ភ្នំពេញ៖ ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសភាគីដែលមានកម្លាំងខ្លាំងលើមូលដ្ឋានចាត់វិធានការជាក់លាក់ ដើម្បីបង្កឱ្យមានកិច្ចសន្ទនារកដំណោះស្រាយឈានដល់ការបង្រួបបង្រួមជាតិ សន្តិភាព សន្តិសុខនិងស្ថិរភាពនៅមីយ៉ាន់ម៉ា និងក្នុងតំបន់។
សេចក្តីថ្លែងការណ៍ដែលបង្ហោះលើទំព័រហ្វេសប៊ុកក្រសួងការទេសកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ ធ្វើឡើងបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៊ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ែន និងការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិលធ្វើឱ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។
សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានដដែល បានបង្ហាញនូវក្តីសង្វេគចំពោះកំណើនអ្នកស្លាប់ និងរបួសកាន់តែច្រើនឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញនៅភូមា។
សម្រាប់ប្រធានអាស៊ានតាមរយៈសេចក្តីថ្លែងការណ៍ បានចាត់ទុកស្ថានភាពមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ាថា កាន់តែយ៉ាប់យ៉ឺននិងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។
ហេតុការណ៍ហិង្សានៅភូមានេះដែរ ក៏ធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់បេសកជនពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក្នុងការនាំមកនូវវឌ្ឍនភាពសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច៕