en     km
en     km

ក្រសួងកិច្ចការនារីនិងស្ថាប័នពាក់ពា័ន្ធជំរុញអ្នកសារព័ត៌មានប្រុងប្រយ័ត្នការផ្សាយដែលប៉ះពាល់តម្លៃស្ត្រីនិងសីលធម៌សង្គម

Share

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងកិច្ចការនារីនិងស្ថាប័នធ្វើការលើកស្ទួយសិទ្ធិស្រ្តីមួយចំនួនទៀតបានចេញសេចក្តីមួយ ក្នុងចេតនាជំរុញឱ្យអង្គភាពសារព័ត៌មានទាំងអស់ត្រូវយកចិត្តទុកដាក់បង្កើនវិជ្ជាជីវៈ ខណៈសេចក្តីថ្លែងការណ៍កត់សម្គាល់ឃើញថា មានការផ្សព្វផ្សាយខ្លះប៉ះពាល់ដល់តម្លៃស្រ្តីនិងសីលធម៌សង្គម។

(លោក  គីម ចាន់ចាវ រាយការណ៍)

ក្រុមការងារត្រួតពិនិត្យតាមដានការអនុវត្តក្រមប្រតិបត្តិផ្សព្វផ្សាយសម្រាប់ការរាយការណ៍ អំពើហិង្សាលើស្ត្រី ដែលមានសមាសភាព  ក្រសួងកិច្ចការនារី  ក្រសួងព័ត៌មាន ក្លឹបអ្នកកាសែតកម្ពុជា គ្រឹះស្ថានអប់រំ ស្ថានីយ៍វិទ្យុជាតិនិងឯកជន មណ្ឌលព័ត៌មានស្ត្រីកម្ពុជា និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ បានសង្កេតឃើញការផ្លាស់ប្ដូរជាវិជ្ជមានរបស់អ្នកសារព័ត៌មាន ក្នុងការសរសេរអត្ថបទព័ត៌មាន ស្តីពីការធ្វើសេចក្តីរាយការណ៍ព័ត៌មាននៃអំពើហិង្សាលើស្ត្រី ដោយមានការគោរព និងអនុវត្តតាមក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ ព័ត៌មានអំពើហិង្សាលើស្ត្រី។

កិច្ចប្រជុំរបស់ក្រុមការងារកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២កន្លងមក ក្រុមការងារបានពិនិត្យ និងផ្ដល់យោបល់លើរបាយការណ៍លទ្ធផលនៃការតាមដានលើសារព័ត៌មានចំនួន១២ ដែលបានស្រង់ ដោយក្រសួងកិច្ចការនារី អង្គការអាកសិនអេដ និងអង្គការយេនឌ័រនិងកិច្ចការអភិវឌ្ឍដើម្បីកម្ពុជា។  នេះបើតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ។

ក្នុងចំណោមសារព័ត៌មានទាំង ១២ ភាគច្រើនមានការផ្លាស់ប្ដូរជាវិជ្ជមានក្នុងអំឡុង៣ខែចុងក្រោយនេះ ជាពិសេស ការគោរពតាមក្រមប្រតិបត្តិបានប្រសើរជាងមុន ដូចជាកាត់បន្ថយការបង្ហាញពីអត្តសញ្ញាណរបស់ជនរងគ្រោះ ការផ្ដល់ព័ត៌មានលម្អិតពេក ហើយក្នុងខ្លឹមសារអត្ថបទព័ត៌មាន មានការកាត់បន្ថយការរាយការណ៍បែបលែបខាយ ការលែងសើចលើករណីរំលោភសេពសន្ថវៈ ការរាយការណ៍ភាគច្រើនផ្ដោតលើទង្វើរបស់ជនសង្ស័យ និងមានការគោរពសិទ្ធិ រក្សាភាពថ្លៃថ្នូររបស់ជនរងគ្រោះ និងជនសង្ស័យ។ ទោះបែបនេះក្តី សេចក្តីថ្លែងការណ៍កត់សម្គាល់ឃើញថា មានសារព័ត៌មានមួយចំនួននៅតែបន្តរាយការណ៍ ដោយមិនការពារនូវអត្តសញ្ញាណរបស់ជនរងគ្រោះ ហើយការរាយការណ៍ភាគច្រើនមិនទាន់បាន គិតគូរដល់ការផ្ដល់ព័ត៌មានដែលបង្កើនការយល់ដឹង និងកែប្រែឥរិយាបថរបស់សាធារណជន ឈានទៅលុបបំបាត់អំពើហិង្សាលើស្ត្រីនៅឡើយនោះទេ។ តែផ្ទុយមកវិញភាគច្រើននៃចំណងជើងអត្ថបទសារព័ត៌មាន នៅតែបន្ដមានលក្ខណៈបែបលេងសើច មិនបានផ្ដល់តម្លៃដល់ជនរងគ្រោះ និងសមាជិកគ្រួសារ។

