en     km
en     km

មិទ្ទីញរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានប្រារព្ធជាថ្មីក្រោយកូវីដ១៩

Share

មិទ្ទីញរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានប្រារព្ធសារជាថ្មី ក្រោយខកខានដោយសារជំងឺកូវីដ១៩។ នេះជាខួបលើកទី៤៤ ឆ្នាំ ដែលរណសិរ្សចាប់ផ្ដើមមហាសន្និបាតផ្ដួលរំលំរបបប្រល័យពូជសាសន៍។ សាស្ដ្រាចារ្យប្រវត្តិសាស្ដ្រ សំបូរ មាណារ៉ា ថា ថ្ងៃនេះដែលជាថ្ងៃសំខាន់មួយដែលត្រូវចងចាំ និងត្រូវផ្ដល់សច្ចៈភាពដល់ប្រវត្តិសាស្ដ្រ និងគិតតម្រូវការនៅអនាគត។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី២ ខែ ធ្នូ ឆ្នាំ២០២២នេះ គឺជាខួបលើកទី៤៤ឆ្នាំ នៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មានតុភូមិកម្ពុជា ដែលបានប្ដូរឈ្មោះមកពី «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»។ កម្មវិធីមិទ្ទីញអបអរខួបនៃការបង្កើតរណសិរ្សនេះ បានខកខានធ្វើក្រោយប្រទេសជាតិ និងសាកលលោក ជួបវិបត្តិរាតត្បាតកូវីដ១៩ ។ តែនៅថ្ងៃនេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា តំណាង សម្ដេច ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានបើកមិទ្ទីញខួប៤៤ ឆ្នាំនេះនៅសាលចតុមុខ រាជធានីភ្នំពេញ។

លោកស្រីបញ្ជាក់ក្នុងអង្គមិទ្ទីញថា ថ្ងៃទី ២ ធ្នូ គឺជាថ្ងៃដែលចាប់ផ្ដើមនៃការផ្ដួលរំលំរបប ប៉ុល ពល។

នៅថ្ងៃនេះដែរថ្នាក់ដឹកនាំរណសិរ្សមាន សម្ដេច ហេង សំរិន សម្ដេច ហ៊ុន សែន បានបង្ហោះសារអបអរខួបលើកទី៤៤នៅឆ្នាំនេះ ដោយមានអត្ថន័យស្រដៀងគ្នា ថា ជាថ្ងៃដែលប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ដោយទទួលបានការជួយឧបត្ថម្ភយ៉ាងធំធេងពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោកផងដែរ។

សម្ដេច ហ៊ុន សែន វិញបានបញ្ជាក់ថារណសិរ្សនេះទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាមផងដែរ។

បែបនេះក្ដី មានការលើកឡើងថា ការរៀបចំមិទ្ទីញអបអររណសិរ្ស ២ធ្នូ គឺជាការរម្លឹកគុណដល់កងទ័ពវៀតណាមដែលមកជួយកម្ពុជា។

ទាក់ទងរឿងនេះសាស្ដ្រាចារ្យប្រវត្តិសាស្ដ្រ សំបូរ មាណារ៉ា យល់ឃើញចំពោះការលើកឡើងនេះថា  គ្មានអីដែលត្រូវភ្លេចគុណគេនោះទេ ការដឹកគុណគេគឺជារឿងត្រឹមត្រូវ តែកុំពឹងផ្អែកលើគេ។

បន្ថែមពីលើនេះ សាស្ដ្រាចារ្យប្រវត្តិសាស្ដ្ររូបនេះ រំលេចថា ថ្ងៃ២ធ្នូ ជាថ្ងៃសំខាន់មួយដែលត្រូវចង់ចាំ និងត្រូវឱ្យសច្ចៈភាពប្រវត្តិសាស្ដ្រ។

ទន្ទឹមនឹងការអបអរនេះ សម្ដេច ហ៊ុន សែនបាន រំលឹកគុណ និងឧទ្ទិសកុសលដល់វិញ្ញណក្ខន្ធយុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី ជនជាតិ និងមាតុភូមិផងដែរ។

សូមជម្រាបថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មានតុភូមិកម្ពុជា បង្កើតឡើងដោយកម្លាំងសាមគ្គីរបស់ប្រជាជនទាំងមូលទាំងក្នុង និងក្រៅប្រទេសនាឆ្នាំ ១៩៧៨ ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពល ។

រណសិសរ្សនេះ ដោយបង្កើតមហាសន្និបាតជួបជុំជាឯកច្ឆននៅលើទឹកដីភូមិភាគឦសាន្ដ គឺភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ៕

Share

Image
Image
Image