្វាយខ្វល់ជាមួយការត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបឆ្នាំ២០២២នេះ។ ឳពុកម្តាយដែលជូនកូនមកប្រឡងលើកឡើងស្រដៀងគ្នាថា កូនៗរបស់ពួកគេបានក្រោកពីព្រលឹម ដើម្បីតឿនពួកគេឱ្យជូនខ្លួនមកមណ្ឌលប្រឡងអោយបានមុនម៉ោង ហើយខ្លះទៀតមានទាំងគេងមិនលក់ផងដែរ ត្បិតតែងនឹកគិតដល់មេរៀនដែលត្រូវប្រឡង។

 

ទិដ្ឋភាពខាងមុខវិទ្យាល័យជាស៊ីមសាមគ្គី ថ្ងៃប្រឡងបាក់ឌុប។

អាណាព្យាបាលទី១៖ «ដូចថាពេលគាត់ធ្មេចទៅឃើញតែមេរៀនគាត់ធ្លាប់រៀនអីចឹង ទៅណាស់ វាវ៉ល់ពេញខួរក្បាលតិចចេញអានេះ តិចចេញអានោះ គាត់រៀនប៉ុន្មានមុខៗ ធ្លាប់អានវាចេញដេកអត់លក់ ធ្មេញអត់លក់ចឹងទៅណា៎»។

 

អាណាព្យាបាលទី២ លោក ឡេង គ័ង ៖ «ព្រឹកមិញហ្នឹងគាត់ងើបពីយប់មិនដឹងងើបតាំងពីថ្មើរម៉ានទេ គាត់មើលមេរៀនរហូត ទាល់ម៉ោង៥គាត់ស្លៀកពាក់ខោអាវហើយ គាត់ហូបអីហើយគាត់ចេញមកហ្នឹង ទារមកម៉ោង៥កន្លះមិនទាន់នាំគាត់មកទេងងឹតពេក ម៉ោង៦បានខ្ញុំចេញមក ខ្ញុំជូនគាត់មក»។

 

អាណាព្យាបាលទី៣៖ «ក្រោកតាំងម៉ោង៥ជាងហ៍ កូនក្រោកមុន ដេកអត់លក់ផងហ្នឹង ដាក់ម៉ោងរោទ៍៥ វាងើបតែម្ដង»។

 

ទិដ្ឋភាពខាងក្នុងវិទ្យាល័យជាស៊ីមសាមគ្គី ថ្ងៃប្រឡងបាក់ឌុប។

ស្ថិតក្នុងសំលៀកបំពាក់ខោស អាវពណ៌លឿង អង្គុយលើម៉ូតូ នៅមុខរបងវិទ្យាល័យ ជា ស៊ីម សាមគ្គីស្ថិតក្នុងសង្កាត់បឹងសាឡាង រាជធានីភ្នំពេញលោក ជា លឹមសេង ជាឪពុករបស់បេក្ខជនឈ្មោះ ជា ដេវីដ បានលើកឡើងថា កូនប្រុសរបស់លោកបានងើបពីព្រឹកព្រលឹមម៉ោង ៥ ដើម្បីរៀបចំខ្លួនឱ្យរួចរាល់ ហើយបបួលលោកឱ្យជូនមកមណ្ឌលប្រឡងតែម្ដង។ ប៉ុន្តែលោកថាដោយសារតែផ្ទះនៅមិនឆ្ងាយពីមណ្ឌលប្រឡង លោកបានណែនាំកូនអោយទប់អារម្មណ៍កុំជ្រួលច្របល់ តែត្រូវប្រមូលអារម្មណ៍ហើយទុកពេលមើលមេរៀនវិញ។

 

«ព្រឹកមិញគាត់ក្រោកម៉ោង៤៖១០នាទីអូន! គាត់បានរៀបចំខ្លួនហ្នឹងម៉ោង៥គាត់តឿនខ្ញុំមកហ្មង ខ្ញុំថាម៉ោង៦អី ផ្ទះយើងនៅជិតដែរទេ ខ្ញុំនៅស្ទឹងមានជ័យនេះវាទេណា៎ ចឹងខ្ញុំថាត្រឹមនេះ ខ្ញុំជិះតែ៥នាទី ទៅ១០នាទី វាដល់ហើយ ចឹងពន្យាគាត់ដល់ម៉ោង៦គត់បានជូនគាត់មក។ គាត់ទារខ្ញុំមកតាំងម៉ោង៥កន្លះហ៍ ខ្ញុំថាមកនេះមកឈរអត់ប្រយោជន៍ទាំងអស់ សុខចិត្តយើងនៅផ្ទះមើលមេរៀន យើងនឹកថាកន្លែងណាដែលយើងនៅស្ទើរយើងរំលឹកអាកន្លែងហ្នឹងវាល្អជាងអូន»។

