ភ្នំពេញ៖ ស្រ្តីជាកម្មកររោងចក្រដែលមានកូនតូចភាគច្រើនមិនបានបំបៅកូនដោយទឹកដោះម្តាយឡើយ ក្រោយពីត្រឡប់ចូលធ្វើការវិញ បន្ទាប់ ពីសម្រាកលំហែមាតុភាពរយៈ ៩០ ថ្ងៃតាមច្បាប់ការងារ។ នេះចង់មានន័យថា កម្មាការិនីជាម្តាយបានប្រគល់កូនឱ្យម្តាយ ស្វាមី ឬសាច់ញាតិមើលថែ ដែលពេលនោះហើយកុមារតូចៗត្រូវបៅទឹកដោះគោកំប៉ុងជំនួស។ មូលហេតុដែលមិនអាចឱ្យកម្មាការិនីអាចយកកូនតូចទៅតាមដល់រោងចក្របានព្រោះ បរិយាកាសនៃរៀបចំសម្រាប់ស្រ្តីមានកូនតូចតាំងពីចេញដំណើរពីផ្ទះដល់ក្នុងរោងចក្រនៅតែមិនអាចឱ្យស្រ្តីជាកម្មករមានទំនុកចិត្តក្នុងការនាំកូនមករោងចក្រជាមួយ។
តើកង្វះខាតការរៀបចំអ្វីខ្លះដែលជាបុព្វហេតុរារាំងដល់កម្មាការិនីមិនអាចយកកូនមកមើលថែបំបៅដោះកូននៅក្នុងរោងចក្រជាមួយ?
តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទវិភាគដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ!
នៅកម្ពុជាស្រ្តីមានចំនួន ៧០% មានការងារធ្វើក្នុងប្រព័ន្ធការងារជាផ្លូវការ។ហើយស្រ្តីជាង ៨០ ម៉ឺននាក់បានក្រឡូកការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនៅតាមរោងចក្រ។
តម្រូវការការងារតម្រូវឱ្យស្រ្តីជាកម្មករត្រូវធ្វើការងារដើម្បីជាថ្នូរនៃប្រាក់កម្រៃប្រចាំថ្ងៃ។ កត្តានេះ ធ្វើឱ្យអត្រានៃការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជាធ្លាក់ចុះពី៧៤%នៅឆ្នាំ២០១០ ទៅ៦៥%នៅឆ្នាំ២០១៤។ហើយផ្ទុយមកវិញ ការបំបៅកូនដោយទឹកដោះគោម្ស៉ៅចំពោះកុមារអាយុពី០ខែដល់៦ខែបានកើនឡើង ពី ៧%នៅឆ្នាំ២០០៥ ដល់៤៣%នៅឆ្នាំ២០១៣។នេះបើផ្អែកតាមរបាយការណ៍របស់អង្គការដែលធ្វើការងារលើបញ្ហាអាហារូបត្ថម្ភនៅកម្ពុជា។
ជាការពិតនៅតាមរោងចក្រជាច្រើនមានបន្ទប់សម្រាប់ឱ្យកម្មាការិនីមានកូនតូចអាចបំបៅដោះដល់កូនបាន ថែមទាំងមានទារកដ្ឋានសម្រាប់មើលថែកូនរបស់កម្មករផងដែរ ព្រោះនេះជាការតម្រូវផ្នែកច្បាប់ពីក្រសួងការងារ។ តែជាអកុសលបន្ទប់បំបៅដោះកូននិងទារកដ្ឋាន មិនសូវមានកម្មករនិយមប្រើប្រាស់ប៉ុន្មាននោះទេ ព្រោះថាមានហេតុបច្ច័យមួយចំនួនដែលមិនទាន់បង្កលក្ខណៈងាយស្រួលដល់កម្មករយកកូនមករោងចក្រជាមួយ។
