en     km
en     km

រដ្ឋមន្រ្តីកសិកម្មទើបចូលកាន់តំណែងថ្មីចាប់ផ្តើមចុះមូលដ្ឋានមើលកសិកររងគ្រោះដោយទឹកជំនន់

Share

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​លោក ឌិត ទីណា ដែលទើបចូលកាន់តំណាងថ្មីថ្មោងបានចុះតាមបណ្តាខេត្តមួយចំនួនដែលមានប្រជាកសិកររងគ្រោះដោយ​ទឹក​ជំនន់។ ការចុះទៅពិនិត្យផលប៉ះពាល់ជាក់ស្តែងនេះ បន្ទាប់ពីលោក ឌិត ទីណា ទទួលបានការចង្អុលបង្ហាញពីនាយករដ្ឋមន្រ្តីឱ្យគិតគូរផ្តល់ជំនួយជាបន្ទាន់ដល់ប្រជាកសិករដែលកំពុងរងគ្រោះដោយសារទឹកជំនន់។

នេះបើតាមទំព័រហ្វេសប៊ុករបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មបង្ហោះនៅថ្ងៃនេះ។ តាមការសរសេររបស់លោករដ្ឋមន្រ្តីកសិកម្មថ្មីបានឱ្យដឹងថា លោកចាំបាច់និងបន្ទាន់ណាស់ដើម្បីធានាថា ប្រជាកសិករទទួលពូជស្រូវសម្រាប់ដាំដុះឡើងវិញទាន់ពេលវេលា នៅពេលដែលទឹកចាប់ស្រក់ទៅវិញ។

លោក ឌិត ទីណា ពិនិត្យមើលស្រូវត្រូវទឹកលិច។រូបភាពពីហ្វេសប៊ុកលោក ឌិត ទីណា។

 

បេសកកម្មតាមខេត្តរបស់លោក ឌិត ទីណា នេះចាប់ផ្ដើមជាផ្លូវការនៅតាមបណ្តាទីតាំងដែលមានប្រជាកសិកររងគ្រោះដោយទឹកជំនន់ ដើម្បីចែកជូននូវជំនួយសម្រាប់ស្តារឡើងវិញនូវការខូចខាត។ ជាងនេះជំនួយនេះ ផ្ដល់ជូនសម្រាប់កសិករដែលមានផ្ទៃដីអាចស្ដារឡើងវិញបាន និងបានស្នើសុំពូជពីរាជរដ្ឋាភិបាល។នេះបើតាមការបន្ថែមរបស់លោក ឌិត ទីណា។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានបញ្ចេញស្បៀងជូនប្រជាពលរដ្ឋចំនួនជាង ១ម៉ឺន៨ពាន់គ្រួសារ។ ចំណែកខេត្តដែលរងផលប៉ះពាល់មានខេត្តកំពង់ធំ ចំនួនជាង ៨ពាន់គ្រួសារ។ ខេត្តបន្ទាយមានជ័យ ចំនួនជាង ៣ពាន់គ្រួសារ។ ខេត្តបាត់ដំបង ចំនួន ១ពាន់គ្រួសារ។ ខេត្តព្រះវិហារ ចំនួន ២៤៧គ្រួសារ ។ ខេត្តឧត្តរមានជ័យ ចំនួន ២៥០គ្រួសារ និង ខេត្តសៀមរាប ចំនួន ៦ពាន់គ្រួសារ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិនេះ ក្រសួងពាណិជ្ជកម្មបាន និងកំពុងធ្វើសកម្មភាពឆ្លើយតប ដោយប្រើប្រាស់ស្បៀងបម្រុងរដ្ឋចែកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងត្រៀមខ្លួនចូលរួមដោះស្រាយ និងវាយតម្លៃលើផលប៉ះពាល់ដោយសារទឹកជំនន់នេះ៕

 

 

 

Share

ព័ត៌មានទាក់ទង

Image