លោក ជា លឹមសេង រង់ចាំកូនប្រុសប្រឡបបាក់ឌុប នៅមុខវិទ្យាល័យជាស៊ីមសាមគ្គី។

ក្រសួងអប់រំ យុវជននិងកីឡាបានមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

ស្របតាមសេចក្តីអំពាវនាវរបស់ក្រសួងអប់រំគេសង្កេតឃើញថា នៅមណ្ឌលប្រឡងជាស៊ីមសាមគ្គីនេះ ក៏ដូចនៅតាមមណ្ឌលផ្សេងៗតាមរាជធានី ខេត្តដែរ គឺមានរឹតបណ្តឹង ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈកម្មការ អនុរក្ស និងអង្គភាពប្រឆាំងអំពើពុករលួយ នៅរយៈពេល ២ថ្ងៃ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២នេះ។

 

លើទិដ្ឋភាពនៃការរឹតបណ្តឹងនេះលោក ឡេង គ័ង ដែលជូនកូនស្រីមកប្រឡងនៅមណ្ឌលជាស៊ីមសាមគ្គីម្នាក់ទៀតដែលនោះ និយាយថា នៅមណ្ឌលនេះមានការរឹតបន្ដឹងបានល្អ ដោយមិនអនុញ្ញាតអោយបេក្ខជនពិភាក្សាគ្នា ឬមើលកិច្ចការគ្នានោះឡើយ។ នេះបើតាមការប្រាប់របស់កូនស្រីលោកប្រាប់ពេលចេញពីប្រឡង។

លោក ឡេង គ័ង រង់ចាំកូនស្រីប្រឡបបាក់ឌុប នៅមុខវិទ្យាល័យជាស៊ីមសាមគ្គី។

«មើលទៅនៅសាលានេះខាងសណ្ដាប់ធ្នាប់គេរាងតឹងរ៉ឹងល្អគ្រាន់បើដែរ ដោយសារអីមានប៉ូលីសរៀបចំធ្វើចរាចរណ៍នៅតាមផ្លូវអត់ឱ្យចង្អៀតណែននៅតាមច្រកចូលអីចឹង ប៉ូលីស២ទៅ៣នាក់អីគាត់ធ្វើចរារចរណ៍រៀបចរាចរណ៍កុំអោយស្ទះសម្រាប់កូនសិស្ស ហើយជូនកូនសិស្សឆ្លងថ្នល់ឆ្លងអីហ្នឹង ប៉ូលីសគាត់ជួយដែរគាត់ឃាត់ឡានគាត់ជួយ តែដល់ពេលចូលទៅក្នុងថ្នាក់ហ្នឹងគេមានកាម៉េរា អីដាក់តាមមាត់បន្ទប់ហ្នឹងដែរ ហើយនិងមេប្រយោគមួយថ្នាក់២នាក់ ហើយអ្នកដើរមើល៣នាក់ទៀត តឹងតែងដែរក្នុងថ្នាក់ហ្នឹងមិនអាចកូនសិស្សសួរគ្នា មើលព្រុយយ៉ុងមើលអីបានទេ។ ពិបាកអត់មានសោះតែម្ដង ក្រោយម៉ោងទៀតខ្ញុំអត់ដឹងទេណា ប៉ុន្តែព្រឹកមិញនឹងកូនខ្ញុំប្រាប់ថា អត់មានសោះដោយសារអី គ្រាន់តែនិយាយគ្នាអីតិចគឺគេថតឈ្មោះ គេកត់ឈ្មោះចំណាំ គេកត់លេខតុ លេខបន្ទប់អីចឹងហា៎ ដល់ចឹងទៅកូនសិស្សគាត់រាងញញើតដែរ គាត់អត់ហ៊ានដែរ»។

