ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទៀមចាស់ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមមានទាំងព្រះសង្ឃផង បានសហការគ្នាចុះជួសជុលផ្លូវមួយខ្សែប្រវែងប្រមាណ១៥០០ម៉ែត្រ ដែលរងការខូចខាតដោយសារទឹកជំនន់។
ផ្លូវមួយខ្សែដែលត្រូវបានជួសជុលកាលពីពាក់កណ្តាលខែតុលានោះ ប្រជាពលរដ្ឋសហការគ្នាដឹកយកដីខ្សាច់ច្រកក្នុងការ៉ុងដើម្បីលុបជង្ហុក និងកន្លែងដែលខូច។ ផ្លូវមួយខ្សែនេះតភ្ជាប់ពី ភូមិទៀមចាស់ទៅភូមិឥន្ទកុមារ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រជាពលរដ្ឋមួយរូបដែលបានចំណាយពេលវេលា កម្លាំងកាយនិងកម្លាំងចិត្តចុះជួសជុលផ្លូវនេះ គឺលោក ប៉ាង មក លើកឡើងថា ការធ្វើផ្លូវមួយខ្សែនេះ ដើម្បីបង្កភាពងាយស្រួលធ្វើដំណើរដល់ប្រជាពលរដ្ឋក្នុងភូមិ។ លោកថា កន្លងមកប្រជាពលរដ្ឋលំបាកធ្វើដំណើរលើផ្លូវនេះណាស់ ព្រោះយានជម្នះត្រូវជាប់ផុង ខាតពេលវេលាទៅធ្វើការងារ រៀនសូត្រជាដើម។
លោកបន្ថែមទៀតថា ការជួសជុលផ្លូវនេះវិញ ក៏ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅធ្វើការងារ ដឹកកសិផល ចំណែកសិស្សក៏ងាយស្រួលធ្វើដំណើរទៅសាលារៀនផងដែរ។
ចំណែកយុវសិស្ស ផេង សុវណ្ណ និយាយថា ប្អូនមានចិត្តសប្បាយរីករាយដែលផ្លូវមួយខ្សែនេះបានជួសជុលល្អឡើងវិញ។ប្អូនថា ប្អូនលែងលំបាកធ្វើដំណើរទៅសាលារៀនទៀតហើយ ចំណែកការធ្វើដំណើរទៅកន្លែងផ្សេងក៏លែងយឺតយ៉ាវទៀតដែរ។ ក្នុងនាមជាយុវជនជំនាន់ក្រោយ សុវណ្ណ ពិតជារីករាយដែលប្រជាពលក្នុងភូមិចេះសហការគ្នាជួយឈឺឆ្អាលបញ្ហាក្នុងសហគមន៍ដែលនេះជាចំណែកមួយរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានដែលខ្លួនរស់នៅ៕
អត្ថបទខ្លីនេះសរសេរដោយ ផាត សុភ័ត្រា ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។
កម្រងរូបភាពនៃសកម្មភាពជួសជុលផ្លូវនៅភូមិទៀមចាស់៖