កត្តាដើមចមទីមួយនោះគឺ ការលំបាកក្នុងការធ្វើដំណើរ។ ជាក់ស្តែង ការធ្វើដំណើររបស់កម្មករកាត់ដេរមិនសូវមានផាកសុកភាពប៉ុន្មាននោះទេ ដោយការធ្វើដំណើរត្រូវអង្គុយ ឬឈរប្រជ្រៀតគ្នា។ សាកស្រមៃមើលតើលំបាកដល់កូនតូចទើបអាយុបានជាង៣ខែប៉ុណ្ណាទៅ បើសិនជាម្តាយពកូនអង្គុយប្រជ្រៀតគ្នា មានទាំងក្លិនក្លៀក ក្លិនខ្លួន និងពេលខ្លះមានក្លិនល្មុតទុំសល់ពីយប់ក៏មាន។ មនុស្សចាស់ និងមនុស្សពេញវ័យខ្លះទ្រាំសឹងមិនទៅបានផង ចុះទម្រាំអីក្មេងតូចអាយុជាង៣ខែនោះ។ រូបភាពបែបនេះ តើយាយតា និងប្តីឯណាទ្រាំមើលភ្នែកមើលចៅ កូន និងប្រពន្ធ លំបាកលំបិនបែបនេះ។ ហេតុនេះហើយទើបយាយតា ឬប្តីសុខចិត្តចំណាយពេលឆ្លាស់គ្នាមើលថែកូនចៅដោយត្រូវឱ្យកូនឬចៅបៅទឹកគោកំប៉ុងជំនួយវិញ។នេះកត្តាទី១។
កត្តាទី២ គឺទារកដ្ឋាននៅតាមរោងចក្រ។ នៅតាមរោងចក្រត្បិតតែមានកន្លែងមើលថែក្មេងតូចមែនតែសព្វថ្ងៃទារកដ្ឋានតាមរោងចក្រជាច្រើនពុំមានម៉ែដោះឬអ្នកមើលថែក្មេងគ្រប់គ្រាន់នោះទេ។ មួយទៀត កន្លែងទារកដ្ឋានតាមរោងចក្រកាត់ដេរភាគច្រើនទទួលមកថែក្មេងអាយុចាប់ពីមួយឆ្នាំកន្លះឡើងតែប៉ុន្មាន ព្រោះកុមារតូចត្រឹមបីខែលំបាកមើលថែរក្សាណាស់។នេះបើតាមការឱ្យដឹងពីរដ្ឋបាលរោងចក្រក្នុងរាជធានីភ្នំពេញប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំមួយដែលរៀបចំដោយអង្គការ Helen Kellerនៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ បញ្ហាកង្វះអ្នកមើលថែក្មេងនៅទារកដ្ឋានក្នុងរោងចក្រនេះដែរ ជាហេតុនាំឱ្យកម្មករខ្វះទំនុកចិត្តមិនហ៊ានប្រថុយយកកូនមកផ្ញើនៅទារកដ្ឋាននោះទេ ព្រោះខ្លាចកូនមានបញ្ហាកើតឡើងណាមួយជាយថាហេតុ។
កត្តាទី៣ គឺបញ្ហាសម្ភារៈក្នុងបន្ទប់បំបៅដោះកូននៅតាមរោងចក្រ។ នៅតាមរោងចក្រភាគច្រើនគឺមានបន្ទប់បំដៅដោះកូននៅក្នុងរោងចក្រនិងសហគ្រាស ព្រោះជាលក្ខខ័ណ្ឌតម្រូវផ្នែកច្បាប់ដែលតម្រូវឱ្យម្ចាស់រោងចក្រសហការធ្វើ។ តែបន្ទប់បំបៅដោះកូនតាមរោងចក្រមួយចំនួនមានតែសម្បកតែប៉ុណ្ណោះ ពុំមានសម្ភារៈបំរើដល់ការបំបៅដោះកូនគ្រប់គ្រាន់នោះទេ។ ក្នុងរឿងនេះ ជាជ្រុងមួយគឺយើងមិនភ្លេចកោតសរសើរអង្គការ Helen Keller មិនបាននោះទេ ព្រោះអង្គការដែលធ្វើការងារទាក់ទងអាហារូបត្ថម្ភរូបនេះតាមរយៈគម្រោងរបស់ខ្លួនបានខ្នះខ្នែងប្រឹងប្រែងកៀរគរថវិកាពីក្រៅប្រទេសដើម្បីជួយទិញសម្ភារៈដូចជាម៉ាស៊ីនបូមទឹកដោះ ទូទឹកកក កៅអី តុ កង្ហារ និងសម្ភារៈមួយចំនួនទៀតដាក់តាមរោងចក្រជាច្រើន។
តែយ៉ាងណា ការប្រឹងប្រែងនេះពុំទាន់គ្រប់គ្រាន់នៅឡើយទេ ដែលតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
សម្រាប់កត្តានៃបញ្ហាទាំងបីដែលបានលើកឡើងខាងលើមិនមែនថាគ្មានដំណោះស្រាយនោះទេ តែត្រូវរងចាំមើលឆន្ទៈរបស់រដ្ឋាភិបាលនិងក្រសួងសាមីនិងខាងម្ចាស់រោងចក្រ។ ការដែលនិយាយថា ចាំមើលឆន្ទៈទាក់រដ្ឋាភិបាល ព្រោះបើសិនជារដ្ឋាភិបាលដាក់ចេញនូវលក្ខខណ្ឌតម្រូវច្រើនជ្រុលពេកនោះខាងភាគីថៅកែរោងចក្រអាចលំបាកដាក់ទុនរកស៊ីនៅស្រុកខ្មែរ ហើយអាចរើរោងចក្រផ្លាស់ទៅប្រទេសដទៃ។