…ងាកមកម្ដាយរបស់បេក្ខជនម្នាក់ទៀតដែលអង្គុយមុខក្លោងទ្វារមណ្ឌលប្រឡងតែម្តង អ្នកស្រីបានប្រាប់ដោយសម្ដែងការព្រួយបារម្ភជំនួសកូនសម្រាប់ការប្រឡងនេះ ត្បិតខ្លាចកូនប្រឡងមិនជាប់។ តែសម្រាប់កូនរបស់អ្នកស្រីវិញ ប្រាប់អ្នកស្រីវិញ ដោយហាក់មិនមានការបារម្ភអ្វីបន្តិចសោះឡើយសម្រាប់ការប្រឡងឆ្នាំនេះ ត្បិតដូចពាក្យស្លោកថា«ចេះគឺជាប់»។

«អត់កូនខ្ញុំអត់មានគេឆែកទេ ព្រោះអត់មានដាក់អីយកទៅផង! ម៉ែចេះតែភ័យ ប៉ុន្តែកូនវាថាវាអត់ភ័យផងកូន បើម៉ែភ័យជំនួនកូន បើវាអត់ភ័យ។ គ្រាន់បើដែរហ្នឹង វាអោយភ័យវាផងប្រឡងហ្នឹងហ៍…»។

 

 

ចំណែកម្ដាយមួយរូបទៀតអង្គុយទន្ទឹមគ្នាលើខឿនថ្មការ៉ូឡាមុខក្លោងទ្វារមណ្ឌលប្រឡងនេះ បានសម្តែងការគាំទ្រចំពោះការរឹតបន្ដឹងវិន័យនៅមណ្ឌលប្រឡងនេះ។ និយាយដោយមិនអំណួត ម្តាយមានរាងសមសួនសម្បុរសរូបនេះ មិនហ៊ានដាក់ការរំពឹងទុកខ្ពស់ថាកូនរបស់អ្នកស្រីជាប់១០០%នោះទេ បើទោះបីកូនអ្នកស្រីជាបេក្ខភាពសិស្សពូកែម្នាក់ក៏ដោយ។

 

« ឃើញគេឆែកតាស បានឱ្យរឹតបន្ដឹងអោយខ្លាំងទៀតរឹតតែល្អកុំអោយអ្នកដែលមិនចេះ អាគេខំប្រឹងរៀនគ្នាខំចង់ងាប់… ខ្ញុំអត់ភ័យទេរឹតប៉ុណ្ណារឹតទៅបើកូនខ្ញុំអត់ចេះធ្លាក់ទៅ កូនគេចេះជាប់ទៅ ធ្វើម៉េចតាមដំណើរទៅ»។

នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំនិងអង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហោះពីសកម្មភាពនានាដែលបង្ហាញឱ្យដឹងពីរបៀបរាប់រយ និងការរឹតបណ្តឹងសណ្តាប់ទាំងក្នុងមណ្ឌលនិងក្រៅមណ្ឌលប្រឡងដោយអះអាងថា បានរក្សានូវវិន័យ ពោលគឺគ្មានបាតុភាពខុសប្រក្រតីអ្វីកើតឡើង ក្រៅតែពីបញ្ហាសុខភាពបេក្ខជនមួយចំនួនខ្សោយនោះទេ។

បើទោះបីជាមិនបានដឹងអំពីស្ថានភាពទិដ្ឋភាពខាងក្នុងមណ្ឌលប្រឡងប៉ុន្តែសម្រាប់លោក ជា លឹមសេង បានប្រាប់បន្ថែមថា ក្នុងមណ្ឌលប្រឡងរបស់កូនប្រុសលោកនេះ គេហាមឃាត់ការប្រើប្រាស់កាបូបដាក់ប៊ិចពណ៌ខ្មៅ តែអនុញ្ញាតសម្រាប់កាបូបពណ៌ថ្លាអាចមើលធ្លុះខាងក្នុងដែលអាចដឹងបានភ្លាមថាគ្មានលួចលាក់ដាក់សំណៅឯកសារឬព្រីយ៉ុងចូលបន្ទប់ប្រឡង។

 

«ខ្ញុំអត់ហ៊ានថាទេព្រោះខ្ញុំអត់បានចូល ខ្ញុំអត់បានសួរគាត់(កូនប្រុស)ទេ គាត់ថាជាលក្ខណះឆែកយើងទូទៅចឹងហើយ គាត់ថាកាបូបខ្មៅកាបូបអីចឹងហា៎អូន បើកាបូបអាចង់ប្លាស្ទិកសៗ គាត់ដាក់ប៊ិច ដាក់សម្ភារះអីរបស់គាត់ត្រឹមត្រូវតាមការគេហាមឃាត់ហ្នឹង គេឱ្យចូលធម្មតាទេអូន។ ធម្មតាទេមាតាបិតាគ្រប់រូបតែងតែរំពឹងថាកូនហើយ សង្ឃឹមថាកូនធ្វើបានល្អហើយ សម្រេចគោលបំណងមួយហ្នឹង នៅតែ១ចំណុចហ្នឹងទៀតទេ ទាមទារតែមួយចំនុចហ្នឹងទៀតទេ អត់ចង់បាននិទ្ទេសអីទេ ចង់បានតែម៉ាជាប់សប្បាយចិត្តហើយ»។