កញ្ញា  ផាត ម៉ាលិតា មន្ត្រីទំនាក់ទំនងនៃអង្គការយេនឌ័រនិងអភិវឌ្ឍដើម្បីកម្ពុជា ដែលជាសមាជិកនៃក្រុមការងារនេះ បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី៥ ខែធ្នូនេះថា ក្រុមការងារមានសកម្មភាពការងារដើម្បីលុបបំបាត់ការអំពើហិង្សាគ្រប់ទម្រង់លើក្មេងស្រី និងស្ត្រី និងមានសមភាពយេនឌ័រនៅក្នុងសង្គម  ដែលទាមទារអោយមានការចូលរួមជាចម្បងពីអ្នកសារព័ត៌មាន។ កញ្ញាបន្តថា បើសារព័ត៌មានមិនអើពើលើការងារនេះទេ នោះបញ្ហានេះអាចធ្វើអោយបេសកកម្មនេះទៅជាមិនបានផល។

កញ្ញា  ផាត ម៉ាលិតា៖

ក្រុមការងារខាងលើ បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ក្នុងការតាមដានលើព័ត៌មានអនឡាញ ជាពិសេសទំព័រព័ត៌មានដែលមិនបានចុះបញ្ជីការស្របច្បាប់ជាមួយក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានអនឡាញ ដែលមិនមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ។ ក្រុមការងារកត់សម្គាល់អំពីឥទ្ធិពលជាវិជ្ជមានពីមហាជនតាមបណ្ដាញសង្គមនានា ដែលធ្វើឱ្យអ្នកសារព័ត៌មានកាន់តែបង្កើនការប្រុងប្រយ័ត្នជាងមុន ក្នុងការសរសេរ និងផ្សព្វផ្សាយអត្ថបទណាដែលអាចប៉ះពាល់តម្លៃស្ត្រី និងសីលធម៌សង្គម។

សេចក្ដីថ្លែងការណ៍របស់ក្រុមការងារនះបានបញ្ជាក់ថា  នឹងបន្តដំណើរការងាររបស់ខ្លួន និងកំពុងពិនិត្យលើលទ្ធភាពក្នុងការរៀបចំវិធានការជាក់លាក់ តាមរយៈការចេញលិខិតណែនាំដោយផ្ទាល់ ឬដោយបើកចំហ ចំពោះស្ថានប័នព័ត៌មានណាដែលនៅតែបន្តមិនអនុវត្តតាមក្រមប្រតិបត្តិ និងបន្ដអោយប៉ះពាល់ធ្ងន់ធ្ងរដល់ជនរងគ្រោះជាស្ត្រី ក៏ដូចជាតម្លៃស្ត្រីទូទៅ។

សូមជម្រាបថា កាលពីឆ្នាំ២០១៧ ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន បានចេញសេចក្ដីប្រកាសរួមស្ដីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ព័ត៌មានអំពីហិង្សាលើស្ត្រី ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការយកករណីហិង្សាលើស្ត្រី និងដើម្បីកែប្រែឥរិយាបថសង្គម ក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រី។ ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងដៃគូពាក់ព័ន្ធ បានរៀបចំកម្មវិធីបណ្ដុះបណ្ដាល និងកម្មវិធីផ្សព្វផ្សាយក្រមប្រតិបត្តិនេះ ជាមួយបណ្ដាអ្នកសារព័ត៌មាន ក្រុមសិល្បះ អ្នកគ្រប់គ្រងកម្មវិធីព័ត៌មាន និងនិស្សិតសារព័ត៌មាននានា ដែលអាចយកក្រមប្រតិបត្តិនេះជាផ្នែកមួយ ក្នុងការពង្រឹងលើក្រមសីលធម៌ និងវិជ្ជាជីវៈ ព្រមទាំងពង្រីកនូវតួនាទីរបស់អ្នកសារព័ត៌មាន ក្នុងការចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី៕

Share

ព័ត៌មានទាក់ទង

Image