សម្រាប់ជាពុទ្ធិដោះស្រាយក្នុងរឿងនេះ លុះត្រាតែមានការសប្បទានគ្នាទៅវិញទៅមក។ ទាក់ទងការធ្វើដំណើរ គឺរដ្ឋាភិបាលត្រូវផ្តល់ជូននូវរថយន្តដឹកកម្មករដែលមានកូនតូចឱ្យមានផាកសុកភាព ពោលរថយន្តមានកៅអីអង្គុយស្រួលអាចនិយាយបានថាឡាននោះប្រហាក់ប្រហែលទៅនឹងឡានក្រុងរបស់សាលាក្រុង។ ឡានក្រុងរបស់សាលាក្រុងសព្វថ្ងៃធំទូលាយមានកន្លែងអង្គុយស្រួលបរិយាកាសល្អនិងបើកបរប្រើល្បឿនបានលឿនជារថយន្តក្រុងធម្មតា។ បើសិនរដ្ឋាភិបាលអាចបញ្ចេញរថយន្តក្រុងរបស់សាលារាជធានីមកដឹកកម្មាការិនីមានកូនតូចបានគឺល្អប្រសើរខ្លាំងណាស់ ហើយការចំណាយប្រតិបត្តិការណ៍ដឹកជញ្ជូនអាចជាការចំណាយលើម្ចាស់រោងចក្រនិងកម្មករតាមជាក់ស្តែង។
ចំណែកឯទារកដ្ឋាននិងបន្ទប់បំបៅដោះកូនក្នុងរោងចក្រ ជាឆន្ទៈរបស់ថៅកែរោងចក្រដែលត្រូវចំណាយថវិកាលើការបង្កើនអ្នកមើលថែក្មេងឱ្យបានច្រើន និងបំពាក់សម្ភារៈល្អៗទំនើបៗក្នុងបន្ទប់បំបៅដោះកូនឱ្យបានគ្រប់គ្រាន់ទើបអាចអន្ទង់ចិត្តកម្មករឱ្យយកកូនមករោងចក្រជាមួយបាន។ តែយ៉ាងណាការចំណាយលើការមើលថែក្មេង គួរណាស់កម្មករត្រូវចំណាយថវិកាខ្លះផងដែរ ដើម្បីអាចបន្តនិរន្តភាពនេះបានយូរអង្វែង។
ដំណោះស្រាយដែលលើកឡើងបីចំណុចនេះ អាចជាបន្ទុកដ៏ធ្ងន់ដល់ខាងរោងចក្រ។ ហើយដំណោះស្រាយនេះអាចនៅលើផ្លូវដ៏វែងឆ្ងាយក្នុងកិច្ចការពន្លឿនការងារអាហារូបត្ថម្ភតាមរោងចក្រ។
មកដល់ត្រឹមនេះ យើងមានដំណោះស្រាយដ៏ល្អមួយចំនួនសម្រាប់ដោះស្រាយឱ្យការបំបៅដោះកូននៅតាមរោងចក្រមានវឌ្ឍនភាពទៅមុខ។
សម្រាប់កម្មាការិនីដែលមិនអាចនាំកូនតូចតាមខ្លួនដល់រោងចក្របានហើយចង់ឱ្យកូនបានបៅទឹកដោះម្តាយបានពេញលេញគឺត្រូវប្រើម៉ាស៊ីនបូមទឹកដោះ។ ម៉ាស៊ីបូមទឹកដោះនេះអ្នកម្តាយអាចរកទិញតាមទីផ្សារបាន ហើយបូមទឹកដោះច្រក់ទុកក្នុងដបរក្សាទុកក្នុងទូទឹកកកសម្រាប់ឱ្យកូនបៅពេលខ្លួនមកធ្វើការ។ មួយទៀតដែល កម្មាការិនីអាចឆ្លៀតពេលទំនេរឬសុំការអនុញ្ញាតមកបូមទឹកដោះទុក ព្រោះថានៅតាមរោងចក្រដែលអង្គការ Helen Keller បានជួយមានសម្ភារៈគ្រប់គ្រាន់ពិសេសមានម៉ាស៊ីនបូមទឹកដោះនិងទូរក្សាទុកទឹកដោះនេះ។ រឿងសម្ភារៈក្នុងបន្ទប់បំបៅកូននេះ ភ្នាក់ងារអធិការកិច្ចនៃក្រសួងការងារត្រូវចុះទៅពិនិត្យឱ្យបានគត់មុតនិងចាប់បង្ខំឱ្យខាងម្ចាស់រោងចក្រយ៉ាងហោចណាស់ត្រូវបំពាក់សម្ភារៈឱ្យបានគ្រប់គ្រាន់ដែរ។ សម្រាប់បរិបទកម្ពុជាវិធីសាស្រ្តអាចនិយាយបានថា ធ្វើឱ្យកុមារតូចកូនរបស់កម្មាការិនីកាត់ដេរអាចបានទទួលទឹកដោះម្តាយបានគ្រប់គ្រាន់ និងអាចកាត់បន្ថយការចំណាយលើការទិញផលិតផលជំនួយទឹកដោះម្តាយ ពោលគឺម្ស៉ៅទឹកដោះគោកំប៉ុងបាន។
