en     km
en     km

មន្រ្តីអាដហុកនិងអ្នកឃ្លាំមើលរំពឹងថាតុលាការកំពូលនឹងទម្លាក់បទចោទបន្ទាប់ពីចូលរួមសវនាការ

Share

ភ្នំពេញ៖ មន្រ្តីនៃសមាគមអាដហុកនិងអ្នកឃ្លាំមើលសវនាការក្នុងបណ្តឹងសាទុក្ខរបស់មន្រ្តីអាដហុករំពឹងដោយជឿជាក់ថា តុលាការកំពូលនឹងទម្លាក់បទចោទលើមន្រ្តីអាដហុកទាំង ៥ រូបព្រោះពួកគេយល់ថា ការសម្រេចចោទប្រកាន់របស់តុលាការដំបូងនិងសាលាឧទ្ធរណ៍ គឺគ្មានសំអាងហេតុគ្រប់គ្រាន់។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

 

នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២២នេះ ចៅក្រមតុលាការកំពូលបានបើកសវនាការតាមបណ្តឹងសាទុក្ខរបស់មេធាវីការពារក្តីជូនមន្រ្តី និងអតីតមន្រ្តីសមាគមអាដហុកចំនួន ៥នាក់ ក្នុងនោះមានលោក នី សុខា លោក នី ចរិយា លោកស្រី លឹម មុន្នី លោក យី សុខសាន្ត និងលោក ណៃ វ៉ងដា ដែលមិនសុខចិត្តការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍។

ចៅក្រមទាំង៥រូបនៃតុលាការកំពូល ដែលមានលោក និល នន់ ចៅក្រមដឹកនាំសវនាការលោកបានអនុញ្ញាតឱ្យមហាអយ្យការអមតុលាការកំពូលនិងសហមេធាវីការពារក្តីមន្រ្តីអាដហុកឡើងថ្លែងការពារឬជំទាស់សាលដីការបស់សាលាឧទ្ធរណ៍។

ក្នុងសាលសវនាការពេលនោះ មហាអយ្យការអមតុលាការកំពូល បានថ្លែងការពារសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ព្រោះ​មហាអយ្យការអមតុលាការកំពូលយល់ថា មន្រ្តីអាដហុកពិតជាបានប្រព្រឹត្តិរៀបចំការផ្តល់សំណូកដល់កញ្ញា ឃុម ចាន់តារាទីហៅស្រី មុំ​ មែនដោយសូមចៅក្រមតុលាការកំពូលតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ។

ប៉ុន្តែ សហមេធាវីដែលការពារក្តីជូនមន្រ្តីនិងអតីតមន្រ្តីអាដហុកវិញ បានលើកអំណះអំណាងមួយចំនួនដោយរកឃើញថា សកម្មភាពកូនក្តីរបស់ខ្លួនមិនធ្លាក់ចូលបទចោទប្រកាន់ សូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីមកលើកញ្ញា ខុម ចាន់តារាទី ហៅស្រី មុំ នោះទេ។

សំអាងទីមួយនោះ បើតាមមេធាវីលោក សំ សុគង់ លើកឡើងថា ការផ្តល់ប្រាក់ជូនស្រី មុំ គ្រានោះ ធ្វើឡើងគោរពតាមគោលការណ៍របស់សមាគមអាដហុកសម្រាប់ជួយជនរងគ្រោះដែលមកសុំជំនួយពីអង្គភាព។ ហើយលោកថា ទង្វើរបស់កូនក្តីពុំមែនជាអំពើសមគំនិតលួចផ្តល់សំណូក ឬជាការឧបត្ថម្ភគាំទ្រក្នុងចេតនាទុច្ចរិតអ្វីនោះទេ។

