កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិបានបន្ដជួបជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា គឺលោកស្រី Carmen Moreno តែលោកបានឱ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៩ ខែតុលា។ លោក កឹម សុខា បញ្ជាក់ថានេះ ជាជំនួបថ្មីម្តងទៀត នៅស្ថានទូតសហភាពអឺរ៉ុប ជាមួយលោកស្រី Carmen បន្ទាប់ពីលោកស្រីទើបតែបានវិលត្រឡប់មកពីប្រជុំអ្នកការទូតសហភាពអឺរ៉ុបនៅទីស្នាក់ការកណ្តាលនាទីក្រុងប្រ៊ុចសែល។
បើតាមលោក កឹម សុខា ជំនួបជាមួយលោកស្រីឯកអគ្គរដ្ឋទូតនេះ បានពិភាក្សាផ្លាស់ប្តូរព័ត៌មាន និងទស្សនៈគ្នាអំពីស្ថានការណ៍នានានៅកម្ពុជាដែលពាក់ព័ន្ធនឹងការចាប់អារម្មណ៍របស់សហភាពអឺរ៉ុប ជាពិសេសបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក៏ដូចជាករណីដំណើរការសវនាការ និងសិទ្ធិសេរីភាពរបស់លោក កឹម សុខា។
ជាការកត់សម្គាល់កាលពីពេលថ្មីៗនេះ សហស្ថាននិកនៃអតីតគណបក្សសង្គ្រោះជាតិរូបនេះ ក៏បានជួបជាមួយលោក Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកផងដែរ ក្នុងការផ្លាស់ប្ដូរទស្សនៈការស្ដារឡើងវិញពេញលេញនូវសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។
បើតាមលោក កឹម សុខា បញ្ជាក់ថា ឆាប់ៗខាងមុខនេះ បណ្ដាប្រទេសជាមិត្តជាមួយកម្ពុជា គ្រោងជួបលោកអំឡុងកិច្ចប្រជុំដែលធ្វើឡើងនៅខែវិច្ឆិកា និងខែធ្នូ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងទស្សនៈគ្នា អំពីការវិវត្តន៍នៃដំណើរការសវនាការ និងសិទ្ធិសេរីភាពរបស់លោកព្រមទាំងលំហរប្រជាធិបតេយ្យនៅកម្ពុជា។
តែយ៉ាងណា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ខាងមុខ តុលាការនឹងបើកសវនាការរបស់លោកជាថ្មី ដើម្បីធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងពីបទសទ្ទិដិ្ឋភាពជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