អាជ្ញាធរជាតិអប្សរា ធ្វើកំណាយអតីតទីតាំងកន្លែងលក់ដូរវត្ថុអនុស្សាវរីយ៍របស់អាជីវករនៃក្លោងទ្វាទន្លេអុំ បានប្រទះឃើញព្រះកេសអសុរា កម្ពស់៦០ សង់ទីម៉ែត្រ ទទឹង៦៥សង់ម៉ែត្រ និងកម្រាស់៥៩សង់ទីម៉ែត្រ ដូចគ្នានិងអសុរាទាញព្រ័ត្រ នៅតាមខ្លោងទ្វារទាំង៤ផ្សេងទៀតនៃក្រុងអង្គរធំ។
ការធ្វើកំណាយនេះធ្វើឡើងរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រោយចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករនៅមុខខ្លោងទ្វារចូលក្រុងអង្គរធំនាប៉ែកខាងកើតនៃស្ពានទន្លេអុំ ឱ្យល្អប្រសើរឡើងវិញ។
ព្រះកេសអសុរាធ្វើពីថ្មភក់ ដែលគេប្រទះឃើញនេះ គឺស្ថិតក្នុងរចនាបថបាយ័ន នៃរាជព្រះបាទជ័យវរ្ម័នទី៧ ដូចគ្នានឹងអសុរាទាញព្រ័ត្រ នៅតាមខ្លោងទ្វារទាំង៤ផ្សេងទៀតនៃក្រុងអង្គរធំដែរ។ បច្ចុប្បន្ន ព្រះកេសអសុរានេះ ក្រុមការងារយកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីលាងសម្អាត និងជួសជុលតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ។
បន្ទាប់មកក្រុមការងារនឹងសិក្សាដើម្បីស្វែងរកដងខ្លួនដើមនៃចម្លាក់នោះ មុននឹងយកទៅផ្គុំឡើងវិញ។ មន្ត្រីអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា តាមការអះអាងរបស់អ្នកភូមិ កន្លែងដែលគេប្រទះឃើញព្រះកេសអសុរានេះ គឺធ្លាប់ជាការដ្ឋានជួសជុលខ្លោងទ្វារទន្លេអុំ កាលពីសម័យបារាំង។ បច្ចុប្បន្នតាមការពិនិត្យនៅទីតាំងនោះជាក់ស្តែង ឃើញថាមាននៅសេសសល់បំណែកដៃ ជើង ដងខ្លួននាគ ព្រមទាំងចម្លាក់ទេវតា និងអសុរាទាញព្រ័ត្រជាច្រើនបំណែកទៀតដែលនៅរប៉ាត់រប៉ាយពេញក្នុងបរិវេណនោះ។