ញញួរអាស៊ានត្រូវបានប្រគល់ជូនប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៣ ហើយ គឺប្រទេសឥណ្ឌូនេស៊ី ក្រោយកិច្ចប្រជុំកំពូលលើទឹកដីកម្ពុជាបានបិទបញ្ចប់។
នៅវេលាថ្ងៃត្រង់ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញ កម្ពុជាបានប្រគល់ញញួរដល់ប្រធានប្ដូរវេនអាស៊ាននៅឆ្នាំក្រោយគឺ ប្រទេសឥណ្ឌូនេស៊ី ជូនចំពោះលោក ចូកូ វីដូដូ ជានាយករដ្ឋមន្ដ្រី។ ក្រោមកិច្ចប្រជុំដោយផ្ទាល់មុខ រយៈពេល៤ថ្ងៃបណ្ដាប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសជាច្រើនបានមកចូលរួមកំពូលកិច្ចប្រជុំនេះលើទឹកដីកម្ពុជា។
មុនការផ្ទេរតំណែងជាប្រធានអាស៊ានប្ដូរវេន ជូនប្រទេសឥណ្ឌូនេស៊ី, សម្ដេច ហ៊ុន សែន ដែលជាប្រធានអាស៊ានឆ្នាំនេះ បាននិយាយថា រយៈពេល១ឆ្នាំ គឺពោរពេញទៅដោយអនុស្សាវរីយ៍ និងជាប្រវត្តិសាស្ត្រសម្រាប់សម្តេចផ្ទាល់ និងកម្ពុជាដែលមានកិត្តិយសដ៏ឧត្តុង្គឧត្តម បានទទួលតំណែងជាប្រធានប្តូរវេនរបស់អាស៊ាន។ សម្ដេចបន្ដថា ខណៈដែលយើងបាន និងកំពុងខិតខំស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានោះ ស្ថានភាពមិនរំពឹងទុកក៏បានកើតមានឡើង ដែលមានប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គម។ នេះបើយោងទៅតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន។
គួររម្លឹកថា កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះអាស៊ានលើកទី៣ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ពីប្រទេសប្រុយណេ។
សម្ដេចប្រធានអាស៊ានបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១នេះ បានអនុម័ត និងកត់សម្គាល់នូវឯកសារសមិទ្ធផល និងសេចក្តីប្រកាសចំនួន ៧០ ដែលគ្របដណ្តប់ទៅលើសសរស្តម្ភទាំង ៣ របស់សហគមន៍អាស៊ាន និងបានអនុម័តក្របខណ្ឌកិច្ចសហប្រតិបត្តិការមួយចំនួន ជាមួយនឹងដៃគូសន្ទនា។
បន្ថែមពីនេះ ក្នុងនាមសម្ដេចជាប្រធានអាស៊ាន បានបន្ថែមថា សាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលក្លាយជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៣ នឹងបន្តដឹកនាំអាស៊ាន ដើម្បីសម្រេចបាននូវគោលបំណងចម្បង គឺសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ភាពធន់ និងបរិយាបន្ន ។ នេះបើផ្អែកតាមប្រភពពីហ្វេសប៊ុកសម្ដេចដដែល។
សូមជម្រាបដែរថា ឥណ្ឌូនេស៊ី គឺជាប្រទេសមួយក្នុងចំណោម ៥ប្រទេសដែលជាស្ថាបនិកក្នុងការបង្កើតអាស៊ាន តាំងពីថ្ងៃទី៨ សីហា ឆ្នាំ១៩៦៧៕