en     km
en     km

លោក កឹម សុខា ត្រូវបានសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមហាអំណាចធំៗគ្រោងជួបពេលខាងមុខ

Share

លោក កឹម សុខា សហប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញក្ដីរំភើបក្រោយបណ្ដាប្រទេសជាមិត្តជាមួយកម្ពុជា គ្រោងជួបលោកនាពេលខាងមុខ អំឡុងកិច្ចប្រជុំមេដឹកនាំកំពូលដែលធ្វើឡើងនៅខែវិច្ឆិកា និងខែធ្នូខាងមុខ។ ផ្អែកតាមហ្វេសប៊ុករបស់លោក បានបញ្ជាក់ថា តំណាងប្រទេសមហាអំណាច គ្រោងជួបជាមួយលោក ដោយចាត់ទុកលោកជាមេដឹកនាំខ្មែរមួយរូប នឹងលើកយកប្រធានបទសំខាន់ៗដែលមិនមែនតែជាប្រយោជន៍លោកទេ តែគឺដើម្បីជាផលប្រយោជន៍របស់កម្ពុជាផងដែរ។

លោកបានរំលេចដែរថា ជំនួបនៅពេលឆាប់ៗខាងមុខនេះ គឺដើម្បីផ្លាស់ប្តូរពត៌មាន និងទស្សនៈគ្នា អំពីការវិវត្តន៍នៃដំណើរការសវនាការ និងសិទ្ធិសេរីភាពរបស់លោក ព្រមទាំងលំហរប្រជាធិបតេយ្យនៅកម្ពុជា ស្របពេលកិច្ចប្រជុំអន្តរជាតិកម្រិតកំពូលសំខាន់ៗក្នុងខែវិច្ឆិកា និងខែធ្នូខាងមុខនេះ នឹងជិតចូលមកដល់ ដូចជាកិច្ចប្រជុំកំពូលអាស៊ាន, ប្រជុំAPECនៅថៃ, និងប្រជុំ G20នៅឥណ្ឌូនេស៊ីជាដើម។

យ៉ាងណាការថ្លែងរបស់លោក គឺខណៈជួបជាមួយឯកអគ្គររដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក W. Partrick Murphy។  លោក Murphy បានបង្ហោះសារលើបណ្ដាញ twitter ថា បន្ទាប់ពីការឃុំខ្លួន និងការកាត់ទោសអស់រយៈពេល៥ឆ្នាំ លើលោក កឹម សុខា  គឺដល់ពេលដែលឃើញសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋរបស់លោកត្រូវបានស្ដារឡើងវិញពេញលេញ។

លោកបានបន្ថែមថា ការដល់ពេលនៃសិទ្ធិនយោបាយរបស់ លោក កឹម សុខាឡើងវិញ គឺដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសេចក្ដីប្រាថ្នារបស់ប្រជាជនកម្ពុជា ដើម្បីប្រទេសជាតិរីកចម្រើន និងប្រជាធិបតេយ្យ។

គួររម្លឹកដែរថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសបិទបញ្ចប់ការសួរដេញដោលលើសំណុំរឿងរបស់លោក កឹម សុខា បន្ទាប់ពីសំណុំរឿងនេះ អូសបន្លាយអស់រយៈពេលជាង៥ឆ្នាំ និងឆ្លងកាត់ការជំនុំជម្រះអស់៦៣លើក។

តុលាការ នឹងបើកសវនាការជាថ្មី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងនេះ។ លោក កឹម សុខា ត្រូវបានចោទប្រកាន់តាំងខែកញ្ញា ឆ្នាំ២០១៧មក ពីបទសទ្ទិដិ្ឋភាពជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕

Share

Image
Image
Image