មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានចាត់បញ្ជូនក្រុមគ្រូពេទ្យឱ្យចុះពិនិត្យគ្លីនិច សម្រាកព្យាបាល មានឈ្មោះថា ដើមអង្ក្រង ដែលរងការចោទប្រកាន់ថា បានកាត់ពោះវៀនស្ដ្រីម្នាក់ ដែលមានកូនស្លាប់នៅក្នុងពោះ ដោយគិតថាជាទងសុកទារក។
ការទាមទាររកយុត្តិធម៌ពីសំណាក់គ្រួសារ និងសាច់ញាតិ ស្ដ្រីជនរងគ្រោះ ដែលត្រូវបានគ្រូពេទ្យនៅគ្លីនិច ដើមអង្ក្រងកាត់ពោះវៀននេះ មានអ្នកចែកចាយបន្ដនៅលើបណ្ដាណសង្គមយ៉ាងច្រើន បង្កឱ្យមានការភ្ញាក់ផ្អើល ក្រោយការធ្វេសប្រហែសពីសំណាក់គ្លីនិចខាងលើ។
ផ្អែកតាមម្ខាស់ហ្វេសប៊ុក ឈ្មោះថា Chan Ra ដែលថាខ្លួនជាបងស្រីជីដូនមួយស្ដ្រីរងគ្រោះ ថាប្អូនស្រីខ្លួនជាកម្មកររោងចក្រ មានដើមកំណើតនៅស្រុកជុំគិរី ខេត្តកំពត។
យ៉ាងណា បុរសម្នា្កក់មានឈ្មោះថា សារឿន ដែលនិយាយថា ខ្លួនជាស្វាមីស្ដ្រីរូបនេះ បាននិយាយថា «ហេតុអីបានជាពេទ្យធ្វើដាក់ប្រពន្ធលោកដល់ថ្នាក់នេះ? និងស្នើឱ្យថ្នាក់ដឹកនាំនឹងអ្នកចេះច្បាប់ទាំងអស់ជួយរកយុត្តិធម៌ដល់គ្រួសារលោកផង។»
បើតាមការចែករំលែកតៗគ្នាថា ស្ដ្រីម្នាក់នេះ មានកូនស្លាប់ក្នុងផ្ទៃ៥ ខែ ទើបទៅគ្លីនិច ដើម្បីឱ្យគ្រូពេទ្យយកទារកដែលស្លាប់នោះចេញ។ បច្ចុប្បន្ននេះ ស្ដ្រីជាម្ដាយដែលទាករកស្លាប់ក្នុងពោះនេះ កំពុងសម្រាកព្យាបាលនៅរាជធានីភ្នំពេញ៕