ទិដ្ឋភាពខាងក្នុងវិទ្យាល័យជាស៊ីមសាមគ្គី ថ្ងៃប្រឡងបាក់ឌុប។

 

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញក្ដីរីករាយចំពោះសិស្សានុសិស្ស ដែលបានផ្លាស់ប្ដូរឥរិយាបថពីការមកប្រឡងបើកចម្លងគ្នា ឥឡូវនេះមកប្រឡងឈរលើចំណេះដឹងខ្លួនឯង។ លោកបានសង្កេតឃើញថា បេក្ខជនប្រឡងទាំងអស់ បានគោរពវិន័យយ៉ាងល្អ ព្រមទាំងគោរពទៅតាមបទប្បញ្ញត្តិ នៃការប្រឡង ផងដែរ។

 

«អ្វីដែលយើងសប្បាយចិត្ត យើងឃើញថា សិស្សានុសិស្សរបស់យើង គាត់ខិតខំប្រឹងប្រែងរៀនសូត្រ គាត់ផ្លាស់ប្ដូរឥរិយាបថពីការមកប្រឡងបើកចម្លង មកប្រឡងឈរទៅលើមូលដ្ឋានចំណេះដឹងរបស់គាត់ ហើយងចឹងការខិតខំប្រឹងប្រែងរៀនសូត្រ ហើយគ្រូ ក៏ជួយគាំទ្រ ដែលយើងឃើញថាចំណុចគន្លឹះ សម្ដេច នាយករដ្ឋមន្ដ្រី ជួបជាមួយសិស្សនិទ្ទេស A បានធ្វើឱ្យសិស្សានុសិស្សជាច្រើន ខំប្រឹងរៀន ដើម្បីបាននិទ្ទេសA ដើម្បីបានជួបសម្ដេច ហើយគាត់ជួបមិនមែនចង់បានតែអាយផេតទេ គឺជួបដើម្បីកិត្តិយសមួយ កិត្តិយសសម្រាប់គាត់ កិត្តិយសសម្រាប់គ្រួសារ ក៏ដូចជាកិត្តិយសសម្រាប់សាលារៀន»។

ការប្រឡងបាក់ឌុបឆ្នាំ២០២២នេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី៥ និងថ្ងៃទី៦ ខែធ្នូ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ កាលពីថ្ងៃទី២១ ខែកញ្ញា ជូនដំណឹងថា មានបេក្ខជនសរុបចំនួនជាង ១សែន ២ម៉ឺន ៨ពាន់នាក់ (១២៨.១៣៤ នាក់) បានចុះឈ្មោះប្រឡង ក្នុងនោះមានស្រីចំនួនជិត ៧ម៉ឺននាក់ (៦៨.៧៧១នាក់)។ ដើម្បីធានាដំណើរការសំណេរការប្រឡង ប្រព្រឹត្តទៅដោយរលូន គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ បានពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា។

 

ឳពុករបស់បេក្ខជន ជា ដេវីដ ដែលប្រឡងនៅមណ្ឌលប្រឡង ជា ស៊ីម សាមគ្គីខាងលើគឺលោក ជា លឹមសេង និយាយដោយមានទម្រុកចិត្តលើកូនប្រុសរបស់ខ្លួនថា កូនប្រុសរបស់លោកមានការព្យាយាមសិក្សារៀនសូត្រតាំងពីចាប់ផ្តើមរហូតដល់ពេលប្រឡងបាក់ឌុបនេះ ដែលលទ្ធផលអាចមានផលល្អប្រសើរច្រើន។

 

«គាត់មិនចេះ គាត់សុខចិត្តអត់ធ្វើ មិនធ្វើហ្មង ១សំនួរដែលគាត់មិនចេះហ្នឹង គាត់មិនចេះសុខចិត្តយកមកស្វែងយល់ខ្លួនគាត់»។

 

   

Share

Image
Image
Image