មូលហេតុដែលប្រឹងលើកឡើងនិងផ្តល់វិធីសាស្រ្តគ្រប់បែបយ៉ាងនេះ ដើម្បីជំរុញឱ្យមានការបំបៅកូនដោយទឹកដោះម្តាយនេះ ត្បិតថា ទឹកដោះម្តាយមានគុណប្រយោជន៍និងគុណតម្លៃឥតគណនា។
ទឹកដោះម្តាយមានផ្ទុករាល់សារជាតិចិញ្ចឹមទាំងអស់ដែលទារកត្រូវការ ដោយមិនចាំបាច់បន្ថែមអាហារ ឬទឹក ឬភេសជ្ជៈអ្វីជំនួសក្នុងរយៈពេល ៦ខែដំបូងនៃជីវិតកុមារ។ សារធាតុចិញ្ចឹមសំខាន់ៗដែលមានក្នុងទឹកដោះម្តាយរួមមាន ជាតិប្រូតេអ៊ីនជួយដល់ការលុតលាស់កុមារ ជាតិស្ករឡាក់កូសជួយផ្តល់កម្លាំងថាមពល ជាតិខ្លាញ់ជួយទ្រទ្រង់កោសិការាងកាយ រក្សាស៊ីតុណ្ហភាពឱ្យមានលំនឹង។ ជាងនេះក្នុងទឹកដោះម្តាយសម្បូរទៅដោយពពួកជីវជាតិនិងរ៉ែខនិជ ជីវជាតិ A B C និងD ព្រមទាំងមានសារជាតិដែក ប៉ូតាស្យូម កាលស្យូមជាដើមដែលអាចការពារកុមារពីជំងឺនានាបានយ៉ាងល្អប្រសើរ។
មួយទៀតដែល ភស្តុតាងផ្នែកវិទ្យាសាស្រ្តវិញរកឃើញថា ការបំបៅទឹកដោះម្តាយទៅកូនភ្លាមអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលរួចអាចជួយទប់ស្កាត់មរណភាពទារកបានប្រហែល ២០%។ ចំណែកកុមារដែលបានបៅទឹកដោះម្តាយតែមួយមុខគត់រយៈ ៦ខែអាចកាត់បន្ថយជំងឺរាករូសបាន១១ដង និងជំងឺរលាកសួតបាន១៥ដង បើធៀបនឹងកុមារមិនបានបៅទឹកដោះម្តាយបានជាប់លាប់។
តែជាអកុសល បើទោះបីជាទឹកដោះម្តាយមានគុណប្រយោជន៍យ៉ាងមហាសាលក្តី តែម្តាយភាគច្រើនដែលរស់នៅតាមទីក្រុង ឬទីប្រជុំជន បានបោះបង់ចោលការបំបៅកូនដោយទឹកដោះម្តាយ ហើយប្រើប្រាស់ផលិតផលជំនួសទឹកដោះម្តាយដោយឱ្យកូនបៅម្ស៉ៅទឹកដោះគោកំប៉ុងទៅវិញ។ មូលហេតុដែលម្តាយមួយចំនួនសម្រេចបោះបង់ចោលការបំបៅកូនដោយទឹកម្តាយក៏ព្រោះមូលហេតុរវល់ភារកិច្ចការងារ និងការរកស៊ី ចាញ់លង់ក្នុងការផ្សព្វផ្សាយពីគុណភាពម្ស៉ៅទឹកគោកំប៉ុងមានគុណប្រយោជន៍ជាងទឹកដោះម្តាយ ការអនុវត្តលើអនុក្រឹត្យលេខ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារនៅមានកម្រិត និងការយល់ច្រលំថា ការបំបៅកូនធ្វើឱ្យខូចទ្រង់ទ្រាយដើមទ្រូងម្តាយ។
អំណឹះតទៅ សូមអ្នកម្តាយគ្រប់រូបប្រគល់ដើមទ្រូងឱ្យកូនបានគេងបៅ ស្តាប់សូរសំឡេងបេះដូងរបស់អ្នកដែលឡូតឌុកដាក់ៗ បីដូចសូរនៃដូរតន្ត្រីប្រគុំបំពេរអារម្មណ៍ឱ្យលុងលក់ក្នុងដំណេកដែលមិនខ្វល់ពី លាភ យស ឋានៈ បុណ្យស័ក្កិ និងការប្រកួតប្រជែងរបស់មនុស្សសម័យឧស្សាហកម្ម ៤.០៕