 ចំពោះចំណុច ដែលអាចដោះបន្ទុកមន្រ្តីអាដហុកចេញពីបទសូកប៉ាក់សាក្សីទៀតនោះ បើតាមមេធាវីគឺដោយសារផ្លូវច្បាប់ចែងថា ការផ្តល់ប្រាក់ជួយសម្រួលការលំបាកដល់ចុងបណ្តឹងមិនមែនជាអំពើសូកប៉ាន់នោះទេ ព្រោះស្រី មុំ គ្រានោះស្ថិតក្នុងឋានៈជាចុងបណ្តឹងប្តឹងដោយកញ្ញា ធី សុវណ្ណថា ពោលគឺស្រី មុំ មិនមែនជាសាក្សីនៅពេលនោះទេ។ ការលើកឡើងរបស់មេធាវីនេះ ក៏ព្រោះថា បទសូកប៉ាន់សាក្សីអាចកើតឡើងបាន លុះត្រាតែសូកប៉ាន់សាក្សីដើម្បីឆ្លើយបំភ្លៃការពិតទើបជាអំពើសូកប៉ាន់។

 

សម្រាប់លោក នី សុខា មន្រ្តីសមាគមអាដហុករំពឹងថា ចៅក្រមតុលាការកំពូលនឹងពិចារណាទម្លាក់ចោលបទចោទមកលើរូបលោកនិងមន្រ្តីផ្សេងទៀត ព្រោះការការពាររបស់មេធាវីខ្លួនមានអំណះអំណាងគ្រប់គ្រាន់។

លោក នី សុខា ផ្តល់កិច្ចសម្តាសន៍ដល់អ្នកសារព័ត៌មានក្រោយចេញពីពន្ធនាគារ។

 

ដោយឡែកលោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាយល់ថា រឿងនេះមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ មានចេតនាចង់ធ្វើទុក្ខបុកន្នេញដល់អ្នកធ្វើការងារលើកស្ទួយសិទ្ធិមនុស្ស។

លោកស្រី ចក់ សុភាព ផ្តល់បទសម្ភាសន័ដល់អ្នកសារព័ត៌មាន។

 

​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៨ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​កាត់​ទោស​មន្រ្តីនិង​អតីត​មន្រ្តី​ការពារសិទ្ធិ​មនុស្ស​៥​រូប​របស់​សមាគម​អាដហុក​ម្នាក់ៗ​ឱ្យជាប់​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ ពី​បទ​សូក​ប៉ាន់​សាក្សីនិង​សម​គំនិត​សូក​ប៉ាន់​សាក្សីក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​របស់លោក​ កឹម ​សុខា ​អតីតប្រធានគណបក្សសង្គ្រោះជាតិជាមួយ​នាង ​ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ។

អ្នកទាំង​៥​រូប​រួម​មាន​លោក នី សុខា​ ​លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នក​ស្រី លឹម មុនី ជា​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក និង​លោក​ នី ចរិយា អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.) និង​ជា​អតីត​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។​

នៅថ្ងៃ​ទី​២៣ ​ខែ​តុ​លា ​ឆ្នាំ​២០១៨​អ្នក​ទាំង​៥​រូប​បាន​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​ដោយ​មិន​សុខ​ចិត្ត​ទៅ​នឹង​ការសម្រេច​របស់​សាលា​ដំបូង​ដែល​បានផ្តន្ទា​ទោស​ពួក​គេ​ដាក់​ពន្ធនាគារ​ម្នាក់ៗចំនួន​៥​ឆ្នាំ​ដោយ​ត្រូវ​អនុវត្ត​ក្នុង​ពន្ធនាគារ​រយៈ​ពេល​១៤​ខែ​និង​សល់​ប៉ុន្មាន​ព្យួរ​ពី​បទ ​«សូក​ប៉ាន់​សាក្សី»។តែក្រោយមក ពួកគេ​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​កាល​ពីចុង​ខែ​មិថុនា ឆ្នាំ​២០១៧​បន្ទាប់​ពី​តុលាការ​ឃុំ​ខ្លួន​ពួកគេ​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ បន្ទាប់ពីរឿងរ៉ាវនេះ រងការរិះគន់ពីអ្នកធ្វើការសិទ្ធិមនុស្ស៕

 

Share

ព័ត៌មានទាក់ទង

Image